សម្បត្តិទ្រព្យដែលមិនចេះអស់ (តចប់)
ពិសេសចំពោះរឿងច្បាប់នៃកម្ម ច្បាប់របស់ធម្មជាតិ
ដែលព្រះពុទ្ធអង្គបានពិសោធរកឃើញថា អ្វីៗគ្រប់យ៉ាងនោះ វាមានកំណរកំណើតកើតឡើងជាយូរយារណាស់មកហើយ
។ ព្រះអង្គទ្រង់បានត្រាស់ដឹង
និងបានពិសោធរកឃើញសច្ចធម៌ទាំងអស់ដែលមាននៅក្នុងលោកចក្កវាឡ ប្រៀបបានដូចជាព្រៃធំទាំងមូលដែលពោរពេញដោយរុក្ខជាតិក្រាសណែនតាន់តាប់
និងវត្ថុទាំងឡាយដែលមានជីវិត ប៉ុន្តែព្រះអង្គទ្រង់នាំយកមកបង្រៀនអប់រំនោះមានប្រមាណតិច
ប្រៀបបានដូចជាស្លឹកឈើដែលក្ដាប់ទុកនៅក្នុងព្រះហស្ថរបស់ព្រះអង្គប៉ុណ្ណោះ
ព្រោះព្រះពុទ្ធជាម្ចាស់ សុទ្ធតែទ្រង់ជ្រាបដឹងច្បាស់ថា
ភាពពិតរបស់មនុស្សនោះទទួលបានប៉ុណ្ណឹង ។
ច្បាប់ដែលព្រះអង្គទ្រង់បានពិសោធរកឃើញនោះ
គឺហេតុនិងផលរបស់វា មានភាពប្រទាក់ក្រឡាគ្នា ពុំបានកើតឡើងដោយឥតហេតុ
ដូចជាមនុស្សខ្ជិលច្រអូស
មនុស្សពូកែកិបកេងប្រវញ្ចប្រព្រឹត្តអំពើពុករលុយឆបោកទ្រព្យសម្បត្តិគេគិតឡើយ
កាលណាយើងយកគ្រប់ពូជអ្វីទៅសាបព្រោះចូលទៅ ផលរបស់វានឹងចេញមកយ៉ាងនោះ បើយើងដាំដើមចេក
ដូង ស្វាយ ខ្នុរ ក្រូច ល្ហុង ក៏ត្រូវទទួលបានផលចេក ដូង ស្វាយ ខ្នុរ ក្រូច ល្ហុង
គ្មានផ្លូវណាក្រៅពីហេតុខាងដើមនេះឡើយ មិនមែនដាំក្រូច ទៅបានផលប៉ោមនោះទេ ។
ដូចគ្នាទៅនឹងទង្វើរបស់មនុស្សធ្វើល្អ ក៏ត្រូវទទួលផលល្អ
ធ្វើអាក្រក់ក៏ទទួលផលអាក្រក់ នឹងទទួលបានយឺត ឬឆាប់វាអាស្រ័យលើទង្វើដែលគេហៅថា “កម្ម”
ហ្នឹងឯង មិនប្រាកដថាអ្នកធ្វើល្អបានទទួលផលអាក្រក់ អ្នកធ្វើអាក្រក់ទទួលផលនោះទេ ។
វាមិនអាចទៅរូចឡើយដែលថា មនុស្សខ្ជិល
មិនចាប់ធ្វើការងារអ្វីច្រើន នឹងត្រូវមានបាន មានកិត្តិយស
មានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម ប៉ុន្តែប្រហែលមិនយូរទេ នឹងឃើញទាន់ភ្នែកយើងមើលឃើញប្រាកដ
ព្រោះកាលណាចាយបុណ្យអស់ ឬចាយលុយកាក់ដែលមានអស់ ដោយមិនធ្លាប់ធ្វើបុណ្យ
ឬរកលុយកាក់មកចាក់បំពេញបន្ថែមឡើងទេ ដល់ថ្ងៃមួយបុណ្យរបស់បុគ្គលនោះនឹងអស់
ឬអស់លុយកាក់ជាក់ជាមិនខានឡើយ ។
មើលជាតួយ៉ាងបុគ្គលដែលធ្លាប់មើលឃើញដោយការកោតសរសើរថា
ជាមនុស្សមានលុយកាក់មាសប្រាក់ចាក់គរដូចភ្នំ
ទុកជាចាយលុយមួយរយជាតិទៀតក៏មិនមានថ្ងៃអស់ដែរ មនុស្សដែលមានកិត្តិយស
