Sunday, December 24, 2017

រឿង កណ្ដុរកកេរដែក (តចប់)


រឿង កណ្ដុរកកេរដែក (តចប់)

សម្ដីរបស់ម៉ែធ្វើឲ្យលោកមានសតិស្មារតី និងបានគិតឃើញ ធ្វើឲ្យលោកមានអារម្មណ៍នឹកដល់សេចក្ដីស្រឡាញ់របស់មនុស្សម្នាក់ ដែលបាននាមថា ម៉ែ ដែលបានដាស់លោកឲ្យនឹកដល់ទំនោរមួយដែលបានកើតមកជាមនុស្ស ។ លោកទើបសន្យាជាមួយនឹងខ្លួនឯងថា លោកនឹងលះបង់គ្រឿងអបាយមុខគឺឈប់ផឹកស្រាដាច់ខាត ហើយលោកនឹងប្រឹងតស៊ូដើម្បីកិត្តិយសដែលបានកើតមកជាមនុស្សឲ្យវិលត្រឡប់មករកសភាពដូចមុនវិញ ។
លោកនឹងមិនព្រមឲ្យទឹកមានពណ៌លឿង ដែលធ្វើឲ្យជីវិតរបស់លោកខ្ទេចខ្ទាំប្រេះស្រាំបន្តទៅទៀតទេ ។ លោកបានប្រាប់ដល់បងប្អូនរបស់លោក ដែលធ្លាប់ប្រមាថមើលងាយលោក មុននឹងចាប់ផ្ដើមធ្វើដំណើរចេញមកតស៊ូក្នុងជីវិតម្ដងទៀតថា៖
“បើសិនខ្ញុំមិនមានកេរ្ដិ៍ឈ្មោះល្បាញល្បី មិនមិនលុយកាក់ទេ មិនចាំបាច់មករាប់លោកជាបងជាប្អូនតទៅទៀតឡើយ” ។
រាប់ចាប់ពីពេលនោះមកជាដើម “នាយហាំងភិង” បានផ្ដោតអារម្មណ៍ក្នុងការស្វះស្វែងស្រាវជ្រាវរាវរកចំណេះវិជ្ជាធ្វើប្រហិតជាថ្មី លោកព្យាយាមប្រមូលអត្ថបទផ្សេងៗដែលមានការទាក់ទង់គ្រប់យ៉ាង ដែលអាចធ្វើឲ្យប្រហិតលោកមានរសជាតិឆ្ងាញ់ ។ ពេលបានដឹងដំណឹងប្រហិតអ្នកណាធ្វើឆ្ងាញ់ លោកដើរតាមរកទៅភ្លក់រសជាតិរបស់វា ទិញយកវាដើម្បីបានស្គាល់គេ គេស្គាល់លោក ដើម្បីជាជ័យជំនះរបស់លោកខ្លួនឯង ។
ប៉ុន្តែអ្វីដែលជាចំណុចសំខាន់គឺ ការជួយឧបត្ថម្ភពីមនុស្សក្នុងត្រកូលហានសុវត្តិ៍ ដែលធ្វើកិច្ចកម្មរោងចក្រផលិតសាច់សត្វនៅឯខេត្តមកយូររាប់សិបឆ្នាំហើយ ដោយបានឲ្យនាមបណ្ណក្នុងការទាក់ទងទិញសាច់ ដែលនាំឲ្យកិច្ចកម្មធ្វើប្រហិតនាយហាំងភិងបោះជំហានរីកចម្រើនបានទៅវែងឆ្ងាយ ។
ជំនួយពីមហាមិត្តក្នុងពេលនោះ ធ្វើឲ្យលោកតាំងជំហរជាថ្មីបានក្នុងពេលមិនយូរ ។ លោកចាប់ផ្ដើមប្រើម៉ាកយីហោរប្រហិតរបស់លោក ក្នុងនាម “ប្រហិតនាយហាំងភិង” ដែលមកដល់សព្វថ្ងៃនេះ លោកតែងតែនិយាយជានិច្ចកាលថា ប្រសិនបើគ្មានទឹកចិត្តរបស់មនុស្សក្នុងត្រកូលហានសុវត្តិ៍ក្នុងថ្ងៃនោះទេ ថ្ងៃនេះក៏ប្រហែលជាគ្មានប្រហិតនាយហាំងភិងដូចគ្នា ។
ក្រោយពីនោះមក មនុស្សម្នាដែលធ្លាប់បានប្រមាថមាក់ងាយមើលស្រាលមើលថោកលោកពេលមុននោះ ក៏ចាប់ផ្ដើមយល់ដល់បេះដូងមនុស្សតស៊ូរបស់លោក ប្រសិនបើលោកនៅជាមនុស្សប្រមឹកខួប ស្រវឹងស្រា ស្រវឹងជីវិតនោះ ប្រហែលជាគ្មានមនុស្សណាយល់ពីតម្លៃមួយនេះទេ ។
