រឿង បុរសកាប់ឈើមិនសំលៀងប៉ូវថៅ (តចប់)
ចំណេះដឹងនៅជុំវិញខ្លួន ដែលយើងបានមកពីគ្រូអាចារ្យ
ពីសៀវភៅក្បួនច្បាប់ផ្សេងៗ ទស្សនាវដ្ដី កាសែត ព្រឹត្តិបត្រ លិខិតបណ្ណនានា ។
ភាពរីកចម្រើនក្នុងយុគសម័យនេះ អ៊ីនធើណែត ទូរទស្សន៍ ទូរសព្ទ តាមប្រព័ន្ធសង្គមផ្សេងៗ
ជាច្រើន ដែលមិត្តភក្ដិស៊ែរចែករំលែកឲ្យមើលយ៉ាងផុសផុល ពីចៅហ្វាយ ពីនាយោជក និយោជិត
ពីអតិថជន ពីកន្លែងការងារ និងមកពីមហាជនដែលនៅជុំវិញពិភពលោក
ដែលយើងបានជួប បានទាក់ទងប្រាស្រ័យគ្នាទៅវិញទៅមកមិនដាច់រយៈ ។
ក្នុងប្លក់ជំនួញ ធុរកិច្ចក្នុងស្រុកទេសជិតខាងយើង
ទាំងថៅកែ និងអ្នកចាត់ការច្រើននាក់ ដែលមានបទពិសោធជោគជ័យក្នុងកិច្ចការដែលខ្លួនធ្វើ
បាននិយាយដូចៗគ្នាថា៖
ពេលណាក៏ដោយ ដែលយើងឈប់នៅនឹងកន្លែង មិនស្វែងរកចំណេះវិជ្ជា នោះមានន័យថា
យើងកំពុងតែបោះជំហានថយក្រោយហើយ ក្នុងខណៈពេលដែលអ្នកដទៃកំពុងបោះជំហានទៅមុខយើង ។
លោក ចែក វិល អ្នកគ្រប់គ្រងមនុស្សដ៏សំខាន់ម្នាក់នៃសតវត្សរ៍ទី២១នេះ
បុគ្គលដែលបានទទួលការពេញនិយមច្រើនបំផុត ក្នុងកំឡុងពេលដែលលោកធ្វើជាប្រធានក្រុមហ៊ុន GE electronic ltd. ដែលជាក្រុមហ៊ុនដ៏ធំជាប់លំដាប់ទីផ្សារលុយរាប់លានដុល្លារក្នុងមួយឆ្នាំៗ
និងអ្នកចាត់ការដែលមានតម្លៃខ្ពស់បំផុតក្នុងលោក ជាប់គ្នាអស់ជាច្រើនឆ្នាំ ។
លោក ចែក វិល ម្នាក់នេះ ចាប់ផ្ដើមពីធ្វើជាកូនឈ្នួលគេមានលំដាប់ទាប
ឬលំដាបថោកក្នុងផ្នែកប្លាស្ទិក ។ ក្នុងមួយជីវិតនោះ លោកមិនធម្មតាទេ
ពីព្រោះលោកបានចំណាយពេលវេលាទាំងអស់ដែលលោកមាន
ទៅជាមួយការស្រែកឃ្លានចំណេះដឹងប្រភេទពិសេសៗ ។ ទាំងអស់នេះហើយ
ដែលជាប្រយោជន៍ដើម្បីភាពជោគជ័យក្នុងអាជីពទៅគ្រប់ពេល
ដោយសារតែរូបលោកមានចំណេះដឹងជាកាំជណ្ដើរ ធ្វើឲ្យរូបលោកទទួលបានជោគជ័យបែបផ្សងព្រេង
ដែលមានមនុស្សម្នាតិចនាក់ណាស់ក្នុងលោកនេះ អាចនឹងធ្វើបាន ។
លោកមានគុណសម្បត្តិពិសេស ដែលអាចសាងវិវឌ្ឍនាការ ការទទួលដឹងដោយការបើកចិត្តទទួលយកចំណេះដឹងថ្មីៗ
