Sunday, December 24, 2017

គតិបានពីដើមឈើ

 គតិបានពីដើមឈើ

គតិបានពីដើមឈើ

និទានធម្មៈមុនចូលដេក គតិបានពីដើមឈើ...ដូចអ្វីដែលប្រិយមិត្តបានជ្រួតជ្រាបអស់មកហើយថា ដើមឈើជាបច្ច័យមួយដ៏សំខាន់ ដែលអាចជួយធ្វើឲ្យអាកាសធាតុ និងសភាពបរិស្ថានប្រព្រឹត្តទៅតាមប្រក្រតី និងមិនវិបល្លាសឃ្លាងឃ្លាតឡើយ ។ ក្រៅពីនេះ សភាវៈរបស់ដើមឈើ ថែមទាំងជួយឆ្លុះបញ្ចាំងឲ្យឃើញពីគុណតម្លៃ ផ្នែកខាងចរិយាធម៌សម្រាប់មនុស្សជាតិផងដែរគឺ៖

១) ជាគ្រូមួយដែលអាចជួយសម្របសម្រួលខ្លួនដើម្បីការរស់នៅរួច ។ ដើមឈើកាលណាត្រូវបានគេកាប់ឬកាច់មែកវាចេញទៅ ក៏មានពន្លកមែកថ្មីដុះឡើង កាលបើក្ដៅខ្លាំងក៏ជម្រុះស្លឹកចាស់ចោល ជាការសន្សំសំចៃជាតិទឹក និងអាហារ ។ កាលបើភ្លៀងបង្អុរចុះមក ក៏លូតលាស់ធំធាត់ និងមានលក្ខណៈច្រើនយ៉ាងទៀត ដែលដើមឈើបង្ហាត់បង្ហាញឲ្យឃើញ អំពីការសម្របសម្រួលខ្លួនឲ្យសមស្របទៅតាមធម្មជាតិ ។ ការសម្របសម្រួលខ្លួនរបស់ដើមឈើ ទើបផ្ដល់បានជាគតិអប់រំដល់មនុស្សក្នុងការតស៊ូ និងចេះសម្របខ្លួនទៅតាមកាលលំហ ផងដែរ ។

២) ជាអ្នកផ្ដល់ឲ្យយ៉ាងធំមហិមា ចាប់តាំងពីចេញត្រួយផ្កាផ្លែយកធ្វើជាអាហាររបស់មនុស្ស និងសត្វ ជួយឲ្យខ្យល់អាកាសបរិសុទ្ធ ផ្ដល់ម្លប់ជាទីជម្រកសំណាក់អាស្រ័យ ទៅរហូតដល់ជួយឲ្យមានសមតុល្យដល់ធម្មជាតិ ដែលមានគុណសម្បត្តិច្រើនអនេកដល់វត្ថុមានជីវិតទាំងឡាយទាំងពួង ដល់ទីបំផុតទៅសូម្បីតែសាច់ឈើ និងដើមរបស់ដើមឈើនោះ ក៏នៅមានប្រយោជន៍ច្រើនយ៉ាងណាស់ អាចយកទៅធ្វើសម្ភារៈគ្រប់បែបយ៉ាង ដូចជាផ្ទះ និងគ្រឿប្រើប្រាស់គ្រប់យ៉ាង ដែលមនុស្សចង់កែច្នៃវាឡើងជាដើម ។

ក្នុងជ្រុងមួយជាគ្រូ រឿងអប់រំបង្ហាត់ឲ្យចេះសម្របសម្រួលខ្លួន ដើម្បីការរស់នៅរួច ដើមឈើបានផ្ដល់ជាគតិច្រើនយ៉ាងទាក់ទង់នឹងរឿងនេះ ។ ក្នុងជ្រុងមួយជាអ្នកផ្ដល់ឲ្យ ដើមឈើផ្ដល់ឲ្យដោយមិនកំណត់បរិមាណ ឲ្យដោយមិនជ្រើសរើសអ្នកណាជាអ្នកណា នឹងជាអ្នកទទួលយ៉ាងណាក៏បាន ។ ដើមឈើនោះបើមើលទៅតាមធម្មតាៗមិនបានគិតអ្វី ក៏មើលឃើញត្រឹមតែដើម មែក ឬស្លឹកឈើប៉ុណ្ណោះឯង តែបើមើលឃើញហើយគិតឲ្យបានជ្រៅទៅជាងនោះបន្តិចថា សភាវៈទាំងអស់របស់វា នឹងអាចឃើញពីសក្ដានុពល អត្ថប្រយោជន៍ និងគុណតម្លៃដ៏អស្ចារ្យរបស់ដើមឈើ ដែលបានផ្ដល់ឲ្យពិភពលោក និងបើសម្លឹងពីសម្ព័ន្ធភាពជាមួយជីវិតរបស់មនុស្ស ក៏នឹងមើលឃើញពីអត្ថន័យក្នុងចរិយាធម៌ថា ក្នុងឋានៈរបស់មនុស្សដែលចេះគិត តើយើងគួរធ្វើយ៉ាងណាខ្លះ?...


ប្រែ.គ.វ
រូបភាព៖ Google.com

No comments:

Post a Comment