Saturday, December 23, 2017

រឿង កណ្ដុរកកេរដែក (ត២)



រឿង កណ្ដុរកកេរដែក (ត២)

“ឱ! ពិតជាអស្ចារ្យណាស់មិត្តអើយ អាកាំបិតមួយនេះ យើងទើបតែទិញវាមកថ្មីៗ ភ្លើភ្លេចទុកចោលតែមួយយប់សោះ អាសត្វកណ្ដុរមកខាំកកេរកំាំបិតប៉ាំងតោមួយនេះអស់ សល់នៅត្រឹមដងប៉ុណ្ណោះ” ។
មិត្តស៊ីផឹក មិត្តអាក្រក់ទាំងអស់នោះ កាលបើឮដូច្នេះហើយ ក៏ប្រញាប់នាំគ្នាទទួលតពាក្យ ទាំងនេះក៏ព្រោះតែយកចិត្តយកថ្លើមកូនសេដ្ឋីបែបស្រស់ៗ អ្នកខ្លះក៏ផ្សែផ្សំប្រឌិតរឿងឡើងនិយាយថា៖
“អៃយ៉ា! ពិតអាក្រក់មែនហើយ ដូចមិត្តថា អាសត្វកណ្ដុរនេះ វាពិតជាសត្វចង្រៃណាស់ យើងផ្ទាល់នេះឯង ក៏ធ្លាប់ត្រូវបានវាខាំកកេរអស់ដូចគ្នា ភ្លេចងាកខ្នងមើលតែបន្តិចសោះ វាខាំកកេរបែបនេះដូចជាមិនខុសអីណាបន្តិច” ។ មានមិត្តម្នាក់ទៀត ក៏ប្រញាប់ប្រញាល់ចេញមុខមកនិយាយថា “មែនៗៗៗ” ប្រឌិតផ្សំរឿងម្នាក់មួយម៉ាត់ម្នាក់មួយក ។
កូនសេដ្ឋីកាលបើបានស្ដាប់ឮពាក្យកុហកបោកប្រាសរបស់មិត្តទាំងនេះ ក៏សែនឈឺចាប់ នឹកក្នុងចិត្តថា ជីវិតដែលកន្លងមករបស់យើងនេះណ៎ា មានតែមិត្តប្រចុបប្រចែង គិតតែពីបានទាំងអស់ ដែលនៅជុំវិញខ្លួន ព្រោះតែខ្លួនសេពគប់មិត្តអាក្រក់ ទើបជួបនូវសេចក្ដីវិនាសសាបសូន្យមករហូត ធ្វើអ្វីៗចេះតែខុស ដោយសារខ្លួនមានមិត្តអាក្រក់ គ្មានមិត្តល្អជួយទាញ ជួយរារាំងហាមឃាត់សោះ ។
ពេលធ្លាក់ខ្លួនក្រតោយ៉ាក ពួកគេក៏នាំគ្នាគេចមុខទៅបាត់អស់ គេគិតឃើញដូច្នេះហើយ ទើបប្រកាសបញ្ចប់កម្មវិធីលៀងស៊ីផឹក និងបណ្ដេញមិត្តប្លមពួកនោះឲ្យចេញពីផ្ទះខ្លួនយ៉ាងតក់ក្រហល់ ។ រាប់ចាប់ផ្ដើមតាំងពីពេលនោះមកជាដើម គេក៏ជ្រើសរើសសេពគប់រកមនុស្សល្អៗធ្វើជាមិត្តរបស់ខ្លួន ។ កិច្ចការជំនួញជួយប្រែរបស់គេក៏មានដំណើរការរីកចម្រើនលូតលាស់ទៅមុខរហូត និងមានឋានៈឡើងជាមហាសេដ្ឋីក្នុងពេលបន្ទាប់ពីនោះមក។