តាមរបៀប ៣៦០ អង្សា ។ ការស្វែងរកប្រភពចំណេះដឹងឲ្យខ្លួនឯង ដោយគ្មានពេលឈប់សម្រាក
ក្នុងថ្ងៃដែលរូបលោកបានទទួលកិត្តិយស មានមនុស្សមកលើកសរសើរ លោកទទួលបានការអញ្ជើញទៅធ្វើសុន្តរកថាឲ្យមនុស្សស្ដាប់
ដែលពួកគេទាំងនោះមកស្ទើរតែជុំវិញពិភពលោក ហើយលោកតែងបញ្ជាក់ក្នុងការធ្វើសុន្តរកថារាល់លើកថា៖
“បើសិនខ្ញុំចាប់ផ្ដើមផ្អាកឈប់រៀននៅពេលណា
ខ្ញុំក៏អាចលែងមានជីវិតរស់នៅក្នុងពេលនោះដែរ ហើយការរៀននោះទៀតសោត មានន័យថា
ការព្រមទទួលយកការប្រថុយប្រថានដោយមិនចាំបាច់ខ្លាចបាក់មុខបាក់មាត់ឡើយ” ។
មនុស្សដូចជារូបលោក ចែល វិល ដែលមានជីវកម្មក្នុងការគ្រប់គ្រងនោះ
ប្រើពេលក្នុងមួយថ្ងៃៗ អង្គុយសំលៀងសតិបញ្ញាឲ្យមុតស្រួចរហូត
ដើម្បីដឹកនាំអង្គភាពស្ថាប័ន និងជីវិតរបស់លោកឲ្យទៅដល់គោលដៅ ដែលបានកំណត់ទុក ។
ប៉ុន្តែទទួលរ៉ាប់រងបានមួយយ៉ាងថា សេចក្ដីសុខក្នុងជីវិតរបស់យើងនោះ ក៏មិនតិចជាង
លោក ចែក វិល ប៉ុន្មានទេ ។
ព្រោះប្រសិនបើយើងចេះប្រើប្រាស់បញ្ញា ចេះប្រើទស្សនវិស័យ
និងចាប់ផ្ដើមធ្វើ រួមទាំងការដោះស្រាយបញ្ហានានា ដែលកើតឡើងបាន គិតបាន
និងធ្វើបានក្នុងរបៀបច្បាប់វិន័យរបស់យើងដូចគ្នា ។
មានរឿងសំខាន់មួយទៀត មិនចាញ់ការសំលៀងប៉ូវថៅ
ដែលម្ចាស់ហាងលក់អុសណែនាំឲ្យបុរសកាប់អុសនោះ គឺការអង្គុយចុះឈប់សម្រាកត្រិះរិះពិចារណា
ប្រៀបដូចជាយកទឹកត្រជាក់ស្រេបមកស្រោចចាក់ពន្លត់កំដៅក្នុងជីវិតដ៏សែនក្ដៅឲ្យត្រជាក់ចុះវិញ
កាត់បន្ថយភាពអន្ទះសាបែបភ្លេចមុខភ្លេចក្រោយ ឲ្យដើរយឺតៗ តាមបែបមានសតិគ្រប់គ្រង ឬដែលមនុស្សសម័យថ្មីនេះគេនាំគ្នាហៅថា Slow life ឬដំណើរយឺតៗមួយៗ
បែបសិល្បះនៃការប្រើជីវិតទៅយ៉ាងរលូន ។
ដើម្បីឲ្យយើងមានពេលច្រើន បានគយគន់មើលសោភ័ណភាពក្នុងជីវិត
ដែលយើងអាចនឹងមើលរំលងហួស ព្រោះតែការគិតលឿនរហ័សពេក
កាលបើបានក្រឡេកមើលដល់បញ្ហាដែលកំពុងកើតឡើងយ៉ាងប្រាកដ ។
ព្រោះបើខំប្រឹង កាន់តែធ្វើទៅដោយគ្មានគោលដៅ
មើលឃើញទំនងជាមិនសម្រេចសោះ វាកាន់តែធ្វើឲ្យហេតុការណ៍រឿងរ៉ាវផ្សេងៗ ដល់ចំណុចស្ត្រេសអារម្មណ៍បំផុត
