Tuesday, December 19, 2017

រឿងធម្មតា


រឿងធម្មតា

ធម្មៈមុនចូលដេក ប្រចាំថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត សូមដកស្រង់តាមគេហទំព័រ និងសៀវភៅផ្សេងៗមកចុះផ្សាយ ទុកជាការអប់រំ គ្រាន់នឹងបានជាគ្រឿងប្រដាប់សតិបញ្ញារបស់ខ្លួនក្នុងការទ្រុសត្រាយបញ្ហាស្មុគស្មាញទាំងឡាយក្នុងជីវិត ឬក៏ជួយកាត់បន្ថយភាពតានតឹងមួយគ្រាៗថា ក្នុងលោកនេះ មិនមែនមានតែយើងម្នាក់ទេដែលមានបញ្ហា ។

ក្នុងលោកនេះ គ្មានមនុស្សណាកើតមកដែលឥតមានបញ្ហាជីវិតទេ គ្រាន់តែមានតិចនិងច្រើនជាងគ្នាប៉ុណ្ណោះ ឲ្យអត់សោះនោះគឺគ្មានឡើយ ដោយហោចទៅ ក៏ជួបបញ្ហាកើត ចាស់ ឈឺ ស្លាប់ ដែលជារឿងសាមញ្ញរបស់មនុស្សសត្វក្នុងលោកមួយនេះ ។ តើរឿងធម្មតាក្នុងបរិបទនេះ ចង់លាតត្រដាងបង្ហាញអំពីអ្វីខ្លះ?

រឿងធម្មតាគឺសម្រាប់រឿងធម្មតានោះ មានន័យថា រឿងដែលគ្មានអ្វីចម្លែក គ្មានរឿងអ្វីគួរឲ្យអស្ចារ្យសោះ តែមនុស្សទូទៅ ច្រើនតែបានផ្ដល់នូវភាពសំខាន់តិចជាងរឿងមិនធម្មតា ដែលកើតមានឡើងប្រាកដការណ៍ពិសេស ជួនកាលអាចដល់ថ្នាក់មើលរំលងហួស មិនខ្ចីចាប់អារម្មណ៍លើឲ្យតែខាត់ខូចពេលវេលារបស់ខ្លួន ប៉ុន្តែក្នុងជីវិតរបស់មនុស្សយើងនេះមានរឿងធម្មតា ៥ យ៉ាង ដែលមនុស្សយើងមិនអាចមើលរំលងបានជាដាច់ខាត ពោលគឺ៖

១) ជរាធម្មតា ត្រូវចាស់ជរាទៅជាធម្មតា
២) ព្យាធិធម្មតា ត្រូវឈឺចាប់ទៅជាធម្មតា
៣) មរណធម្មតា ត្រូវស្លាប់ទៅជាធម្មតា
៤) បិយវិនាភាវតា ត្រូវព្រាត់ប្រាសពីរបស់ជាទីស្រឡាញ់ពេញចិត្តទៅជាធម្មតា
៥) កម្មស្សកតា ត្រូវទទួលផលកម្មទៅជាធម្មតា ។

ទាំង ៥ ប្រការនេះ ក្នុងផ្លូវខាងព្រះធម៌អប់រំថា វាជារឿងធម្មតា ដែលត្រូវយកចិត្តទុកដាក់ ត្រូវគិតពិចារណាឲ្យបានជាប់ជារឿយៗ ឲ្យយល់ និងព្រមទទួលយកយ៉ាងច្បាស់លាស់ ព្រោះអាចនឹងយល់ចូលទៅជ្រៅក្នុងជីវិតបានត្រឹមត្រូវ ហើយនឹងមានការសុខចិត្តព្រមទាំង ២ លំដាប់គឺ ព្រមទទួល មានន័យថា ពេលចាស់ជរា ឈឺចាប់ជាដើម មកដល់ ក៏ឲ្យមានសតិ មិនគិតធ្ងន់ មិនគិតច្រើន ឬកើតទុក្ខដល់ជ្រុលហួសហេតុពេក និងជាមួយការចាប់ផ្ដើម គឺពេលឃើញថា វាជារឿងធម្មតាដែលគេចមិនផុតចៀសមិនបាន ក៏នឹងបានចាប់ផ្ដើមខ្លួនឲ្យតាំងក្នុងសេចក្ដីមិនប្រមាទ រួចហើយប្រញាប់ប្រញាល់សាងគុណតម្លៃ និងរឿងដែលល្អបំផុតទុកឲ្យខ្លួនឯង ។

ប្រិយមិត្តអ្នកអានអាចសាកគិតបង្កាទុកមុនសិនក៏បានថា បើសិនយើងត្រូវជួបប្រទះហេតុការណ៍ទាំង ៥ ប្រការនេះ តើយើងនឹងគិតធ្វើយ៉ាងម៉េចខ្លះ? បើសិនភាពក្ដៅក្រហាយខ្វាយខ្វល់ទាល់តែចិត្តមិនស្ងប់ចុះ ឬអស់សង្ឃឹមច្របូកច្របល់ទាល់តែគ្មានសេចក្ដីសុខ នេះក៏អាចបញ្ជាក់បានថា ប្រិយមិត្តអ្នកអាននៅតែមិនទាន់យល់ នៅតែប្រព្រឹត្តទៅក្នុងផ្លូវខុស ចំពោះមុខហេតុការណ៍ដែលជារឿងធម្មតាទាំងនេះ ៕

ប្រែ.គ.វ
រូបភាព៖ Google.com

No comments:

Post a Comment