មានឋានៈតួនាទីខ្ពស់គ្រាក់ៗ នៅក្នុងសង្គមដែលធ្វើដំណើរទៅណាមកណា
មានតែមនុស្សម្នាឱនលំទោនសំពះគោរពស្រឡាញ់ចុះតាមលំដាប់ ។ ក្នុងថ្ងៃនេះ
មានតួយ៉ាងទាំងគេចពីសាលក្រម គេចពីតុលាការគេចខ្លួនទៅជ្រកកោនក្រៅប្រទេស ជាប់ឃុំឃាំង
ជាប់មានពិរុទ្ធ មានចំនួនច្រើនណាស់ ។
ព្រោះថា វាប្រព្រឹត្តទៅតាមច្បាប់កម្ម
ដែលមនុស្សគ្រប់គ្នា មិនមានផ្លូវគេចរួចផុតបាន ។
អ្នកណាធ្វើអ្វី សាងអ្វី បង្កអ្វីឡើង ក៏ត្រូវមកទទួលផលរបស់វា
កម្មជាអ្នកកំណត់ទាំងអស់ ក្នុងផ្នែកវិទ្យាសាស្ត្រនោះចង្អុលប្រាប់ថា ជារឿងនៃច្បាប់សមតុល្យ
action ស្មើនឹងreaction បញ្ចេញកម្លាំងខ្លាំងទៅប៉ុនណា ក៏បានត្រឡប់មកខ្លាំងប៉ុណ្ណោះដែរ ។
ប៉ុន្តែនៅក្នុងលោកនេះ មានមនុស្សច្រើនណាស់នៅមិនទាន់បានយល់ជ្រួតជ្រាបថា
នៅមានសម្បត្តិទ្រព្យមួយប្រភេទទៀត ដែលចាយវាយ ឬប្រើប្រាស់យ៉ាងណាក៏មិនមានថ្ងៃអស់
រាប់ថ្ងៃមានតែបន្ថែមកើនច្រើនឡើង មិនថាខ្លួននៅក្នុងទីណា
លំបាកលំបិនស្ទើរសឹងតែលានគ្រប់ភ្នែក ជួបប្រសព្វនូវក្ដីវិបត្តិប្រការផ្សេងៗ
សម្បត្តិទ្រព្យប្រភេទនេះ និងជួយឲ្យយើងវិលមករកឋានៈជីវភាពល្អប្រសើរ មានបាន
និងមានមនុស្សកោតខ្លាចគោរពលើកសរសើរ ដោយចេញពីចិត្តស្មោះ ទើបបានជាគោលគំនិតល្អដើម្បីជីវិត
ស្រង់យកមកប្រែចុះផ្សាយក្នុងគេហៈទំព័ររបស់ខ្លួន ដើម្បីជាបណ្ដាការ
មានអត្ថន័យខ្លឹមសារ ទុកឲ្យប្រិយមិត្តអ្នកអានទាំងឡាយ
បានអានទុកជាគតិគិតពិចារណាតាមការគួរចុះ ។
អ្នករាប់អាន
ក៏ដូចជាអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់ទីមជ្ឈដ្ឋាន គ្រប់រូប
តែងតែនាំគ្នាហៅទ្រព្យនោះថា “អរិយទ្រព្យ” គឺជាទ្រព្យមួយដែលព្រះពុទ្ធជាម្ចាស់
ដែលជាអង្គសាស្ដាចារ្យរបស់យើងនោះ ទ្រង់រកឃើញនាំយកមកបង្រៀនអប់រំទូន្មានប្រៀនប្រដៅ
និងប្រគល់នូវទ្រព្យដ៏សែនវិសេសវិសាលបំផុតដល់យើងគ្រប់គ្នា ។
បុគ្គលណាមានទ្រព្យនេះនៅក្នុងចិត្តសន្តានហើយ នឹងជួបប្រទះប្រសព្វនូវសេចក្ដីសុខ
និងសេចក្ដីសម្រេចយ៉ាងពិតប្រាកដនៅក្នុងជីវិត ។
អរិយទ្រព្យរបស់ព្រះពុទ្ធជាម្ចាស់ រាប់ថាជាទ្រព្យដ៏ប្រសើរថ្លៃថ្លា
និងធំក្រៃលែងជាពន្លឹកបំផុត ។ អរិយទ្រព្យនេះមានតម្លៃដ៏មហាសាលរកប្រមាណមិនបាន
វាស្ថិតនៅក្នុងចិត្តរបស់យើង វាមានភាពប្រសើរលើសលុបជាងទ្រព្យសម្បត្តិនៅខាងក្រៅ