សារៈសំខាន់ដែលបានបង្កប់ទុកក្នុងរឿងនិទាននេះ ប្រៀបដូចជាជីវិតជាក់ស្ដែងរបស់យើងក្នុងយុគសម័យនេះ យុគៈដែលមានការប្រកួតប្រជែងប្រណាំងដណ្ដើមគ្នាយ៉ាងក្ដៅគគុក យុគៈដែលយកលុយកាក់ធ្វើជាគ្រឿងវាស់វែងគុណតម្លៃរបស់មនុស្ស ។
ប៉ុន្តែតាមការពិត មួយលានភើសិន គឺការសេពគប់មិត្តអាក្រក់ ពេលយើងនៅមានលុយកាក់ មានឋានៈបុណ្យសក្ដិ មុខតំណែងតួនាទី នឹងមានមិត្តភក្ដិរំពឹងមើលឃើញតែពីផលប្រយោជន៍ នៅជុំវិញខ្លួនយើងទាំងអស់ ពេលណាយើងធ្លាក់ខ្លួនក្រតោកយ៉ាកព្រឹប ឬមានក្ដីវិបត្តិណាមួយកើតឡើងភ្លាម មិត្តប្លមទាំងនេះ ក៏នាំគ្នាគេចមុខទៅបាត់អស់ ព្រោះពួកគេខ្លាចថា យើងនឹងទៅពឹងពររកឲ្យគេជួយសង្រ្គោះ និងនៅសល់តែមិត្តល្អមិនប៉ុន្មាននាក់ប៉ុណ្ណោះ ។
ក្នុងពេលមនុស្សយើងធ្លាក់ខ្លួនក្រតោកយ៉ាកខ្វះមុខខ្វះក្រោយ គ្មានសំណាងព្រេងវាសនានោះ វាពិតជាស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកបំផុត វាចូលទៅក្នុងលក្ខណៈដែលមនុស្សម្នានាំគ្នានិយាយថា “ពេលណាដែលខ្លួនក្រក្រី ដើរកាត់មុខឆ្កែ ក៏វាមិនខ្ចីងាកមុខមើលផង” ។ បើសិនយើងមិនចង់ នឹងធ្លាក់ខ្លួនចូលទៅក្នុងស្ថានភាពបែបនេះ សូមព្យាយាមជ្រើសរើសសេពគប់មនុស្សល្អឲ្យបានច្រើនបំផុត តាមអ្វីដែលខ្លួនអាចធ្វើទៅបាន ឬយ៉ាងហោចណាស់ក៏មានមិត្តពីរបីនាក់ ក៏នៅគ្រាន់បើប្រសើរជាងមានមិត្តអាក្រក់ៗយ៉ាងច្រើនដែរ ។
ហើយមនុស្សពូកែមនុស្សល្អក្នុងនិយាមនៃមនុស្សយុគសម័យនេះ ច្រើនតែត្រូវសង្គមមនុស្សអាក្រក់លើកវាទៈថា “ត្រូវជាមនុស្សមានលុយ” ប៉ុណ្ណោះ ទើបនឹងបានជាមនុស្សពូកែនិងមនុស្សល្អបាន ហើយវាក៏មិនមែនជារឿងពិតតាមសម្ដីនោះលើកឡើងឡើយ សូម្បីតែបន្តិច ។ យើងគ្រប់គ្នាជាមនុស្សពូកែ និងជាមនុស្សល្អបាន ដោយមិនចាំបាច់ប្រើមាសប្រាក់មកធ្វើជាគ្រឿងសម្រេច វាស្ថិតនៅត្រង់ការដែលយើងមានគុណធម៌ ដែលមានតម្លៃងខ្ពស់ជាងមាសនិងប្រាក់នោះទៅទៀត ។