ជីវិតរបស់មនុស្សយើងនឹងទៅជាយ៉ាងណា ប្រិយមិត្តអ្នកអានទាំងឡាយក៏គង់នឹងបានជ្រាបច្បាស់ថា ភាពជោគជ័យរបស់មនុស្ស ដែលតស៊ូតាមបែបជីវិតទាំងមូលជាដើមពាន់់នោះ អនាគតនឹងត្រូវល្អជាយ៉ាងណា ព្រោះថ្ងៃនេះលោកគឺ “ស្ដេចប្រហិតល្បីឈ្មោះ” ដែលមានមនុស្សទទួលស្គាល់ពេញទាំងស្រុក ខេត្ត និងប្រទេស ហើយបងប្អូនដែលធ្លាប់ប្រមាថលោកស្ទើរតែរាល់ថ្ងៃនោះ សុទ្ធតែត្រូវលោកឲ្យអភ័យឲ្យទាំងអស់ និងជួយស្រោចស្រង់តាំងខ្លួនបានពីជំនួយរបស់លោកហ្នឹងឯង ។
ជួនកាលក្នុងជីវិតរបស់មនុស្សយើង កាលបើត្រូវបានគេប្រមាថកាតទាន និងជិះជាន់គ្រប់សង្កត់ពីមនុស្សជុំវិញខាង សូម្បីតែមនុស្សដែលយើងស្រឡាញ់ក៏ដោយ វាក៏ជាកម្លាំងមហាសាលដែលអាចជួយផ្លាស់ប្ដូរជីវិតរបស់យើងបាន ហើយពេលខ្លះទៀត វាជាកម្លាំងដ៏ខ្លាំងក្លាក្រៃ ដែលលាក់ទុកនៅខាងក្នុងនោះ នៅក្នុងពាក្យសម្ដីដែលគេនិយាយឲ្យយើងឈឺចាប់ រងបួសដួងចិត្ត នៅក្នុងក្រសែភ្នែកដែលចាំក្លំមើលចំណុចអវិជ្ជមានរបស់យើង នៅក្នុងចិត្តចាំតែខ្ពើមរអើមយើងនោះឯង ។
កម្លាំងនេះ វាលាក់ទុកនៅក្នុងនោះស្ងាត់ៗ វានៅក្នុងនោះជានិច្ច រឿងដែលសំខាន់ វាស្ថិតនៅត្រង់ថា តើបេះដូងរបស់យើងអាចប៉ះពាល់ត្រូវថាមពលរបស់វាបានជ្រៅដល់កម្រិតណាប៉ុណ្ណោះ? យើងអាចសម្លឹងមើលវាឃើញនិងយល់ ដែលអាចទាញយកថាមពលនោះចេញមកប្រើបានដែរឬអត់?
ក្នុងថ្ងៃមុនយើងបានដួលត្រដាប់ត្រដួស យើងអាចដួលផ្កាប់មុខ យើងក៏អាចក្រោកឡើងឈរបានម្ដងទៀតដូចគ្នា ។ លោកនេះ គ្មានមនុស្សណាជួយទប់យើងឲ្យឈរបានល្អស្មើនឹងខ្លួនយើងទេ យើងត្រូវឈរដោយជើងទាំងពីររបស់យើងផ្ទាល់ខ្លួនហ្នឹងឯង ។
ជីវិតរបស់នាយហាំងភិងនោះ ជាតួយ៉ាងមួយនាក់ក្នុងចំណោមមនុស្សរាប់លាននាក់ ដែលបានជួបជាមួយភាពជោគជ័យក្នុងថ្ងៃនេះ កាលពីមុនពួកគេសុទ្ធតែជួបប្រទះនូវក្ដីវិបត្តិនៃជីវិតស្ទើរតែដកខ្លួនចេញមិនចង់រួចផង ដួលហើយដួលទៀត បរាជ័យម្ដងហើយម្ដងទៀត តែជឿចុះថា មនុស្សដែលធ្លាប់ជួបជីវិតដួលត្រដាប់ត្រដួស ធ្វើអ្វីក៏មិនបាន ធ្វើអ្វីក៏ភ្លាត់ ចាប់អ្វីក៏អស់ ចាប់អ្វីក៏រលាយ ហើយដល់ថ្ងៃមួយល្មមនឹងបើកភ្នែក ហាមាត់បាននោះ ពួកគេទាំងនោះត្រូវមានសេចក្ដីអត់ធ្មត់ប្រភេទពិសេសបង្កប់លាក់នៅក្នុងខ្លួន ។
សេចក្ដីអត់ធ្មត់នោះ ជាកម្លាំងរុញច្រានដ៏សំខាន់ ដែលធ្វើឲ្យមានថ្ងៃញញឹមបានក្នុងពេលនេះ ទុកណាជាត្រូវដួលប៉ុន្មានដងប៉ុន្មានគ្រាក៏ដោយ ក៏អាចក្រោកឡើងបានដោយគ្មានចិត្តរុញរាដកថយម្ដងណាឡើយ មានបញ្ហាកើតឡើងក៏អាចដោះស្រាយទៅបាន ។ ជួនកាលមានមនុស្សយើងខ្លះយល់ឃើញថា មានបញ្ហាកាន់តែច្រើន ក៏ធ្វើឲ្យយើងរឹងមាំកាន់តែខ្លាំង មនុស្សដែលជួបភាពបរាជ័យក្នុងថ្ងៃនេះនោះ ម្នាក់ៗក៏បានដឹងរសជាតិក្នុងជីវិតអវិជ្ជមានយ៉ាងណាហើយ ។
