ខ្នើយពិសេស ត (៤)
ប៉ុន្តែនោះជាហេតុផល ដែលនាំទៅរកការតូចចិត្តបំផុត
សម្រាប់ការដែលមកអង្គុយបន្ទោសជោគជតាជីវិត និងការធ្វើបាបខ្លួនឯង ។ ដូចនោះ
ក្នុងមួយថ្ងៃៗ គេត្រូវត្រាច់ចររង្គត់សំដែងរាំច្រៀងឲ្យមនុស្សស្ដាប់ទស្សនានៅតាមទីផ្សារ
តាមភូមិស្រុក ដើម្បីកំសាន្តសប្បាយទៅដោះដូរយកបាយស៊ី ដើម្បីសុំទឹកចិត្តពីអ្នកទស្សនា
ជាពិសេសដូរយកប្រាក់បន្តិចបន្តួច ដែលគេប្រមូលរួបរួមប្រាក់ ដែលបានមកពីការបញ្ចេញកម្លាំងញើសឈាមរបស់ខ្លួន
ដើម្បីបានប្រាក់ខ្លះយកទៅផ្ញើជូនឪពុកដែលមានជំងឺប្រចាំកាយ ម្ដងៗបាន ៥ ម៉ឺនរៀនខ្លះ
១០ ម៉ឺនរៀនខ្លះ ដើម្បីឲ្យឪពុកខ្លួនបានទិញបាយត្រីសាច់ នំចំណី ថ្នាំពេទ្យ
ក្នុងការពន្យាពេលបន្តជីវិត ។
ថ្ងៃខ្លះដែលមានភ្លៀងបង្អុរចុះខ្លាំង ទៅសំដែងមិនបាន
គេត្រូវដាច់ពេល ដែលអាចចាត់ទុកថា ជារឿងឡើងស៊ាំបាត់ទៅហើយក្នុងរដូវភ្លៀងធ្លាក់ម្ដងៗ ។
មានមនុស្សជាច្រើនសួរគេថា “តើអ្នកមានអារម្មណ៍ខឹង និងបន្ទោសទេវតាមេឃដីដែរទេ ដែលកើតមកមានលក្ខណៈមិនដូចមនុស្សទូទៅនោះ?”
គេតបថា “ត្រឹមតែបានកើតមកជាមនុស្ស ក៏រាប់ថា
មានបុណ្យច្រើនណាស់ទៅហើយ ទោះជាមានខ្លួនតឿទាបក្ដី ជីវិតទាបជាប់ដីជាប់ស្មៅក្ដី
ប៉ុន្តែរៀនធ្វើចិត្តបានហើយថា បានការងារធ្វើត្រឹមនេះក៏ដោយ គឺធ្វើទៅតាមសភាពក្រាញននៀលស្រវាស្រទិញទៅបែបនេះឯង”
។ ចម្លើយតបរបស់គេ ធ្វើឲ្យអ្នកដែលមានកាយសម្បទាធម្មតាទូទៅ មានគ្រួសារ មានការងារធ្វើត្រូវខ្មាសគេ
ដែលជាមនុស្សខ្លួនតូចល្អិតតឿកន្តុញ ដូចជារូបគេ
ដែលចេះស្គាល់ប្រមាណក្នុងជីវិតច្រើនជាង ។
រឿងរ៉ាវរបស់គេ
ធ្វើឲ្យស្មេរនឹកឃើញដល់ពាក្យព្រះអរហំសម្មាសម្ពុទ្ធជាអម្ចាស់ ទ្រង់ត្រាស់ប្រកាសសំដែងទុកថា
“សេចក្ដីសន្តោស ជាទ្រព្យដ៏ប្រសើរក្រៃ” ។ សេចក្ដីសន្ដោសនោះ ពុំមែនមានន័យថា
យើងត្រូវរត់គេចចោលសង្គម ឱនក្បាលចូលវត្ត ឬទៅធ្វើជាតាបសយោគីនៅក្នុងព្រៃឯណា
ឬទៅឈរជើងម្ខាង ដាក់ដៃម្ខាងលើក្បាលអស់មួយជីវិតនោះទេ ។
