ខ្នើយពិសេសត(៣)
ពេលអាហ្វុងភ្ញាក់ពីដេកឡើងមកម្ដងទៀត គេឃើញថា
ខ្លួនគេកំពុងស្ថិតនៅក្នុងផ្ទះចាស់រខេករខាកទ្រុឌទ្រោមដដែល
អ្វីគ្រប់យ៉ាងរក្សាបាននូវសភាពដូចដើម មុនដែលខ្លួនគេក្លាយជាមហាសេដ្ឋី ។
អាហ្វុងទើបដឹងថា រឿងរ៉ាវដែលគេបានឃើញនោះ គឺជារឿងដែលខ្លួនសុបិនប៉ុណ្ណោះ
គេរត់ចេញពីក្នុងខ្ទមដ៏កំសត់របស់ខ្លួនសើចរលាក់ដោយសេចក្ដីសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង
។
គេស្រែកសួរអ្នកស្រែអ្នកចម្ការ ដែលដើរកាត់មុខផ្ទះរបស់គេ
ដូចជាមិត្តសម្លាញ់ដែលបានបែកគ្នាបាត់មុខមកយូរហើយ បានត្រឡប់មកជួបគ្នាម្ដងទៀត
និងមានអារម្មណ៍ត្រេកអររីករាយ ជាមួយបរិយាកាសដែលបានវិលត្រឡប់មករកដូចដើមវិញ។
ល្មមដល់ពេលថ្ងៃត្រង់ក្នុងថ្ងៃហ្នឹង តាចាស់ដែលជាម្ចាស់ខ្នើយ
ក៏ធ្វើដំណើរវិលត្រឡប់មករកអាហ្វុងវិញ ។ ពេលជួបមុខគ្នា តាចាស់ម្នាក់នោះ
និយាយជាមួយអាហ្វុងដោយមានទឹកមុខញញឹមញញែមប្រិមប៉ប្រិយ ដូចពីកាលមុនៗ
អាហ្វុងបានឮសំនួរនេះ ដោយមានសេចក្ដីត្រេកអរណាស់
ប៉ុន្តែគេមិនបានឆ្លើយតបសំនួររបស់តាចាស់ទេ ប្រញាប់រត់ត្រឡប់ចូលទៅក្នុងផ្ទះ
ទៅលើកយកបង្វិចខ្នើយដែលខ្លួនរៀបចំទុកដាក់រាបរយ មកប្រគល់ជួនឲ្យម្ចាស់ដើមវិញ
ហើយបង្អោនខ្លួនគំនាបគោរពតាចាស់ ដោយមិនចង់ឈប់ ទាល់តែហើបមាត់ហបៗចង់ប្រាប់សេចក្ដីថា
“ខ្ញុំអាហ្វុង សូមអរគុណលោកតាយ៉ាងខ្លាំង ដែលបានផ្ញើខ្នើយវិសេសមួយនេះទុកនឹងខ្ញុំ
ទើបខ្ញុំបានទទួលមេរៀនដ៏មានតម្លៃនៃជីវិត... មិនមានសេចក្ដីសុខណាធំមហិមាជាង “ការពេញចិត្តគាប់ចិត្តក្នុងរឿងដែលខ្លួនឯងមាននេះទៀតទេ”
។ សូមអរគុណលោកតា ជាខ្លាំង ខ្លាំងរកអ្វីប្រៀបផ្ទឹមស្មើពុំបានឡើយ ។
ក្រោយពីនោះជាដើមមក
មនុស្សម្នាក្នុងភូមិស្រុក ក៏លែងបានឮសូរ
អាហ្វុងនិយាយរអ៊ូរទាំទៀតហើយក្នុងជីវិត
និងជាមនុស្សដែលទទួលបាននូវសេចក្ដីសុខគ្រប់ពេលវេលា ។
អាហ្វុងជាមនុស្សតំណាងដ៏ល្អខ្លាំងណាស់ សម្រាប់មនុស្សទាំងសាកលលោក
ព្រោះរឿងរបស់កិលេស និងតណ្ហារបស់មនុស្សនុ៎ះ មិនមានថ្ងៃផុតរលត់ទៅអស់ឡើយ
សឹងតែគ្រប់មនុស្សជាតិ មានសេចក្ដីលោភលន់ជាតួអង្គដែលធ្វើឲ្យមានចលនារំកិលទៅរកកិលេស
ឲ្យទៅរកសេចក្ដីប្រាថ្នាចង់បាន ។
មនុស្សពូកែ នឹងជាមនុស្សល្អនោះដឹងយ៉ាងច្បាស់ថា
