Tuesday, December 26, 2017

ទឹកជោរឲ្យប្រញាប់ដួស


ទឹកជោរឲ្យប្រញាប់ដួស

និទានធម្មនិងជីវិត វគ្គទឹកជោរឲ្យប្រញាប់ដួស ... មានសំនួនវោហារមួយដែលប្រិយមិត្តអ្នកអានមិនសូវបានជួបប្រទះឃើញឮទេមើលទៅ ដែលលោកបានពោលទុកថា ទឹកជោរឲ្យប្រញាប់ដួស ដែលមានន័យថា គឺពេលមានឱកាសល្អ គួរប្រញាប់ធ្វើភ្លាមៗ មិនទុកបណ្ដោយឲ្យឱកាសនោះកន្លងផុតទៅ ដោយគ្មានបានប្រយោជន៍អ្វី មិនដូច្នេះទេ អាចធ្វើឲ្យភ្លាំងភ្លាត់ឃ្លាតពីផលប្រយោជន៍ដែលគួរមានគួរបាន ។ សំនួនវោហារមួយឃ្លានេះ វាជួយដាស់តឿនកើនរំលឹកចិត្តបានយ៉ាងល្អ ជាពិសេសក្នុងរឿងការកសាងអនាគតរបស់យើងម្នាក់ៗ ។

អនាគតនៃអ្វីសព្វគ្រប់ប្រការក្នុងលោកនេះ ជារឿងមិនថិតថេរមិនទៀងទាត់ អាចមានការផ្លាស់ប្ដូរប្រែប្រួលទៅគ្រប់ខណៈពេល ហើយវាអាចប្រព្រឹត្តទៅមិនដូចអ្វីដែលយើងគិតស្មានរំពឹងទុក ពេលមានឱកាស ឬពេលឱកាសមកដល់ ក៏មិនគួរបោះបង់ឱកាសនោះ ឬប្រើឱកាសនោះទៅក្នុងផ្លូវសេពសោយសេចក្ដីសុខចំពោះមុខត្រឹមតែម្យ៉ាងទេ ប៉ុន្តែគួរមើលឃើញពីស្ថិរភាពនៃជីវិតក្នុងអនាគតជាគោលដៅសំខាន់ សម្លឹងមើលហេតុការណ៍ និងពេលវេលាដែលនឹងមកដល់ថា ជារឿងមានតម្លៃប្រៀបដូចជាទឹកកំពុងជោរ ហើយប្រើហេតុការណ៍នោះសាងជីវិតឲ្យគង់វង់ ដល់ប្រាកដចិត្តបានថាជាបច្ច័យដែលចាំបាច់ចំពោះការទ្រទ្រង់ជីវិត ដូចជា អាហារ សម្លៀកបំពាក់ ទីជម្រក ថ្នាំដង្កូវរក្សារោគ ជាដើម ។ ខ្លួនបានចាត់ការរៀបចំស្វែងរកទុកដាក់ដើម្បីខ្លួនឯង និងក្រុមគ្រួសារហើយក្នុងអនាគត ទុកណាជាត្រូវជួបប្រទះជាមួយស្ថានភាពប្រែប្រួលយ៉ាងណាក្ដី ក៏មិនមានសេចក្ដីក្ដៅក្រហាយកើតខ្លាំងក្លាឡើងដែរ ។

រឿងសំខាន់មួយប្រការក្នុងការកសាងអនាគតនោះ គឺការសម្រេចចិត្ត ។ មនុស្សដែលបានទទួលភាពជោគជ័យក្នុងជីវិត ច្រើនមានចំណុចចាប់ផ្ដើមពីការសម្រេចចិត្តដ៏ល្អ កាត់ស្មានហេតុការណ៍អនាគតបានយ៉ាងច្បាស់លាស់ ហើយប្រញាប់រួតរះភ្លាមៗទាន់ពេលមានឱកាស ដោយភាពមិនស្ទាក់ស្ទើររារែកចិត្ត ព្រោះការមិនបានសម្រេចចិត្តពេលមានឱកាស ឬសម្រេចចិត្តខុស ជាហេតុការមួយនៃភាពបរាជ័យក្នុងជីវិត ។ ដូច្នោះ បើសិនមានបំណងប្រាថ្នាដែលនឹងមានជីវិតគង់វង់ ពឹងពាក់ខ្លួនឯងបានក្នុងអនាគតហើយ ក៏គួរប្រញាប់ប្រញាល់សម្រេចចិត្តធ្វើរឿងដែលមានគុណតម្លៃឲ្យដល់ជីវិតគ្រប់ពេលវេលាដែលមានឱកាសមកដល់ ចូលធ្វើតាមទំនងដែលលោកពោលថា ទឹកជោរឲ្យប្រញាប់ដួស នោះឯង ៕

ប្រែ.គ.វ
រូបភាព៖google.com


No comments:

Post a Comment