ហើយសេចក្ដីសន្តោស ក៏សំដៅដល់ការពេញចិត្ត ក្នុងវត្ថុដែលខ្លួនយើងកំពុងមាន
ឬកំពុងធ្វើ និងពេញចិត្តក្នុងទ្រព្យសម្បត្តិដែលខ្លួនយើងគប្បីបាន ។
ហើយក្នុងព្រះពុទ្ធវចនៈនេះ មានសារៈសំខាន់ណាស់
ដែលព្រះពុទ្ធបរមគ្រូជាអម្ចាស់ទ្រង់បង្រៀនដល់សាធុជនទាំងឡាយ ដើម្បីបានជាគ្រឿងប្រដាប់ដាស់តឿនចិត្តខ្លួនឲ្យដឹង
ឲ្យមានសតិថា “បើសិនយើងចេះគ្រប់គ្រាន់ ជីវិតនឹងបានសុខ” ។
អ្នកមានខ្លះនោះ នៅមិនទាន់ពេញចិត្តក្នុងវត្ថុដែលខ្លួនឯងមាន
រឹតតែរក រឹតតែមានសេចក្ដីទុក្ខចិត្ត ។ ចំណែកមនុស្សដែលក្រ
និងលំបាកតោកយ៉ាកនៅក្នុងជីវិត បើសិនមិនគិតទៅច្រណែនអ្នកណា ឬមិនចង់មាន មិនចង់បាន មិនចង់ដូចបែបអ្នកមាន
មានការពេញចិត្តក្នុងវត្ថុដែលខ្លួនឯងកំពុងមាន ក៏នឹងមានសេចក្ដីសុខបាន ។
ហេតុអ្វីបានជាយើងមិនមានមោទនភាពចំពោះខ្លួនយើង
ឬភាពខ្ពង់ខ្ពស់ក្នុងកិត្តិយសរបស់យើង ទោះបីជាយើងតូចទាប ឬក្រលំបាក មិនស្អាត
មិនសង្ហារ ឬមិនមានបានដូចយ៉ាងអ្នកដទៃមានក្ដី ក៏មិនមែនថា យើងជាមនុស្សពូកែ
និងមនុស្សល្អមិនបានក្ដី ក៏យើងត្រូវស្គាល់ខ្លួនឯង ស្គាល់ចិត្តរបស់ខ្លួនឲ្យបានច្បាស់
កុំឲ្យចក្ខុនេត្រានោះធំហួសជាងផ្ទៃ ។
តើប្រិយមិត្តអ្នកអានធ្លាប់បានឮ លោកអ្នកធំម្នាក់
នៅស្រុកជិតខាងយើង លោកមានប្រសាសន៍ថា “នឹងមានឬក្រប៉ុនណា ក៏ស៊ីបានតែមួយចំអែតផ្ទៃ
ឲ្យលើសពីនេះ ស៊ីចូលទៅមិនបានឡើយ ហេតុអ្វីដែលឲ្យផ្ទៃមកបង្គាប់ការជីវិតទាំងមូលបាន”
។ ពាក្យលោកមានប្រសាសន៍នេះ គួរឲ្យយកមកគិតពិចារណាផងដែរ ។
ដរាបណាក៏ដោយ ដែលយើងមានចិត្តទន់ជ្រាយ ខ្វះសតិបញ្ញា
យើងក៏ត្រូវចំណង់អូសទាញបានយ៉ាងងាយ ឬពេលមានសតិបញ្ញារបស់យើងទន់ខ្សោយ
យើងក៏ត្រូវបានកិលេសនាំឲ្យវង្វេងវិថីជីវិត ។ ហេតុអ្វីបានជាយើងមិនត្រឡប់មកធ្វើជាខ្លួនរបស់យើង
រីករាយចំពោះចិត្តរបស់យើង ស្វែងរកវត្ថុដ៏ល្អក្នុងខ្លួនរបស់យើង
ហើយពេញចិត្តក្នុងវត្ថុដែលយើងអាចធ្វើបាន នាំមកជាចំណុចដែលសាងនូវភាពរីករាយចិត្ត
ក្នុងខ្លួនរបស់យើងទៅ?