ហើយថ្ងៃមួយវាក៏អាចនឹងដាច់ ទាល់តែកើតនូវការបង់ខាតយ៉ាងធំធេង
ទៅហួសពីដែនសមត្ថភាពរបស់ខ្លួនដែលអាចដោះស្រាយបាន ។
រឿងការងារក៏ទៅដោះស្រាយរឿងការងារ បើនៅមិនទាន់យល់ច្បាស់លាស់ទេ
ទៅស្វែងរកចំណេះមកបន្ថែម ទៅរកមនុស្សឲ្យគេមកជួយសម្រេច បើរាំងស្ទះនៅត្រង់ណា
ក៏ឲ្យរកផ្លូវទៅដោះស្រាយនៅត្រង់នោះ ។
រឿងប្រាក់កាក់ ក៏ទៅដោះស្រាយត្រង់ប្រាក់កាក់
ខ្ទង់ចំណាយច្រើនជាងខ្ទង់ចំណូល ក៏ព្យាយាមចំណាយឲ្យមានសមតុល្យគ្នា ពិភាក្សារកច្រករកប្រាក់បន្ថែមឡើង
មានបំណុលក៏សូមឲ្យបន្ធូរបន្ថយប្រោះប្រាណប្រណីគ្នាខ្លះ ។
រឿងគ្រួសារក៏ត្រូវដោះស្រាយត្រង់រឿងគ្រួសារ បើមិនទាន់យល់ចិត្តគ្នាទេ
ត្រូវមកអង្គុយចុះជជែកគ្នាឲ្យយល់ កុំយករឿងឯណាឯណីមកលាយឡំច្របូកច្របល់គ្នា
ដូចជាស្វាជាប់សំណាញ់ កូនចៅនាំគ្នារត់ចូលអស់ មិនមានផ្លូវណាអាចដោះស្រាយបាន ។
ការឈប់សម្រាកដើម្បីរំលឹកឡើងវិញនោះ មិនមែនមានន័យថា យើងត្រូវព្រមចុះចាញ់
ឬគេចវេសពីបញ្ហានោះទេ ។
ប៉ុន្តែយើងកំពុងឈប់ស្ងៀម ដើម្បីតាំង “សតិ”
មើលថាតើបញ្ហាដែលកើតឡើងចំពោះមុខនោះ វាកើតមកពីអ្វីឲ្យប្រាកដការ? កាលណាយើងដឹងថា
តើដើមបង្កហេតុមកពីណា? យើងក៏អាចនឹងដោះស្រាយឲ្យទាន់ពេលមិនឲ្យខុសចំណុចហេតុនោះ ។
ហើយពេលកើតមានបញ្ហា ឬវិបត្តិផ្សេងៗ មិនថាជារឿងលុយកាក់
គ្រួសារ ការងារដែលមិនបានជោគជ័យ ឬត្រូវគេបញ្ឈប់ពីការងារ រឿងដែលជាអាទិភាពមុនគេ
មានលំដាប់ដំបូងគេគឺ “សតិ” បើសតិបែកខ្ញែកហើយ វាគ្មានធ្វើអ្វីកើតឡើយ
ហើយវាក៏ធ្វើឲ្យហេតុការណ៍នោះ កាន់តែអាក្រក់ឡើងៗ ។
សតិនោះមានន័យថា រលឹកបាន រង្វាស់នៃការស្ទាបស្ទង់ចិត្តបាន
និងហៅម្យ៉ាងទៀតថា “មិនមានសេចក្ដីប្រមាទ” ធ្វើឲ្យមានការរលឹកដឹងខ្លួនជានិច្ច
មិនឲ្យរវើរវាយភ្លើភ្លេចការពារសេចក្ដីវិនាសខាងដើម ដែលជាហេតុជំរុញឲ្យមានការគិតគូរ
ស្ទាបស្ទង់ចិត្តមិនឲ្យបែកប្រសេចប្រសាច តែបើសិនខ្វះសតិហើយ
ក៏ជាហេតុធ្វើអ្វីខុសភ្លាំងភ្លាត់ និងមានការខូតខាតទៅជារឿយៗជាក់ជាមិនខាងឡើយ ។
សតិនោះកើតឯកឯងមិនបាន ត្រូវធ្វើឲ្យកើតឡើងដោយការហ្វឹកហាត់