ព្រោះមិនមានបុគ្គលណាអាចមកដណ្ដើមរឹបអួសឆបោកឆកប្លន់យកទៅបាន និងសាបសូន្យដោយភ្លើង
ដោយទឹក ដោយក្ដីវិបត្តិអន្តរាយផ្សេងៗក៏គ្មានដែរ ។
ទ្រព្យដែលធ្វើឲ្យចិត្តរបស់បុគ្គលដែលមានសម្បត្តិទ្រព្យនេះ
មិនចេះអំនួតអួតក្អែងក្អាង ចាងវ៉ាង មិនច្របូកច្របល់ភាន់ភាំងវង្វេងផ្លូវ
និងថែមទាំងជាមូលដ្ឋានបាតគ្រឹះដ៏សំខាន់ ដើម្បីទៅកសាងទ្រព្យសម្បត្តិខាងក្រៅឲ្យបានចំរុងចម្រើនរុងរឿងបានទៀតផង ។
ជាទីគួរឲ្យសោកស្តាយណាស់ ដែលមនុស្សក្នុងយុគសម័យនេះ
នៅខ្វះការយល់ដឹងក្នុងរឿងអរិយទ្រព្យនេះ មានចំនួនច្រើនលើសលុប
នាំគ្នាបំភ្លេចចោលទ្រព្យដ៏ប្រសើរក្រៃលែងមួយនេះ មនុស្សគ្រប់រូបគួរស្វះស្វែងរក
និងឲ្យមានជាប់ខ្លួន តែត្រឡប់បែរជានាំគ្នាផ្ដោតអារម្មណ៍យកចិត្តទុកដាក់
ស្វះស្វែងរកទ្រព្យសម្បត្តិលុយកាក់មាសប្រាក់របស់ដែលគេសន្មតឡើងទៅវិញ
ដែលប្រើប្រាស់បានត្រឹមតែការតបស្នងដល់រូបរាងកាយ និងដើម្បីតបស្នងកិលេសតណ្ហាសេចក្ដីប្រាថ្នាក្នុងជីវិត
ដែលរាប់ថាជារបស់ទ្រុឌទ្រោម ពុកផុយស្អុយរលួយទៅវិញ ចោលទុកក្នុងលោកនេះជាធម្មតា ។
ប៉ុន្តែអរិយទ្រព្យរបស់ព្រះពុទ្ធជាម្ចាស់គឺ “អរិយទ្រព្យដ៏ប្រសើរ”
ជាគុណធម៌ប្រចាំចិត្តយ៉ាងប្រសើរ ដែលមនុស្សគ្រប់គ្នាគួរមាន
និងប្រគល់ទៅដល់មនុស្សជាទីស្រឡាញ់ មិនថា ប្ដីប្រពន្ធ មិត្តភក្ដិរួមការងារ
មិត្តភក្តិរួមលោក ដើម្បីឲ្យពួកគេទាំងនោះមានទ្រព្យនេះប្រើប្រាស់ទៅមិនមានថ្ងៃអស់
ប្រកបព្រមជាមួយផង ។
១). ការជឿដែលមានហេតុផល (សទ្ធា)
ប្រាកដចិត្តក្នុងលក្ខគោលប្រកាន់ជំនឿក្នុងអំពើល្អដែលខ្លួនធ្វើ ជឿទៅលើច្បាប់នៃកម្ម
ដូចជាជឿថា បុគ្គលណាធ្វើអាក្រក់ ត្រូវទទួលផលអាក្រក់
បុគ្គលណាធ្វើល្អក៏ត្រូវមកទទួលផលល្អ ទើបខ្លួនប្រញាប់ប្រញាល់ខ្វល់ខ្វាយប្រកបការងារសុចរិត
។
២). ការរក្សាកាយ វាចាឲ្យមានសណ្ដាប់ធ្នាប់ មានរបៀបរាបរយល្អ
ប្រព្រឹត្តល្អប្រពៃតាមកាយ និងវាចា (សីល) ។ ការដែលមនុស្សត្រូវមានសីល
ដើម្បីជាគ្រឿងការពាររារាំង កុំឲ្យខ្លួនទៅធ្វើអាក្រក់ ដែលធ្វើឲ្យធ្លាក់ចូលទៅក្នុងផ្លូវនៃសេចក្ដីវិនាស
មិនមានថ្ងៃរីកចម្រើនបាន និងទៅណាមកណា មានតែមនុស្សគេមិនចង់រាប់អានសេពគប់រក ។
៣). សេចក្ដីខ្មាសចំពោះអំពើអាក្រក់ (ហិរិ)
