Thursday, December 21, 2017

និទានធម្មៈ បន្លាមុតយកបន្លាជោះ


និទានធម្មៈ បន្លាមុតយកបន្លាជោះ

ពេលយើងធ្វើដំណើរចូលទៅក្នុងព្រៃ បើសិនត្រូវបន្លាមុតជើង រមែងធ្វើឲ្យកើតនូវការឈឺចាប់ និងកើតទុក្ខជាក់ជាមិនខាន ។ វិធីដែលជួយបន្ធូរបន្ថយទុក្ខឲ្យចេញទៅបានគឺ ត្រូវយកបន្លានោះចេញពីជើងសិន បើមិនដូច្នោះទេ វាអាចបង្កឡើងជាពងខ្ទុះ និងអាប់សែយ៉ាងខ្លាំងក្លា ពិបាកដល់ការរក្សា ។ បញ្ហានេះនៅត្រង់ថា ស្ថានការណ៍ក្នុងព្រៃដូចនោះ តើយើងនឹងរកម្ជុលឯណាមកជោះបន្លានោះចេញ? ក្រៅពីយកបន្លា ដែលមានមុខមុតស្រួច ប្រភេទដូចគ្នាក្នុងព្រៃនោះឯងមកជោះវាចេញ ភាពឈឺចាប់ ការកើតទុក្ខ ទើបនឹងមានសភាពធូរស្រាល និងបានជា ។ លក្ខណៈយ៉ាងនេះ ភាសិតបុរាណលោកហៅថា "បន្លាមុតយកបន្លាជោះ"

ក្នុងបច្ចុប្បន្ននេះ មានបន្លាមួយប្រភេទ ដែលកំពុងមុតមនុស្សឲ្យកើតទុក្ខដោយមិនដឹងខ្លួន ។ បន្លាដែលពោលមកនេះ ហៅតាមសព្ទសាសនាថា "តណ្ហា" ប្រែថា សេចក្ដីប្រាថ្នាចង់បាន បុគ្គលដែលមានសេចក្ដីប្រាថ្នាចង់បាន ចង់មាននេះ ចង់មាននោះ ឬចង់កើតនេះ ចង់កើតនោះ ហួសពីឋានៈ និងសមត្ថភាពដែលខ្លួនឯងមាន និងបម្រះននៀលស្វះស្វែងរកដើម្បីតបស្នងសេចក្ដីប្រាថ្នាចង់បានមួយនេះ ដោយវិធីសាស្ត្រដែលខុស ប្រៀបដូចបុគ្គលនោះ កំពុងត្រូវបន្លាមុតគឺ សេចក្ដីប្រាថ្នាចង់បានមុតឲ្យបានទទួលការឈឺចាប់កើតទុក្ខ ដូចជា ចង់កើតជាសេដ្ឋី មានលុយពោរពាស មានរថយន្តទំនើបៗ មានភូមិគ្រឹះស្កឹមស្កៃ ប្រើប្រាស់ម៉ាកប្រែនដ៍ៗ ក៏ស្វែងរកដោយការលេងឆ្នោត ចាក់កន្ទុយលេខ ទៅឆក់ ទៅប្លន់ ទៅឆបោកភូតភកុហកអ្នកដទៃជាដើម ជំនួសនឹងការតាំងចិត្តធ្វើការងារ អត់ចេះសន្សំ និងប្រុងប្រយ័ត្ន ជីវិតក៏លំបាកលំប៉ិន ជាប់ទោស មានពិរុទ្ធ ព្រោះតែសេចក្ដីប្រាថ្នាចង់បានមិនត្រូវតាមគន្លងរបស់ខ្លួននោះឯង ។ បន្លាគឺ សេចក្ដីប្រាថ្នាចង់បាន ។ បន្លាប្រភេទនេះមុតចូលទៅក្នុងជីវិតសន្សឹមៗរបស់បុគ្គលដែលខ្វះបញ្ញា ឲ្យកើតទុក្ខា និងក្ដៅក្រហាយស្តាយក្រោយជារឿយៗ រហូតដល់ខូចអនាគតក្នុងទីបំផុត ។ ច្រកចេញគឺ ត្រូវប្រញាប់រក្សាព្យាបាលវាចេញ ។ វិធីសាស្ត្ររក្សាដែលល្អបំផុតគឺ ត្រូវជោះបន្លាចេញ គឺសេចក្ដីប្រាថ្នាចង់បាននោះឯង ជាកម្លាំងបណ្ដាលរុញច្រានខ្លួនឯង ឲ្យទទួលខុសត្រូវ និងប្រើសតិបញ្ញាឲ្យបានច្រើនឡើង ព្រមទាំងប្រតិបត្តិដោយវិធីដែលអាចប្រព្រឹត្តទៅបាន ដូចជា ចង់មានលុយ ត្រូវស្វែងរក ចង់បានមានចំណេះ ត្រូវព្យាយាមរៀនសូត្រ ចង់មានយសសក្តិ និងកេរ្តិ៍ឈ្មោះ ត្រូវមានការប្រុងប្រយ័ត្ននូវអំពើរបស់ខ្លួនឲ្យបានខ្ពស់ឡើង ។ បើសិនប្រាថ្នាចង់មានឋានៈសាងថាមពល ឲ្យកើតជាទង្វើដែលត្រឹមត្រូវ និងមានសុចរិតភាពយ៉ាងនេះ ជីវិតបុគ្គលនោះ នឹងឆ្លងផុតពីសេចក្ដីទុក្ខ និងសេចក្ដីអន្តរាយទាំងឡាយទាំងពួង នឹងប្រែក្លាយសក្ដានុពលឲ្យជាការសាងអនាគតឲ្យរឹងមាំពេញបរិបូណ៌ឡើង ។

សាកល្បងត្រួតពិនិត្យមើលសិនថា តើលោកអ្នកកំពុងត្រូវបន្លាមុតចូលទៅក្នុងជីវិតខ្លួនឯងខ្លះដែរឬក៏អត់ទេ? បើសិនជាមានក៏ឲ្យប្រញាប់កែខៃវាទៅ កុំទុកបណ្ដោយឲ្យយឺតយ៉ាវទាល់តែពងខ្ទុះហួសនឹងកែខៃបាន ក្លាយទៅជាមនុស្សបរាជ័យ ខូចខាតដល់ជីវិត ដល់លែងមានជំនឿជាក់ និងខូចអនាគតនៅក្នុងទីបំផុតឡើយ ៕

ប្រែ.គ.វ
រូបភាព៖ google.com


No comments:

Post a Comment