Tuesday, December 19, 2017

ហេតុនៃសេចក្ដីវិនាសប្រការទី១ ការដេកដល់ថ្ងៃខ្ពស់


ហេតុនៃសេចក្ដីវិនាសប្រការទី១ ការដេកដល់ថ្ងៃខ្ពស់

និទានធម្មៈ ហេតុនៃសេចក្ដីវិនាសប្រការទី ១ ការដេកដល់ថ្ងៃរះខ្ពស់...ក្នុងសម័យពុទ្ធកាល មានព្រាហ្មណ៍ម្នាក់ កើតមានសេចក្ដីសង្ស័យថា ព្រះពុទ្ធជាម្ចាស់ ព្រះអង្គទ្រង់បង្រៀនអប់រំទូន្មានចំពោះរឿងគុណធម៌ អំពើល្អទាំងនោះ ក៏ទ្រង់គង់ជ្រាបតែរឿងអំពើល្អសេចក្ដីចម្រើនប៉ុណ្ណោះ ទ្រង់មិនជ្រាបដល់រឿងសេចក្ដីវិនាសសាបសូន្យទេមើលទៅ ទើបចូលទៅក្រាបទូលសួរព្រះពុទ្ធអង្គថា “បពិតព្រះអង្គដ៏ចម្រើន តើព្រះអង្គទ្រង់ជ្រាបរឿងសេចក្ដីវិនាសសាបសូន្យខ្លះដែរៗឬអត់?” ព្រះពុទ្ធបរមគ្រូ ព្រះអង្គទ្រង់ត្រាស់ប្រកាសសំដែងតបថា “តថគតពុំមែនជ្រាបរឿងសេចក្ដីល្អសេចក្ដីចម្រើនតែម្យ៉ាងនោះទេ សូម្បីតែរឿងសេចក្ដីវិនាសសាបសូន្យក៏តថាគតជ្រាបដែរ” ។ ស្រេចហើយ ទើបព្រះអង្គទ្រង់ត្រាស់ប្រាប់ ហេតុនៃសេចក្ដីវិនាស រួមមកមាន ៦ ប្រការ ព្រះអង្គទ្រង់បញ្ជាក់ថា បើសិនបុគ្គលណាប្រព្រឹត្តធ្វើហេតុទាំង ៦ ប្រការនេះ នឹងត្រូវជួបប្រសព្វជាមួយសេចក្ដីវិនាសដោយពិត ។

ហេតុនៃសេចក្ដីវិនាស ៦ ប្រការគឺ៖
១) ការដេកដល់ថ្ងៃខ្ពស់
២) សេចក្ដីខ្ជិលច្រអូស
៣) ភាពកាចសាហាវ
៤) ថាម្ងៃជាម្ងៃ
៥) ធ្វើដំណើរផ្លូវឆ្ងាយតែម្នាក់ឯង
៦) ការលបលួចស្នេហាជាមួយគូគ្រងអ្នកដទៃ។

ហេតុនៃសេចក្ដីវិនាស ប្រការទី ១ គឺការដេកទ្រមក់ទាល់តែដល់ថ្ងៃរះនោះ ប្រែថា ដេកស្រពឹកស្រពន់អែនអនងើបឡើងលើកដៃលើកជើងមិនរួច ឬអាចនិយាយបានថាក្រោកឡើងយឺត តែតាមន័យត្រង់ គឺជាមនុស្សគិតតែពីរឿងដេក ។ តាមពិតទៅ ការដេកពួននេះជារឿងចាំបាច់សម្រាប់ជីវិតក៏ពិតហើយ តែបើសិនដេកច្រើនហួសហេតុពេក ក៏ជាទោសបានដូចគ្នា ។ ផ្នែកខាងវិជ្ជសាស្ត្របានពោលទុកថា តាមធម្មតាទារកដែលកើតមកថ្មីៗដេកក្នុងមួយថ្ងៃៗពី ១៨ ទៅ ២០ ម៉ោង ក្មេងដែលកំពុងរីកចម្រើនលូតលាស់ធំធាត់ដេកក្នុងមួយថ្ងៃៗពី ១២ ទៅ ១៤ ម៉ោង មនុស្សធំពេញវ័យធ្វើការងារដេកក្នុងមួយថ្ងៃៗពី ៧ ទៅ ៩ ម៉ោង និងមនុស្សដែលមានអាយុចាស់ច្រើនដេកក្នុងមួយថ្ងៃៗពី ៥ ទៅ ៧ ម៉ោង ។ ចំណែកអ្នកប្រាជ្ញខាងគតិធម៌បានពោលទុកថា យប់អាធ្រាត្រ ១២ ម៉ោងនោះ អ្នកទទួលខុសត្រូវប្រទេសជាតិ ឬរដ្ឋអំណាចដេកត្រឹមតែ ៣ ម៉ោង អ្នកប្រាជ្ញរាជបណ្ឌិតដេក ៦ ម៉ោង ពួកឈ្មួញ អ្នកធុរកិច្ច ដេក ៩ ម៉ោង ហើយសត្វតិរច្ឆានដេកពេញទាំង ១២ ម៉ោង ។

តាមដែលដឹងទូទៅនោះ ការដេកស្ពឹកស្រពន់ មិនរហ័សរហួនឆាប់ងើបឆាបក្រោក ធ្វើឲ្យបាត់បង់ឱកាស ដែលខ្លួននឹងធ្វើការរកស៊ី ប្រកួតប្រជែងជាមួយអ្នកដទៃ ប៉ុន្តែតាមការពិត ទោសនៃការដេកស្ពឹក ឬគិតតែពីដេក នៅមានច្រើនទៀត មានការងារខ្លះ ដូចជា នៅវេនយាម ឬការពារសុវត្ថិភាព បើសិនគិតពីដេកពេក សេចក្ដីវិនាសនឹងកើតឡើងប្រាកដ ។ បើយោងទៅតាមអ្នកប្រាជ្ញ ទាំងផ្លូវលោក និងផ្លូវធម៌ដែលបានពោលទុកមកនោះ កាន់តែដេកច្រើនប៉ុនណា គុណតម្លៃនៃជីវិត និងឱកាសដែលនឹងធ្វើប្រយោជន៍ឲ្យដល់ខ្លួនឯង និងសង្គមជាតិ ក៏កាន់តែថយចុះប៉ុណ្ណោះ ។ ការគ្មានប្រយោជន៍ហ្នឹងឯង គឺជាសេចក្ដីវិនាសរបស់ជីវិតដូច្នោះឯង តើអ្នកមិនចង់ជួបសេចក្ដីវិនាស ចូរកុំដេកសំកុកយូរពេក ឬគិតតែពីដេកជាដាច់ខាត ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត
រូបភាព៖ Google.com

No comments:

Post a Comment