មនុស្សល្អនោះត្រូវចេះខ្មាសក្នុងការដែលខ្លួនទៅធ្វើអាក្រក់បាបលាមក
ចេះស្ទាបស្ទង់ថ្លឹងថ្លែងចិត្ត មានបញ្ញាត្រឹមត្រូវជាគ្រឿងប្រយឹតប្រយោង
កាលណាមានបញ្ញា បញ្ហាគ្រប់យ៉ាងក៏ត្រូវដោះស្រាយបានដោយរលូន ។
៤). សេចក្ដីក្រែងខ្លាចចំពោះអំពើអាក្រក់ (ឱត្តប្បៈ)
កាលបើយកពាក្យថា ហិរិ និងឱត្តប្បៈ ទាំងពីរនេះមករួមបញ្ចូលគ្នានោះ ហៅថា សេចក្ដីខ្មាស
និងសេចក្ដីក្រែងខ្លាចចំពោះអំពើបាប ប្រកាន់ថា
ជាធម្មៈដ៏សំខាន់ចំពោះការប្រើប្រាស់ជីវិត ។ ការរស់នៅរួមគ្នារបស់មនុស្សនៅក្នុងសង្គមនេះច្រើន
ព្រោះបុគ្គលដែលមិនចេះខ្មាសចំពោះការប្រព្រឹត្តខុស
និងមិនខ្លាចក្រែងចំពោះផលរបស់អំពើអាក្រក់ហើយនោះ បុគ្គលនោះតែងតែធ្វើរឿងអាក្រក់គ្រប់បែបយ៉ាងបាន
។
ពួកគេអាចទៅបង្កភាពក្ដៅក្រហាយ ភាពហាយនៈឲ្យដល់បុគ្គលដទៃ
និងខ្លួនឯងនៅក្នុងសង្គមបានមិនឈប់មិនឈរគ្រប់ពេលបាន ព្រោះហេតុនេះ សង្គមនេះ
ទើបត្រូវការធម្មៈទាំងពីរប្រការនេះ យកមកការពារឃុំគ្រង ទើបហៅបានថា លោកបាលធម៌
ឬធម្មៈដែលឃុំគ្រងលោក ។
៥). ភាពជាអ្នកបានសិក្សារៀនសូត្រច្រើន (សុតៈ ឬពាហុសច្ចៈ)
តាមន័យរួមនោះ មានន័យថា ការបានសិក្សារៀនសូត្រច្រើន ឬខ្ពង់ខ្ពស់ (ក្នុងសម័យនេះ) ។
ការមានចំណេះវិជ្ជាជ្រៅជ្រះ និងមានបទពិសោធច្រើន ហៅថាបុគ្គលមានភាវៈ(ពហុសូត)
គឺជាអ្នកបានសិក្សារៀនសូត្រច្រើន អ្នកមានចំណេះដឹង
ក៏នាំយកទៅប្រើក្នុងការប្រកបអាជីពធ្វើឲ្យមានសេចក្ដីរីកចម្រើនរុងរឿង
ក្នុងកិច្ចការងារនោះៗបាន ។
៦). ការលះបង់ ជួយសង្គ្រោះជួយឧបត្ថម្ភ (ចាគៈ) មានន័យថា
ការលះបង់ទ្រព្យសម្បត្តិនានា និងសេចក្ដីសុខផ្ទាល់ខ្លួន
ដើម្បីជាប្រយោជន៍សុខរបស់បុគ្គលដទៃ មានន័យដូចជាពាក្យថា “ទានៈ” ដែរ គឺការឲ្យ
ដែលជាការបង្កសុខឲ្យកើតឡើង គួរមានលក្ខណៈដូចជា ការឲ្យដោយចិត្តត្រេកអរ
ឲ្យដោយចិត្តគ្មានលំអៀង ឲ្យដោយសេចក្ដីស្ម័គ្រចិត្ត ឲ្យដោយគ្មានបំណងចង់បានវត្ថុតបស្នង
ឬឲ្យដោយមិនស្រណោះដៃ ។ ការឲ្យដូចនេះ ជាការឲ្យដ៏មានតម្លៃខ្លាំងណាស់ ។
កាលណាឲ្យកាន់តែខ្លាំង ការទទួលបានមកវិញក៏កាន់តែខ្លាំង ដូចពាក្យមួយនិយាយថា ការអស់ទៅក៏បានមកវិញ
។
៧). ចំណេះដឹង ការយល់ជ្រួតជ្រាបច្បាស់ក្នុងហេតុនិងផល ល្អអាក្រក់ ខុសត្រូវ
គុណទោស ស្គាល់ថាមានប្រយោជន៍ឥតប្រយោជន៍ ចេះគិត ចេះត្រិះរិះពិចារណា