តែក្នុងចំណុចនេះចង់បង្ហើបបង្ហាញប្រិយមិត្តអ្នកអាន ឲ្យឃើញពីប្រការសំខាន់មួយទៀតគឺ ការដែលកូនសេដ្ឋីនោះត្រឡប់ជាមានជីវភាពមានបានមកម្ដងទៀត ចេញពីស្ថានភាពក្រីក្រលំបាកតោកយ៉ាក និងជម្រុញខ្លួនឲ្យត្រឡប់មករកស្ថានភាពមានបាននោះ ក៏ព្រោះតែថា គេបានកែប្រែខ្លួនផ្លាស់ប្ដូរចិត្តគំនិតជាថ្មី ដោយទុករឿងអតីតផ្សេងៗដែលកន្លងទៅ ប្រែក្លាយជាមនុស្សថ្មី គំនិតថ្មី ធ្វើរឿងថ្មីៗ (តែមិនមែនជាការឆបោកកិបកេងប្រវញ្ចគេទេ) ។
គេខិតខំប្រឹងប្រែងធ្វើការងារដោយការតាំងចិត្តពិតៗ និងកាន់សច្ចៈទៀងត្រង់ធ្វើតាមអ្វី ដែលខ្លួនបាននិយាយសន្យាជាមួយម្ដាយឪពុក ។ តាមអត្ថន័យដែលលាក់បង្កប់ទុកក្នុងរឿងនេះ មានពាងមាសពាងប្រាក់នោះ គឺជាសតិបញ្ញា និងសេចក្ដីព្យាយាម ព្រមទាំងសេចក្ដីអំណត់អត់ធន់ដែលជាដើមទុនដ៏សំខាន់ ក្នុងការទ្រទ្រង់ដំណើរការជីវិត ។
ការកែប្រែចិត្តគំនិតជាថ្មីនោះសំខាន់បំផុត ព្រោះបើយើងគ្រាន់តែមានសតិ និងប្រើប្រាស់ពេលវេលាដែលមានតម្លៃរបស់យើង ក្នុងការធ្វើការងាររកស៊ីប្រកបដោយសុចរិត ចាយវាយលុយកាក់ក្នុងអ្វីដែលគួរ សំខាន់មិនត្រូវច្របូកច្របល់ក្នុងការមានជីវិតដ៏ត្រឹមត្រូវនោះទេ និងមានគុណភាព ឋានៈនោះក៏ល្អឡើងទាន់ភ្នែកទាន់ចិត្ត ដូចអ្វីដែលម្ដាយឪពុករបស់សេដ្ឋីក្នុងរឿងម្នាក់នេះប្រាប់ថា ពួកគាត់នឹងជួយឲ្យជួបនូវពាងមាសពាងប្រាក់ ដូចនោះចូរមានជំនឿចុះថា “មិនមានអ្នកក្រទេនៅក្នុងក្រុមពួកអ្នកឧស្សាហ៍ព្យាយាម” “ការងារធ្ងន់ៗមិនធ្លាប់សម្លាប់មនុស្សម្នាក់ឡើយ” “មនុស្សល្អធ្លាក់ចូលទឹក ទឹកក៏មិនហូរ ធ្លាក់ចូលភ្លើង ភ្លើងក៏មិនឆេះ” និង “ដំណើរទៅកាន់ផ្លូវជោគជ័យ មិនមានស្នាមជើងមនុស្សខ្ជិលទេ” ។
កូនសេដ្ឋីនោះបានជួបជាមួយមេរៀនដ៏សំខាន់ក្នុងជីវិត ព្រោះវាកើតពីការខ្ជះខ្ជាយក្នុងការចាយវាយលុយកាក់ដោយមិនចេះស្គាល់ប្រមាណ ទាល់តែលុយកាក់មាសប្រាក់ត្រូវរលាយអស់ទៅជាមួយការសេពគប់មិត្តភក្តិប្លម ដែលមិនមែនជាកណ្យាលមិត្ត ។ មានមនុស្សច្រើនណាស់ធ្លាប់បានអាន ធ្លាប់បានឮពាក្យស្លោកមួយឃ្លាថា “សេពគប់ពាល ពាលនាំទៅរកខុស សេពគប់បណ្ឌិត បណ្ឌិតនាំទៅរកត្រូវ សេពគប់ពាល ពាលនាំទៅរកទុក្ខ សេពគប់បណ្ឌិត បណ្ឌិតនាំទៅរកសុខ” ក៏អាចនៅប្រើបានជាមួយនឹងបច្ចុប្បន្នកាលនេះ ។
