ខ្នើយពិសេស តចប់(៥)
ទោះបីជាថ្ងៃនេះ ចិត្តយើងកំពុងកើតទុក្ខ
ព្រោះអាចនឹងជាចំណែកមួយក្នុងមនុស្សដែលកំពុងជួបក្ដីវិបត្តិគ្រោះធម្មជាតិ
ឬវិបត្តិណានីមួយក៏ដោយ សូមអ្នកសាកល្បងងាកបែរមកមើលសេចក្ដីទុក្ខរបស់មនុស្សដទៃខ្លះៗ ជឿថា
នៅមានមនុស្សដែលមានទុក្ខលំបាកជាងយើងច្រើនណាស់
ដែលពួកគេត្រូវវិនាសបាត់បង់ខូចខាតច្រើនជាងយើង ប៉ុន្តែហេតុអ្វីគេនៅតែមានស្នាមញញឹម
គេនៅតែស៊ូបាន ។
ក្នុងអំឡុងពេលជួបក្ដីវិបត្តិ យើងត្រូវតាំង “សតិ”
ឲ្យបានច្រើនឡើងជាងមុនបន្តិច សាកមកអានពាក្យអប់រំរបស់ព្រះគ្រូ ផៃសាល វិសាលោ
ជាព្រះគ្រូដ៏សំខាន់មួយអង្គ ដែលបានចេញមកផ្ដល់កម្លាំងចិត្ត និងមានគោលគំនិតល្អៗ
ក្នុងពេលប្រជាជន ឬប្រជាបរិស័ទជួបប្រទះនូវគ្រោះធម្មជាតិ មានពាក្យអប់រំច្រើនឡើង ដែលនាំមកកែលំអប្រើជាមួយស្ថានការណ៍បច្ចុប្បន្ន
។ រឿងនេះកើតឡើង ព្រោះមានស្រ្តីម្នាក់តាំងសំនួរសួរដល់លោក ក្នុងបណ្ដាញសង្គម Facebook ដែលពោលពណ៌នាអំពី
“ការភ័យខ្លាច” ។
ស្ត្រីនោះនិយាយថា នាងរស់នៅជាមួយឪពុក បងប្រុស
និងក្មួយស្រី ព្រោះតែលោកឪពុកមិនព្រមភាសខ្លួន ហើយនាងមានឆ្កែ ៧ ក្បាល ដែលត្រូវមើលថែ
។ ផ្ទះរបស់នាងនៅលើដីទីទួលខ្ពស់ ទឹកជំនន់លិចមិនដល់ លិចតែជុំវិញផ្ទះប៉ុណ្ណោះ
ប៉ុន្តែមនុស្សក្នុងតំបន់នោះ បាននាំគ្នាភាសចេញទៅអស់ ។
ពេលនេះនាងព្យាយាមឈ្វេងយល់រៀនដឹងអ្វីៗដែលមាននៅជុំវិញផ្ទះ
នាងទិញទូកមួយមកអុំសម្រាប់ចេញទៅណាមកណា និងចេញទៅជួយអ្នកដទៃ ដែលកំពុងជួបការលំបាក ។
សំនួររបស់នាងគឺ “ប៉ុន្តែពេលខ្លះ នាងខ្ញុំព្រះករុណា
ដូចជាមានអារម្មណ៍ខ្លាចថា ទឹកនឹងលិចឡើងរឿយៗ លោកម្ចាស់ល្មមនឹងណែនាំបានត្រូវធ្វើយ៉ាងម៉េចខ្លះ
ដែលយើងអាចចាត់ការជាមួយសេចក្ដីខ្លាច ដែលនឹងបានកំពុងកើតឡើងក្នុងពេលនេះ, ទានម្ចាស់ ?