ហើយវាជាផ្លូវនៃឥស្សរភាពតាមផ្លូវកាយ និងតាមផ្លូវសតិបញ្ញា
ដែលនឹងនាំមកនូវសេចក្ដីសុខ និងថិរភាពនៃជីវិត មើលថែចិត្តរបស់ខ្លួនឯងឲ្យបានល្អ
កុំឲ្យរត់តាមកិលេស និងចំណង់បាន ។ ពេលណា យើងដឹងថា វាមិនមែនជាវត្ថុដ៏ល្អជាមួយជីវិតទេ
ក៏ត្រូវឈប់ធ្វើ ។
ឈប់នៅត្រង់ណា វាត្រូវឈប់នៅត្រង់ចិត្ត ព្រោះចិត្តរបស់យើងផ្ទាល់ពុំមែនឬ
ដែលវាមានសភាពទុរន់ទុរាយ៉ាងនេះ ។
ការមានជីវិតរស់នៅដោយតថភាពជីវិត ត្រូវតោងប្រកាន់យកគោលគ្រឹះសេដ្ឋកិច្ច
គឺការពេញចិត្តក្នុងវត្ថុដែលខ្លួនកំពុងមាន ការចេះសន្សំសំចៃ ការចេះស្គាល់ល្មមប្រមាណ
ចេះប្រើប្រាស់ធនធានដោយដឹងពីគុណតម្លៃ និងឃើញពីតម្លៃរបស់វត្ថុនោះៗ
ហើយសេដ្ឋកិច្ចគ្រប់គ្រាន់ជាវិថីជីវិត ដែលគ្រប់គ្នាគួរចេះនាំមកប្រើ
នាំមកប្រតិបត្តិដើម្បីជាប្រយោជន៍ដល់មនុស្សគ្រប់គ្នាក្នុងសង្គម
នឹងបានទ្រទ្រង់ជីវិតរស់នៅយ៉ាងមានសេចក្ដីសុខ ។
មនុស្សគ្រប់គ្នានោះមានជីវិតដ៏ត្រចះត្រចង់ភ្លឺស្វាង
មានកិត្តិយស មានគុណតម្លៃទាំងចំពោះខ្លួន និងទាំងចំពោះអ្នកដទៃ ។ ទោះបីថា ថ្ងៃនេះ មានឋានៈជីវភាពមិនល្អ
ត្រូវខាំធ្មេញសង្កត់ចិត្តរកច្រកចេញ រកការងារធ្វើ រកមុខរបររកស៊ី ។ ថ្ងៃនេះ
យើងមានលុយតិចចាយវាយតិច មានលុយកាក់ច្រើនចាយវាយតិចដូចដើម
ដើម្បីសល់ទុកបង្ការដល់ថ្ងៃក្រោយទៀត
ក្នុងពេលដែលយើងមិនអាចមានកម្លាំងគ្រប់គ្រាន់ធ្វើការងារ និងត្រូវឲ្យអ្នកណាមួយមកទទួលភារៈនេះ
សូម្បីតែកូនចៅកូនក្មួយក៏ដោយ ជាជីវិតដែលចេះឲ្យ និងការលះបង់ឲ្យបាន
ប៉ុន្តែមិនត្រូវធ្វើខ្លួន និងគ្រួសារខ្លួនត្រូវមកក្ដៅក្រហាយដែរនោះទេ ។
បើសិនមានអ្នកណាធ្វើបាន..ជឿថាជីវិតដែលសល់នៅតទៅ
ក៏គង់នៅក្នុងរបៀបជួបប្រទះតែសេចក្ដីសុខរហូតទៅ ជាពិសេសក្នុងវត្ថុដែលខ្លួនយើងមាននោះ...
មានក្នុងបច្ចុប្បន្ន ។
No comments:
Post a Comment