មនុស្សដែលធ្លាប់ខ្សត់ ធ្លាប់ទុគ៌ត ឬខុសភ្លាំងភ្លាត់ទៅហើយក្នុងជីវិត ដែលអាចត្រឡប់ជាមានវិញបាន ឬមនុស្សដែលអាចកែប្រែវិបត្តិមកជាឱកាសបានវិញនោះ រឿងដែលជាអាទិភាពគេគឺ៖
ខ្លួនត្រូវចេះកែប្រែចិត្តជាថ្មី គំនិតជាថ្មី  ធ្វើជាថ្មីប៉ុណ្ណោះ ទើបអាចនឹងធ្វើការងារបានជោគជ័យ តាមអ្វីដែលខ្លួនត្រូវការបាន ។
មានតួយ៉ាងជីវិតដែលធ្លាប់ជាប់ក្នុងភាពអវិជ្ជមានរបស់នាយ  ឬនាយហាំងភិងដែលមនុស្សទូទៅស្គាល់លោក ប៉ុន្តែឈ្មោះលោកពិតគឺ គុណបឌិន្រ្ទ ឆត្រមាលីរន្ត ប៉ុន្តែឈ្មោះពិតរបស់លោកគ្មានអ្នកណាមួយហៅឡើយ មនុស្សភាគច្រើននឹងស្គាល់និងហៅថា សៀធំម្ចាស់ប្រហិតនាយហាំង ឬប្រហិតនាយឆែម ដែលលក់ដាច់ជាប់ចំណាត់លេខមួយក្នុងប្រទេសជាប់មកតគ្នាអស់ជាច្រើនឆ្នាំ ។
ជីវិតកន្លងមករបស់លោកនោះ ដូចជាប្រលោមលោកមួយរឿង ចាប់ផ្ដើមពីធ្វើជាក្មេងដើរស៊ីឈ្នួលបេះផ្កាមិ្លះក្នុងចំការម្លិះ រហូតដល់ ១៦-១៧ ពនេចរឈានជើងដើរទៅស៊ីឈ្នួលធ្វើការងារឲ្យគេសព្វទីកន្លែង ខូចជាប់រថយប់កន្លែងណា ក៏ដេកនៅត្រង់កន្លែងនោះ និងរកការងារធ្វើខ្លួនឯងខ្លះ ធ្វើយ៉ាងណាឲ្យតែបានលុយមកតាមគន្លងត្រឹមត្រូវ តាមសុចរិត ។ នាយ ហាំងភិង ធ្វើការនេះអស់ពីកម្លាំងកាយពល អស់ពីសមត្ថភាពដែលខ្លួនមានដោយធ្វើអស់ យកអស់គ្រប់យ៉ាងដោយគ្មានចិត្តរាថយឡើយ ។
រហូតដល់មកធ្វើជាអ្នកលក់គ្រឿងសំអាង កូនឈ្នួលក្នុងអាហារដ្ឋានតាមកុម្មង់បញ្ជាទិញ ដែលជាការងារផ្លាស់ប្តូរជីវិតលោកមករហូត ។
នៅពេលមួយមានអតិថិជនមកកុម្មង់បាយឆាមួយប្រអប់ គាប់ជួនចុងភៅមិននៅកន្លែង លោកក៏ចូលទៅធ្វើជំនួស តាំងពីកើតចេញពីពោះម៉ែពោះឪមក មិនធ្លាប់ធ្វើបាយឆាឲ្យអ្នកស៊ីមកពីមុនទេ ហើយសម្តីដែលចេញពីមាត់អតិថិជន ដែលលោកមិនធ្លាប់បានបំភ្លេចអស់មួយជីវិតនេះថា៖