និងដឹងទីដែលត្រូវធ្វើ ត្រូវរៀបចំ(បញ្ញា) ។
បញ្ញា មានន័យថា ឆ្លៀវឆ្លាត ដឹងសព្វ
យល់ច្បាស់ក្នុងរឿងផ្សេងៗ (បុគ្គលមានបញ្ញារមែងដឹងខុសត្រូវ ល្អអាក្រក់
ស្គាល់បាបបុណ្យគុណទោស ស្គាល់ហេតុផល ស្គាល់ពីឋានៈរបស់ខ្លួនឯង និងមនុស្សដទៃ អាចប្រព្រឹត្តខ្លួនឲ្យចុះសម្រុងនៅក្នុងសង្គមបាន
ចេះស្គាល់ប្រមាណគឺធ្វើឲ្យល្មមគ្រប់ មិនខ្វះ មិនលើស ចេះស្គាល់កាលៈទេសៈ ។ល។
មនុស្សដែលក្លាយជាមនុស្សពូកែ និងជាមនុស្សល្អនោះ
ម្នាក់ៗត្រូវយល់ដឹងក្នុងរឿងអរិយទ្រព្យនេះច្បាស់គ្រប់ៗគ្នា
និងនាំយកទៅប្រតិប័តន៍ប្រើប្រាស់នៅក្នុងការទ្រទ្រង់ជីវិត
ទើបធ្វើឲ្យជីវិតជួបតែសេចក្ដីរុងរឿង ជីវិតមានបាន និងជីវិតមានសេចក្ដីសុខ
មិនថានឹងទៅនៅទីណាកន្លែងណាក៏គ្មានផ្លូវណាមួយធ្លាក់ចុះក្នុងសេចក្ដីអន្ធក្រ ថយថោកឡើយ
នឹងមានតែកើនចម្រើនឡើងជាភេយ្យោភាព ហើយក៏ជាគន្លឹះនៃការក្លាយខ្លួនទៅជាមហាសេដ្ឋីផងដែរ
។
ថ្ងៃនេះ ជីវិតរបស់យើងដែលរស់នៅក្នុងសង្គម
និងជាយុគៈនៃភាពរីកចម្រើនជឿនលឿនបែបសម្រេចរូបស្រាប់ៗ ដែលជាផ្នែកមួយ
ញ៉ាំងឲ្យមនុស្សជំនាន់ថ្មីនេះ ខ្វះភាពអត់ធ្មត់ និងពុំសូវមានសេចក្ដីព្យាយាមមុះមុត
កាលបើមានអ្វីមួយកើតឡើង ទើបមិនសូវចេះវិធីដោះស្រាយ ហើយតាមការពិតទៅ
បើសាកសួរចិត្តខ្លួនឯងថាតើថ្ងៃនេះ ខ្លួនកំពុងតាមស្វះស្វែងរកទ្រព្យបែបណា?
សាកល្បងលះបង់ពេលវេលាបន្តិចបន្តួចរបស់ខ្លួន
នាំគ្នាមកអង្គុយគិត ហើយត្រិះរិះពិចារណាមើលពីជីវិតដែលនៅសល់ថា
តើក្នុងការដោះស្រាយបញ្ហាទាំងឡាយដែលកើតឡើង និងសាងខ្លួនឯងឲ្យក្លាយជាមនុស្សពូកែ
និងមនុស្សល្អទៅព្រមដែរឬទេ? ចុះខ្លួននឹងគួរធ្វើយ៉ាងណា? ព្រមទាំងសេចក្ដីព្យាយាមទៅក្នុងកម្រិតណា?
រឿងទាំងអស់នេះចូលមកក្នុងជីវិតរបស់ខ្លួនបាន ។
រឿងបែបនេះ ត្រូវគិតដោយខ្លួនឯង សាកល្បងធ្វើដោយខ្លួនឯង
ទើបនឹងបានដឹងដោយខ្លួនឯង គ្មានបុគ្គលណាមួយមកជួយយើងបាន ក្រៅពីខ្លួនយើងឡើយ ៕
.................................................................................
ពីស.វ និទានបន្ថែមកម្លាំងចិត្ត ក្នុងថ្ងៃដែលអស់សង្ឃឹម
ឆ្នាំ. ព.ស. ២៥៥៦ ទំ.៨៩-៩០
ប្រែ.គោលគំនិតល្អដើម្បីជីវិត
រូបភាព៖ Google.com
No comments:
Post a Comment