ក្នុងជីវិតរបស់មនុស្សយើងគ្រប់រូប ត្រូវមានធម្មៈទុកប្រចាំជីវិតប្រកបផ្សំជាមួយផង
ដើម្បីមិនឲ្យតួកិលេសតណ្ហា ឬការប្រាថ្នាចង់បាននោះ ឲ្យជាធំជាងចិត្តរបស់ខ្លួន
វានឹងនាំជីវិតទាំងមូលចូលទៅរណ្ដៅមាត់ជ្រោះនៃសេចក្ដីវិនាសសាបសូន្យ
និងចិត្តកើតទុក្ខទោមនស្សយ៉ាងធ្ងន់ធ្ងរ ជាក់ជាមិនខាងឡើយ ។
មានមនុស្សច្រើនខ្លាំងណាស់ សុបិនចង់ក្លាយជាអ្នកមាន
ដូចជាអ្នកដទៃដែរ ហើយជួនកាលក៏ត្រូវក្រាញននៀល ស្រវាស្រទិញដើរស្វែងរកវាមក
ធ្វើឲ្យខ្លួនឯង និងអ្នកដែលរស់នៅក្បែរខ្លួនជាទីស្រឡាញ់ ត្រូវមកក្ដៅក្រហាយ
ក៏ព្រោះតែភាពប្រាថ្នាចង់បាន ភាពចង់មាន ឃើញសត្វដំរីជុះ ក៏ចង់ជុះតាមដំរី ទាំងដែលខ្លួនឯងតូចជាងសត្វដំរីយ៉ាងដាច់ឆ្ងាយអើយសែនឆ្ងាយ
ដូចជាសត្វហ៊ីងចង់ធំដូចគោ ក៏ខំប្រឹងបំប៉ោងខ្លួន ទាល់តែបែកពោះស្លាប់
ជឿថាមនុស្សគ្រប់់រូប គង់នឹងធ្លាប់បានអាន ស្ដាប់ដំណើររឿងបែបនេះមកខ្លះៗហើយដែរ ។
ប៉ុន្តែសម្រាប់មនុស្សល្អ និងមានបញ្ញានោះ
នឹងមានសេចក្ដីសុខជានិច្ចជាមួយវត្ថុដែលខ្លួនមាន
មានភាពពេញចិត្តគាប់ចិត្តជាមួយអត្តភាពរបស់ខ្លួនឯង
មិនជ្រួលច្រាលទៅជាមួយរឿងបំភាន់ភ្នែក បោកបញ្ឆោតកុហកខ្លួនឯង ដល់ថ្ងៃមួយ
វត្ថុបំភាន់ភ្នែកទាំងអស់នោះ ត្រូវបែកធ្លាយរលាយសូន្យទៅតាមកាលវេលា
ជាមួយច្បាប់របស់ធម្មជាតិ ដែលគ្មានបុគ្គលណាអាចផ្លាស់ប្ដូរវាបាន ។
នៅក្នុងសង្គមមនុស្សយើង
ក៏មានមនុស្សដូចជាអាហ្វុងនេះច្រើនណាស់ដែរ ដែលឃើញខ្លួនឯងនោះ មានតែសេចក្ដីទុក្ខ
ពិតជាមានខ្លួនមានជីវិតដ៏លំបាកជាងមនុស្សផងទាំងពួងដ៏ច្រើន ពិតជាមិនធ្លាប់មានឱកាសល្អៗ
ចូលមកក្នុងជីវិត មិនចង់នឹងនៅក្នុងស្ថានភាព ដូចអ្វីដែលមានសព្វថ្ងៃនេះទេ ។
ខ្លួនមានអារម្មណ៍ថា ជីវិតនេះមានតែសេចក្ដីទុក្ខវេទនា
ប្រកបមុខរបរការងារបានមិនដូចចិត្ត ធ្វើអ្វីៗ មើលទៅហាក់ដូចខុសទាំងអស់ ។
ខ្លួនមានអារម្មណ៍ថា ខ្លួនឯងនោះ គ្មានតម្លៃដូចជាមនុស្សដទៃណាបន្តិច ។
តើអ្វីឲ្យប្រាកដទៅជាមួយអារម្មណ៍
ដែលបែកខ្ទេចខ្ទាំជាន់ឈ្លីខ្លួនឯងទៅបែបនេះ ដោយច្រើនយើងតែងតែយកចិត្តខ្លួនឯងទៅវាស់វែងជាមួយអ្នកដទៃ
យកខ្លួនទៅប្រៀបផ្ទឹមជាមួយរឿងអស់នោះ
ដូច្នេះវាក៏នាំឲ្យកើតទុក្ខច្រើន ? ហេតុអ្វីមិនមើលក្នុងរឿងដែលខ្លួនឯងមាន ពេញចិត្តក្នុងរឿងដែលខ្លួនឯងបានទៅ
?