“បាយឆាខ្មៅៗបែបនេះ មនុស្សមិនសមនឹងស៊ីកើតទេ មុខជាយកឲ្យឆ្កែស៊ីវិញ” ប្រយោគខ្លី មានពាក្យមិនប៉ុន្មានប៉ុណ្ណេះ ធ្វើឲ្យលោកដេកមិនលក់អស់ពេញមួយយប់ និងអត់ទ្រាំលែងបានក៏ក្រោកឡើងអង្គុយ តាំងប្ដេជ្ញាចិត្តចំពោះខ្លួនឯងថា ក្នុងជាតិនេះលោកត្រូវរៀនធ្វើមុខម្ហូបមួយនេះឲ្យកើត ។
ទុកណាជាផែនដីនេះលប់មុខ ទុកណាមានក្ដីវិបត្តិចូលមកក៏ដោយ ក៏លោកនឹងមិនព្រមចុះចាញ់ លោកត្រូវតែយកឈ្នះពាក្យមើលងាយមើលថោកទាំងឡាយនេះឲ្យបាន ។
លោកទើបចាប់ផ្ដើមស្វះស្វែងរកចំណេះ ដើម្បីនឹងយកឈ្នះពាក្យប្រមាថមើលងាយ លោកគិតទៅគិតមកអស់ពេលយ៉ាងយូរក្នុងរឿងកិច្ចការធ្វើម្ហូបច្រើនប្រភេទ ទាំងគុយទាវស្រុស និងចុងក្រោយលោកក៏ទៅទិញសៀវភៅធ្វើមុខម្ហូបប្រហិតមកសាកល្បង តែការងារនេះ លោកត្រូវចំណាយលុយទៅរាប់លានរៀល និងប្រហិតទៅរាប់ម៉ឺនដុំដូចគ្នាផងដែរ ។
ព្រោះប្រហិតដែលលោកសាកល្បងធ្វើដើមដៃនោះ ក៏បានក្លាយជាអាហារដ៏មានឱជារសរបស់ចៅតុមខ្លួនតូច ដែលវារស់នៅក្បែររោងចក្រផលិត ក្នុងចំណោមការសើចចំអករបស់មនុស្សទូទៅ ថាតើសម្ដីទាំងអស់នេះមានរសជាតិយ៉ាងណា? ជឿថាប្រិយមិត្តអ្នកអានប្រហែលជាជ្រាបច្បាស់ណាស់ ។
លោកត្រូវអស់ពីខ្លួនអស់ពីប្រាណ លុយកាក់ក៏ខើចស្ដួចស្ដើង ត្រូវសំឡឹងស្វែងរករបស់របរមានតម្លៃក្នុងផ្ទះទាំងលក់ខ្លះទាំងយកទៅប្រចាំខ្លះ រត់ទៅខ្ចីបុលប្រាក់ពីមនុស្សដែលស្គាល់ខ្លះ រត់ខ្ចីពីញាតិខ្លះ រហូតដល់បងប្អូននិយាយដាក់មុខលោកថា អាមនុស្សមិនបានរឿង មិនបានការ ធ្វើអ្វីចាប់អ្វីក៏មានតែរលាយហិនហោចតែទាំងអស់ហ្នឹង ។
ប៉ុន្តែអ្វីដែលសំខាន់ និងរងរបួសដួងចិត្តបំផុតនោះ គឺពាក្យថា “លោកជាមនុស្សដែលធ្វើឲ្យកេរ្តិ៍ឈ្មោះវង្សត្រកូលដែលបុព្វបុរសខំរក្សាមកយូរហើយ ត្រូវមកអាប់ឱននៅពេលនេះ ។