មកពីការប្រមូលរួបរួមចិត្តឲ្យនឹងន តាមវិធីសាស្ត្រផ្សេងៗ មានដូចជា ធ្វើសមាធិ
សូធ្យធម៌ថ្វាយបង្គំព្រះ អង្គុយចម្រើន អង្គុយសម្រាកចិត្តឲ្យស្ងប់ស្ងាត់ ។
ពេលមានបញ្ញា ក៏អាចទៅដល់ចំណុចដែលកើតឡើងនៃបញ្ហាបាន ។
កាលបើបានដឹងពីមូលហេតុនៃបញ្ហាហើយ យើងត្រូវចេះវិធីដោះស្រាយ
និងចាប់ផ្ដើមកែខៃ ចាប់ផ្ដើមធ្វើភ្លាមៗ វាក៏អាចសម្រេចបានភ្លាមៗដែរ ។
បើសិនមានត្រឹមតែបញ្ញា ស្គាល់ពីបញ្ហាហើយ មានទស្សនវិស័យហើយថា ត្រូវធ្វើយ៉ាងម៉េច
ប៉ុន្តែមិនបានចាប់ផ្ដើមធ្វើ បញ្ហាទាំងអស់នោះក៏មិនបានបាត់ទៅណាដែរ
អាចនឹងធ្ងន់ធ្ងរជាងដើមក៏មិនដឹង បើសិនយើងនៅស្ងៀមព្រងើយនោះ ។
យើងត្រូវព្យាយាមតាំងសតិ និងប្រើបញ្ញាឲ្យបានច្រើនបំផុត
ដែលអាចធ្វើទៅតាមគ្រប់វិធី គ្រប់មធ្យោបាយ គ្រប់ផ្លូវ ហើយវានៅតែដោះស្រាយមិនរួចទៀត
ក៏ត្រូវប្រញាប់ប្រញាល់ទៅរកមនុស្ស ដែលពូកែៗ មានសមត្ថភាពជាងឲ្យមកជួយដោះស្រាយឲ្យបាន
ព្រោះរឿងខ្លះ បញ្ហាខ្លះ យើងត្រូវព្រមទទួលជាមួយនឹងការពិតថា
នៅមានមនុស្សពូកែៗជាងច្រើនទៀតក្នុងលោកនេះ ។
កាត់បន្ថយទិដ្ឋិ កាត់បន្ថយអញ របស់អញចេញ វានឹងទៅដោះស្រាយអ្វីៗក៏ងាយស្រួលឡើង ។
មនុស្សច្រើនណាស់ មានចំណេះដឹងពេញខ្លួន តែយោងអាត្មាមិនរួច
ព្រោះតែប្រើបញ្ញាទៅដោះស្រាយមិនត្រូវចំណុច ដូចជាយើងរមាស់ខ្នង តែយកដៃទៅអេះឯក្បាល
សួរថា តើបាត់រមាស់ដែរឬយ៉ាងម៉េច?
ដូច្នោះការប្រើបញ្ញាទៅដោះស្រាយបញ្ហាត្រូវដោះឲ្យចំបញ្ហានោះ ។
កាលបើបញ្ហាបានទទួលដោះស្រាយ យើងក៏អាចជួបសេចក្ដីសុខជាមួយភាពជោគជ័យ
ហើយអ្វីដែលសំខាន់នោះ សូមឲ្យជឿថា មិនមានបញ្ហាណាក្នុងលោកនេះ
ដែលមនុស្សដោះស្រាយមិនចេញនោះទេ ដូចជាព្រះលោកនាថជាម្ចាស់នៃយើង
ព្រះអង្គទ្រង់បង្រៀនទូន្មានអប់រំយើងគ្រប់គ្នាថា៖
បញ្ហាមក... បញ្ញាក៏កើត...
..........................................................
ប្រែ.គោលគំនិតល្អដើម្បីជីវិត
ពីសៀវភៅ Grown Up Story, page 61-71
រូបភព៖ google.com
No comments:
Post a Comment