ប៉ុន្តែពួកគេអាចដើរឆ្លងកាត់ខ្សែអវិជ្ជមានមកជាវិជ្ជមានបាន ក៏តោងអាស្រ័យសេចក្ដីអត់ធ្មត់ប្រភេទពិសេស ដែលមនុស្សគ្រប់គ្នាមាន ។ ជួនកាលវាអាចនឹងត្រឡប់មកនៅក្នុងខ្លួនយើង ដើម្បីរង់ចាំវត្ថុមកប៉ះទង្គិចឲ្យភ្ញាក់ឡើង ឬខ្លួនយើងផ្ទាល់ត្រូវដាស់ឲ្យវាភ្ញាក់ឡើងបាន ។
សេះប្រណាំងនោះ កាល់បើចូលដល់ខ្សែទីផ្ដាច់ព្រាត់ ព្រោះតែរត់ប្រកៀកប្រកិតគ្នាត្រឹមតែមួយចុងច្រមុះ ត្រូវសម្រេចគ្នាត្រង់ការចាប់យករូបភាពរបស់កាមេរ៉ា ដូចគ្នានឹងមនុស្សដែលលេងល្បែងជីវិតនោះ គេឈ្នះព្រោះគេបញ្ជូនទៅបន្តិច អត់ធ្មត់ច្រើនទៅបន្តិច ព្យាយាមច្រើនទៅបន្តិច ព្រោះខ្សែបូណ៌ទីផ្ដាច់ព្រាត់រង់ចាំនៅខាងមុខហើយ សូមមេត្តាកុំដួលឈប់ផ្អាកនៅកណ្ដាលទី ឬកុំដកចិត្តថយ ពេលជិតឃើញតំរុយនៃភាពជោគជ័យ ព្រោះនៅតែបន្តិចទៀតយើងនឹងបានសម្រេចហើយ ។
បើសិនក្នុងពេលយើងអស់សង្ឃឹមខ្លាំង សូមឲ្យនឹកដល់ភាពជោគជ័យ ដែលយើងធ្លាប់ធ្វើបានកន្លងមក ឬនឹកដល់ពាក្យសម្ដីប្រមាថមើលងាយរបស់អ្នកដទៃ ដែលធ្វើឲ្យយើងឈឺចាប់ ធ្លាក់ទឹកចិត្ត នឹកដល់មុខកូនៗដែលកំពុងរង់ចាំមើលយើង នឹកដល់មនុស្សដែលខ្លួនយើងស្រឡាញ់ មិនថាម្ដាយឪពុក ឬអ្នកណាមួយទេ ឲ្យប្រមូលយករឿងទាំងអស់នេះ មកដាស់ចិត្តដែលមានកម្លាំងដ៏មហាសាលនៅក្នុងខ្លួនយើងឲ្យភ្ញាក់ឡើង ហើយផ្ដោតចិត្តធ្វើវាឲ្យអស់ពីកម្លាំងកាយចិត្តម្ដងទៀត ។ ជឿចុះថា ក្នុងត្រើយអាយនៃភាពជោគជ័យខាងមុខនោះ មានយើងម្នាក់ប្រាកដនៅត្រង់នោះដែរ ។
ពេលណាជួបនៅថ្ងៃថ្មី ឲ្យបំភ្លេចរឿងរ៉ាវក្នុងអតីតកាលនានាដែលកន្លងមក និងចាប់ផ្ដើមធ្វើការងារតាមរបៀបកូនសេដ្ឋី ដែលអាចកែប្រែចិត្តគំនិតជាថ្មី ធ្វើការងារថ្មីៗ ឬក៏ដូចជាការតស៊ូជីវិតរបស់នាយហាំងភិង ដែលជាមេរៀនមួយយ៉ាងល្អ ហើយពេលវេលានៃសេចក្ដីសុខ និងភាពជោគជ័យដែលយើងនឹងចង់ឲ្យមកដល់ វានឹងត្រូវមកដល់យ៉ាងពិតប្រាកដនៅក្នុងថ្ងៃណាមួយជាក់ជាមិនខាងឡើយ ។
បើសិនយើងគ្រប់គ្នា មិនព្រមលើកទង់សមុនទេនោះ....

.......................................................
ប្រែ.គោលគំនិតល្អដើម្បីជីវិត
ពីសៀវភៅ Grown Up Story, page 72-86
រូបភព៖ google.com

No comments:

Post a Comment