គ្មានសម្ដីណា គ្មានពាក្យអ្វីទៀតទេ ដែលញ៉ាំងឲ្យរំជួលញាប់ញ័រចិត្តស្មើនឹងពាក្យសម្តីនេះ គឺជាពាក្យសម្ដីដែលហូរចេញពីមាត់បងប្អូនសាច់ឈាមឯងនេះហើយ ដែលរាលដាលតាមៗតគ្នាមក ។ លោកខូចចិត្តខ្លាំងណាស់ ចាប់ផ្ដើមប្រឈុតជីវិត ប្រឈុតជោគជតាព្រហ្មលិខិត ដោយការចាប់ផ្ដើមផឹងស្រា ផឹកហើយផឹកទៀត ក៏ដើម្បីព្យាយាមបំភ្លេចចោលជីវិតអាប់យស គ្មានតម្លៃមួយនេះ ។
ក្នុងពេលនោះលោកលែងខ្វល់លែងចាប់អារម្មណ៍អ្វីទៀតហើយក្នុងលោកនេះ បណ្ដែតបណ្ដោយខ្សែជីវិតឲ្យទៅតាមយថាកម្ម មានជីវិតរស់មួយថ្ងៃៗ មិនខុសពីសុនខមួយក្បាល ដែលមករកស៊ីដុំប្រហិតលោកក្នុងថ្ងៃមុននោះទេ ។
ក្នុងថ្ងៃដែលលោកស្រវឹងស្រាខ្លាំង ស្រវឹងទាំងស្រា ស្រវឹងទាំងជីវិត ទាល់តែលែងនាំអាត្មាមករកផ្ទះដល់ ត្រូវដើរទៅដេកតាមសួនសាធារណៈ តាមកន្លែងផ្សេងៗ ដូចជាមនុស្សខ្ចាត់ព្រាត់ គ្មានផ្ទះសម្បែង គ្មានបងប្អូនញាតិសន្តាន និងគ្មានគោលដៅ ដូចជាវល្លីត្រអើកដែលបោះដៃវារឡើងគេឡើងឯង ដោយគ្មានមនុស្សណាមកចាប់ភ្នែកមើលនឹកអាឡោះអាល័យឡើយ ។
ដល់ទីបំផុត ព្រះព្រហ្ម ព្រះអរហន្ត ព្រះគ្រូដើម និងទេវតាដើមក្នុងផ្ទះនោះ គឺជាម្ដាយរបស់លោកទ្រាំមើលលោកលែងរួចក្នុងសភាពកូនប្រុសម្នាក់នេះ ដែលជាមនុស្សឆាប់ចុះចាញ់ គ្មានចិត្តអំណត់តស៊ូក្នុងជីវិត ត្រូវបរាជ័យមិនមានឫក្ស ដូចជាជីវិតនេះលែងចង់រស់ ទើបបានហុចដៃដែលពោរពេញទៅដោយក្ដីស្រឡាញ់ ក្ដីមេត្តា ក្ដីសន្តោសប្រោះប្រណី គ្មានបុគ្គលណាក្នុងលោកប្រៀបផ្ទឹមស្មើបាន ។
គាត់ចូលមកទាញដៃ និងទ្រត្រកងលោកឲ្យចេញពីភក់ជ្រាំក្នុងជីវិត និងបានសុំអង្វរលោកឲ្យឈប់ផឹកស្រា ដែលវាកំពុងតែបំផ្លិចបំផ្លាញអនាគតនោះ គាត់យកដៃបបោសអង្អែលលួងលោម ផ្ដល់កម្លាំងចិត្ត ប្រាប់ឲ្យលោកត្រឡប់មកចាប់ផ្ដើមក្នុងជីវិតជាថ្មីម្ដងទៀត អ្វីដែលកន្លងផុតទៅ ទុកបណ្ដោយឲ្យវាកន្លងផុតទៅចុះ ។
ជីវិតរបស់មនុស្សយើងនេះ ចាស់បុរាណលោកពោលទុកថា “ទុកជាដួល ៧ ដង ក៏ត្រូវតែក្រោកឈរ ៧ដងដែរ” ថ្ងៃនេះដួល ថ្ងៃស្អែកក៏អាចក្រោកឈរឡើងបានដូចគ្នា ។ ......

សូបរង់ចាំចុចអានតចប់


No comments:

Post a Comment