Monday, December 25, 2017

ជីវិតនេះ...ខ្លីណាស់


ជីវិតនេះ...ខ្លីណាស់

ធម្មគតិអប់រំចិត្ត ជីវិតនេះខ្លីណាស់... ពាក្យថា ជីវិត...ខ្លីណាស់ ក្នុងទីនេះមានន័យថា ឱកាសក្នុងការសាងអំពើល្អរបស់មនុស្សយើងគ្រប់រូបគ្រប់គ្នាមានពេលកំណត់ ព្រោះថាជីវិតនេះអាស្រ័យលើកាលវេលា ។ ពេលវេលាកន្លងផុតទៅ ញ៉ាំងឲ្យជីវិតរបស់មនុស្សយើងរមែងស្រកស្រុតច្យុតទៅតាមផងដែរ ។ យ៉ាងណាក៏ដោយ ពេលយើងបានជីវិតមក វាចាំបាច់ត្រូវតស៊ូក្រាញននៀលរើបម្រះដើម្បីការរួចផុត និងរស់នៅស្រួលមានសេចក្ដីសុខ ព្រមទាំងប្រើជីវិតដែលរស់នៅនេះដោយការកំណត់សាងនូវគុណធម៌ ។ ពេលជីវិតនឹងត្រូវតស៊ូក្រាញននៀលប្រណាំងប្រជែងជាមួយពេលវេលាយ៉ាងនេះហើយ បើរវល់តែទៅគិតរឿងរ៉ាវផ្សេងៗដែលខ្លួនឯងមិនចូលចិត្ត ដូចជាមនុស្សឯនោះធ្លាប់ជេរស្តីដាក់យើង ធ្លាប់បង្កជម្លោះវិវាទជាមួយនឹងយើង ហើយយើងមិនចូលចិត្តអ្នកនេះ មិនចូលចិត្តអ្នកនោះ ក្រៅពីធ្វើឲ្យពេលវេលាខូចបង់ទៅជាមួយរឿងមិនចាំបាច់ហើយ ថែមទាំងធ្វើឲ្យភ្លេចនូវតួនាទីរបស់ខ្លួនឯងថា តើអ្វីគួរធ្វើ អ្វីមិនគួរធ្វើទៀតផង? ហើយការគិតដដែលៗ ធ្វើរឿងដដែលៗនូវរឿងមិនល្អទាំងអស់នេះ ក្រៅពីធ្វើឲ្យខូចពេលវេលា ថែមទាំងធ្វើឲ្យសុខភាពផ្លូវចិត្តខូចមួយទៀតផងដែរ ។

ដូចនេះ ផ្នែកខាងព្រះពុទ្ធសាសនាទើបបានបង្រៀនអប់រំជារឿយៗថា ជីវិតនេះខ្លីណាស់ ទុកជាការដាស់តឿនសតិឲ្យយើងតាំងស៊ប់នៅក្នុងសេចក្ដីមិនប្រមាទ មានការប្រុងស្មារតីជានិច្ចនៅក្នុងវ័យ និងនៅក្នុងជីវិតមួយនេះដូចខាងក្រោម៖

១) បឋមវ័យ ត្រូវប្រឹងប្រែងព្យាយាមស្វះស្វែងសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ឬត្រៀមលក្ខណៈព្រមទាំងផ្នែកសិក្សា ព្រោះការសិក្សារៀនសូត្រនេះ គឺជាគ្រឿងប្រដាប់ ជាឧបករណ៍ជំនួយនាំទៅកាន់មាគ៌ាមួយសាងឱកាសដ៏សំខាន់បំផុតក្នុងជីវិត ។

២) មជ្ឈិមវ័យ គឺជាវ័យមួយត្រូវប្រឹងប្រែឧស្សាហ៍ព្យាយាមធ្វើការងារ រកទ្រព្យសម្បត្តិ ចេះទុកដាក់ទ្រព្យធនដែលខ្លួនរកមកបានហើយនោះ និងចេះចាយវាយទ្រព្យធនដោយមានការចេះសន្សំសំចៃចេះលៃលកវត្ថុតម្រូវការ ឬចាំបាច់ប្រចាំជីវិត ព្រមទាំងឲ្យចេះសមល្មមជាមួយជីវភាពឋានៈរបស់ខ្លួនឯង ។

៣) បច្ឆិមវ័យ ជាវ័យមួយត្រូវមានចិត្តខ្នះខ្នែងព្យាយាមធ្វើបុណ្យកុសលនានា រកស្ងប់សុខផ្នែកខាងផ្លូវចិត្ត ដែលជាមាគ៌ាមួយក្នុងការត្រៀមខ្លួនព្រមជាស្រេច ដើម្បីជាប្រយោជន៍ក្នុងការធ្វើដំណើរទៅកាន់ភូមិភពល្អៗ នៅពេលដែលយើងចាកចេញពីលោកមួយនេះ ទៅកាន់លោកមួយទៀត ។ សូមបញ្ជាក់ថា សេចក្ដីល្អនេះបើយើងរៀនសន្សំធ្វើពីក្មេងៗជារឿងៗមកក៏បានដែរ ព្រោះថាជីវិតរបស់យើងនេះមិនទៀងទាត់ ថាក្មេង ថាមធ្យម ថាចាស់ទេ សេចក្ដីស្លាប់មិនរើសវ័យឡើយ ដូចនេះការសន្សំសេចក្ដីល្អទុកឲ្យបានច្រើនតាំងពីតូចមក ក៏ជារឿងល្អមួយសម្រាប់ជីវិតយើងផងដែរ ។

សរុបសេចក្ដីរួមបានថា យើងនឹងធ្វើអ្វីៗត្រូវប្រញាប់ប្រញាល់រួសរាន់ធ្វើឲ្យបានឆាប់ កុំបង្អែរបង្អង់រង់ចាំទុកយូរឲ្យសោះ ព្រោះថាជីវិតនេះខ្លីណាស់ សមដូចពាក្យអ្នកប្រាជ្ញបានពោលទុកថា កាលវេលា និងវារី មិនដែលរង់ចាំបុគ្គលណាមួយឡើយ រថយន្តឈ្នួល និងរថភ្លើង វាក៏ចាកចេញទៅតាមកាលវេលារបស់វា ត្រេតត្រតៗនិងរេរង់ៗ ក៏នឹងភ្លាត់សេចក្ដីប្រាថ្នា អស់សង្ឃឹមនិងនឹងសោកា អនិច្ចាយើងទៅយឺតពេលហើយ ៕

ប្រែ.គ.វ
រូបភាព៖ ហ្វេសប៊ូក


No comments:

Post a Comment