គ្រាន់តែយើងសញ្ជឹងគិតឲ្យឃើញថា យើងមានសំណាងប៉ុនណាទៅ
ដែលយើងនៅមានរូបរាងកាយ មានអវយវៈគ្រប់សព្វទាំង៣២ ប្រការ នៅមានមុខរបររកស៊ីទទួលបានធ្វើ
ទោះបីថ្ងៃនេះ អាចមានការលំបាកខ្លះ ប៉ុន្តែយើងនៅមានគ្រួសារ និងមិត្តភក្ដិ
នៅមានពេលរអ៊ូថា អាហារណាឆ្ងាញ់ អាហារណាអត់ឆ្ងាញ់
នៅមានឱកាសបានស្លៀកពាក់ខោអាវសាច់ពណ៌ល្អៗ និងនៅមានឱកាសគ្រប់គ្រងវត្ថុគ្រប់យ៉ាង
ដែលមានមនុស្សច្រើនណាស់មិនមានឱកាសបានប៉ះពាល់ត្រូវដូចយើងនេះឡើយ ។
សូមមេត្តាឈប់គិតបណ្ដោះអាសន្នសិនបានទេ
ហើយសាកល្បងងាកត្រឡប់ទៅមើលមនុស្សដែលគេជួបក្ដីលំបាកជាងយើង
គេនាំគ្នារស់នៅបានយ៉ាងណាក្នុងជីវិត ដែលពិបាកសែនអើយសែនពិបាក
ទាំងមនុស្សដែលសម្បូណ៌ក៏នាំគ្នារស់នៅដោយការបៀតបៀនក្នុងឋានៈតូចទាប
ផ្ទះបែកបាក់ធ្លុះធ្លាយ ពុកផុយ ភ្លៀងធ្លាក់មកម្ដងៗ រកកន្លែងដេកពួនមិនបានផង
ខ្យល់អាកាសដែលខ្លួនស្រូបចូលទៅ មានតែវត្ថុដែលលាយឡំដោយផង់ធុលី
មួយថ្ងៃៗធុំស្អុយតែក្លិនរបស់ភក់ជ្រាំ គំនរសំរាម រស់នៅក្នុងបរិកាយអាប់អួរ ក្លិនស្អុយរលួយ
បើសិនគេជ្រើសរើសបាន គេប្រហែលជាមិនទ្រាំធន់ក្នុងសភាពបែបនេះឡើយ ។
ដូចមនុស្សស្រែកឃ្លាន ដែលមានភាពអត់ឃ្លានស៊ីសាច់មនុស្សបាន
ដូចជាប្រទេសខ្លះ ដែលឋិតនៅក្នុងភ្នក់ភ្លើងសង្រ្គាមរ៉ាំរ៉ៃ
ក្មេងក៏ត្រូវជួបស្ថានភាពអត់ឃ្លាន មិនមានអ្វីទទួលទាន
រូបកាយត្រូវឆ្គមឆ្គាំងសល់តែស្បែកដណ្ដប់ឆ្អឹង ក្នុងទ្វីបអាហ្វ្រិច ។ មានមនុស្សពិការដាច់ជើងខ្លះដាច់ដៃខ្លះ
ភ្នែកពិការខ្លះ ពួកគេទាំងនោះ ក៏នៅមានស្នាមញញឹមលើតំណក់ទឹកភ្នែកទៅបានមួយថ្ងៃៗដែរ ។
ជឿទៅចុះថា ក្នុងលោកនេះ សង្គមនេះ នៅមានមនុស្សយ៉ាងច្រើន
ដែលមានជីវិតពិបាកៗជាងយើង និងគ្រួសាររបស់យ៉ាងច្រើនណាស់ ។
សូមនិទានរឿងមួយ ឲ្យប្រិយមិត្តបានអាន បានស្ដាប់ នៅខាងពាយព្យនៃប្រទេសយើង
គ្រូម្នាក់ ឈ្មោះលេងហៅក្រៅថា “ប៉ៅឡូ” នៅក្នុងគណៈគ្រូទាំងអស់
គ្រូប៉ៅឡូ ជាមនុស្សដែលមានរាងកាយកំពស់ត្រឹមតែ ៦០ សង់ទីម៉ែត្រ
គឺមានខ្លួនតូចល្អិតជាងក្មេងអាយុ ៥ ឆ្នាំទៅទៀត ។
No comments:
Post a Comment