Monday, December 25, 2017

ការស្លាប់អមតៈ


ការស្លាប់អមតៈ

ធម្មគតិអប់រំចិត្តមុនចូលដេកពីការស្លាប់អមតៈ... កាលបើនិយាយដល់សេចក្ដីស្លាប់មនុស្សភាគច្រើនមិនសូវចូលចិត្តអាន ស្ដាប់ ចង់ដឹងចង់ឮចង់ឃើញ ឬមិនចង់សន្ទនាសាសព្ទពីសេចក្ដីស្លាប់នេះឡើយ ព្រោះពួកគេយល់ឃើញថា សេចក្ដីស្លាប់ជារឿងអពមង្គល ជារឿងមិនល្អ ខ្លួនមិនចង់គិត មិនចង់និយាយរកទេ ប៉ុន្តែព្រះពុទ្ធសាសនាបានកំពុងបង្រៀនអប់រំផ្ទុយពីគំនិតខាងដើមនេះទៅវិញ គឺឲ្យបរិស័ទព្យាយាមរលឹកដល់សេចក្ដីស្លាប់នេះឲ្យបានរឿយៗ ហើយការរលឹកនឹកដល់សេចក្ដីស្លាប់នេះ ប្រកាន់យកថាជាបុណ្យជាកុសល មិនមែនជារឿងអពមង្គលអ្វីឡើយ ព្រោះវាធ្វើឲ្យកើតបានជាគតិដាស់តឿនចិត្ត កុំឲ្យមានសេចក្ដីប្រមាទនៅក្នុងវ័យ នៅក្នុងជីវិត ដោយអាងថា ខ្លួនមិនមានរោគ ខ្លួននៅក្មេង និងមិនឲ្យតក់ស្លុតភិតភ័យ ឬញាប់ញ័រកាលបើសេចក្ដីស្លាប់នោះមកដល់ ។ រឿងដែលជួយទ្រទ្រង់ដំណើរការជីវិតប្រកបដោយសេចក្ដីមិនប្រមាទ និងមានសតិតាំងមាំ មិនតក់ស្លុតចំពោះសេចក្ដីស្លាប់នោះ មិនថានឹងមានសភាពលក្ខណៈយ៉ាងណាមួយនោះទេ ក៏មិនអាចជាអពមង្គលទៅរួចឡើយ គ្រាន់តែជាធម្មជាតិរបស់មនុស្សខ្លាចស្លាប់ ខ្លួនមិនចង់ស្លាប់ មិនចង់ឲ្យរឿងដែលខ្លាចនោះកើតឡើង ខ្ពើមរអារនឹងនិយាយរក ខ្ពើមរអារនឹងនឹកឃើញ ដល់ទីបំផុតទៅសូម្បីតែនឹកដល់ និយាយដល់រឿងការស្លាប់ទៅជាអពមង្គល វាចំណុចរសើមនៃអារម្មណ៍របស់មនុស្សខ្លាចស្លាប់ប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាជ្រុងណាមួយនៃការពិតទេ ។

ការស្លាប់នោះ លោកមិនបានបង្រៀនអប់រំឲ្យខ្លាចទេ ប៉ុន្តែបង្រៀនអប់រំឲ្យស៊ូៗប្រកបដោយសេចក្ដីមិនប្រមាទ ប្រញាប់ប្រញាល់ស្ទុះស្ទាម្នីម្នាសាងគុណប្រយោជន៍ សាងអំពើល្អទុកឲ្យបានច្រើន ។ កាលបើរាងកាយបែកធ្លាយរលត់បញ្ចក្ខន្ធទៅ នឹងបានសល់នៅគុណសម្បត្តិទុកបានជាប្រយោជន៍ដល់អ្នកដទៃ ជាទីអាឡោះអាល័យគោរពស្រឡាញ់រាប់អានរបស់បច្ឆាជន នឹងនឹកយល់ឃើញបានថា ទុកណាជាជននោះស្លាប់បាត់បង់អាយុជីវិតទៅហើយក្ដី មនុស្សជំនាន់ក្រោយក៏នឹងនឹកសាងរូបសំណាកតំណាង ឬកសាងថាវរវត្ថុទុកក្រាបសំពះគោរពបូជាដែរ ។ ដូចនេះមានន័យថា ស្លាប់តែរូប តែកេរ្តិ៍ឈ្មោះសេចក្ដីល្អមិនបានស្លាប់ទៅតាមបុគ្គលដែលស្លាប់ទៅនោះទេ នេះគេហៅថាស្លាប់បែបមិនស្លាប់ ឬស្លាប់អមតៈ ដូចជាពាក្យព្រះអរហំសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សំដែងទុកថា រូបំ ជីរតិ មច្ចានំ នាម គោត្តំ ន ជីរតិ ប្រែថា ទុកណារូបរាងកាយរលាយសាបសូន្យទៅ តែកេរ្តិ៍ឈ្មោះ និងអំពើល្អមិនមានថ្ងៃរលាយសាបសូន្យទៅឡើយ ។

ទុកម្ដេចម្ដា មនុស្សគ្រប់រូបនឹងត្រូវស្លាប់ទៀងប្រាកដស្រាប់ហើយ មិនសាកល្បងស៊ូដើម្បីឲ្យខ្លួនស្លាប់ទៅបែបអមតៈមើលខ្លះទេឬ?បើប្រិយមិត្តអ្នកអាន ចង់រកនិទានធម្មៈ ដែលមាននិទានធម្មៈថ្មីៗស្ទើរតែដាក់បង្ហោះឲ្យប្រិយមិត្តបានអានជារៀងរាល់ថ្ងៃ ។ គោលគំនិតល្អដើម្បីជីវិតក៏បានសម្រិតសម្រាំងរើសយកនិទានពីរោះៗមកបង្ហោះនៅក្នុងផេក និងគេហទំព័ររបស់ខ្លួន ក្មេងៗអានក៏បាន កម្លោះក្រមុំអានក៏បាន វ័យជ្រេចំណាស់ក៏អានបាន និងវ័យចាស់ក៏រឹតតែត្រូវការអានខ្លាំងឡើង ។ និទានធម្មៈ ដែលដាក់បង្ហោះនេះ មិនមែនជាការអានឲ្យភ្លើតភ្លើនអារម្មណ៍អ្វីឡើយ ប៉ុន្តែជាការបញ្ជ្រាបខ្លឹមសារទ្រឹស្តីអប់រំលក្ខគោលរបស់អ្នកប្រាជ្ញទាំងឡាយ មានព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទុកជាគ្រឿងដាស់តឿនចិត្ត កុំឲ្យមានសេចក្ដីប្រមាទ ក៏ដូចជាកម្លាំងបណ្ដាលចិត្តឲ្យស៊ូទៅកាន់សេចក្ដីសុខ សេចក្ដីចំរើន ទៅកាន់ប្រយោជន៍គ្រប់យ៉ាង ទាំងក្នុងលោកនេះ និងលោកខាងមុខ ៕


ប្រែ.គ.វ
រូបភាព៖Google.com

No comments:

Post a Comment