ព្រះគ្រូ លោកចាប់ផ្ដើមឆ្លើយតបសំនួរនាង
ដោយសុំអនុមោទនាជាមួយនាងផង ទោះបីមានការលំបាកក៏ដោយ
ក៏នៅមានទឹកចិត្តទៅជួយសង្រ្គោះអ្នកដទៃទៀត ។ លោកតបសំនួរនេះថា
“សេចក្ដីខ្លាចនេះ ជារឿងធម្មតាដែលត្រូវកើតឡើង
ក៏ប៉ុន្តែសុំឲ្យសង្កេតពិនិត្យមើលថា យើងខ្លាចពេលណាដែលចិត្តមិននៅជាមួយនឹងបច្ចុប្បន្ន
តែទៅតាក់តែងដល់រឿងដែលនឹងកើតឡើងក្នុងអនាគត រូបភាពនេះនឹងនាំឲ្យកើតមានសេចក្ដីភ័យខ្លាច
និងមានកង្វល់ចិត្ត វាមិនទាន់កើតឡើងទេ តែក៏មានអារម្មណ៍ភ័យខ្លាចបាត់ទៅហើយ
ពេលដឹងដូចនេះ ក៏ឲ្យចិត្តត្រឡប់មកនៅជាមួយនឹងបច្ចុប្បន្ននេះវិញ” ។
ប្រិយមិត្តបានអាន ក៏គង់នឹងជ្រួតជ្រាបយ៉ាងច្បាស់ថា លោកកំពុងអប់រំថា
“សេចក្ដីខ្លាច” ជាមួយនឹងរឿងអនាគតក៏មានប្រយោជន៍
បើសិនយើងនាំមកប្រើក្នុងការដាក់ផែនការ ដើម្បីទប់ទល់ជាមួយនឹងរឿងដែលបម្រុងនឹងកើតឡើង
ក្រឡេកមើលក្នុងជ្រុងមួយនេះ សេចក្ដីខ្លាចនេះនឹងមានប្រយោជន៍ បើសិនខ្លាច
ហើយព្យាយាមការពារ ឬត្រៀមវិធីសាស្ត្រកែខៃ តែបើសិនខ្លាច
ហើយកប់លិចលង់ជាមួយនឹងសេចក្ដីទុក្ខ ក៏មិនបានជាប្រយោជន៍អ្វីដែរ ។
រឿងទីពីរ “ចំណុចល្អក្នុងហេតុការណ៍អាក្រក់ៗ” ក្នុងសេចក្ដីនេះ
លោកមានថេរដីកាថា ហេតុការណ៍អាក្រក់ៗទាំងឡាយ ក៏នៅមានចំណុចល្អ
យ៉ាងហោចណាស់ក៏មានពីរប្រការដែរគឺ អប់រំចិត្តយើង និងងហ្វឹកហាត់ចិត្តយើង ។
ការអប់រំចិត្តយើង ឲ្យនឹកគិតដល់សច្ចភាពនៃជីវិត ដែលមានសេចក្ដីប្រែប្រួលផ្លាស់ប្ដូរជានិច្ច
ដូចជា របស់បាត់ទៅ ក៏បានអប់រំចិត្តយើងឲ្យដឹងថា ការព្រាត់ប្រាសចាកនិរាសពីមនុស្ស
ឬវត្ថុជាទីស្រឡាញ់ទៅជារឿងធម្មតា ពុំមានអ្វីអាចនៅជាប់ជាមួយនឹងយើង ឬក្លាយជារបស់យើងបានជារៀងរហូតនោះទេ
។
ការហ្វឹកហាត់ចិត្តយើង ដែលបានមកពីការជួបក្ដីវិបត្តិ
ជាការហ្វឹកហាត់ចិត្តមិនឲ្យមានក្ដីប្រមាទ មានការប្រុងប្រយ័ត្ន ដើម្បីជាការការពារកុំឲ្យមានហេតុភេទអាក្រក់ៗកើតឡើងមកទៀត
ឬហ្វឹកហាត់ចិត្តឲ្យដាក់ចុះឬទំនេរ ដើម្បីជាការទប់ទល់ជាមួយនឹងហេតុភេទអាក្រក់ដ៏មានកម្លាំងជាងអនាគត
និងដឹងច្បាស់ប្រាកដថា អ្វីសំខាន់បំផុតក្នុងជីវិត “ទ្រព្យសម្បត្តិ” ឬ “ចិត្តរបស់យើង”
។
លោកបានលើកជាឧទាហរណ៍ថា បើសិនអ្នកណាធ្វើឲ្យទូរសព្ទបាត់
ហើយដាក់ចុះមិនបាន ក៏គួរបង្កើតសំនួរសួរខ្លួនឯងថា បើរឿងប៉ុណ្ណឹងដាក់ចុះមិនបានទៅហើយ
ចុះនឹងទៅធ្វើចិត្តបានយ៉ាងម៉េចកើត ពេលណាត្រូវបានបាត់បង់មនុស្សជាទីស្រឡាញ់ ដូចជា
ម្ដាយឪពុក ប្រពន្ធកូនប្តី ចុះបើហេតុការណ៍ទាំងនោះត្រូវកើតឡើងពិតមែន ។
ហេតុការណ៍អាក្រក់ៗ ឬពិបាកៗ នឹងជួយបង្វឹកចិត្តយើងឲ្យមានសភាពរឹងប៉ឹងឡើង
ព្រោះតែត្រូវជួបអ្វីជាអ្វីច្រើនយ៉ាងថែមទៀត ក្នុងពេលខាងមុខ
ថែមទាំងត្រូវហ្វឹកហាត់ឲ្យឆ្លាត និងមានបទពិសោធច្រើនឡើង ។
“កុំភ្លេចថា
មនុស្សយើងចេះរៀនពីភាពបរាជ័យបានច្រើនជាងភាពជោគជ័យ” ។
ដូចនោះ ក្នុងពេលដែលកំពុងកើតទុក្ខៗតាមផ្លូវកាយ អស់សង្ឃឹម
ខកចិត្ត ខូចចិត្ត តានតឹងចិត្ត អផ្សុកឯកា កុំអាលគិតទៅឯណាឆ្ងាយទាល់តែស្ត្រេសអារម្មណ៍
ឬមានក្ដីកង្វល់ចិត្តដល់ជ្រុលហួសហេតុពេក គ្រាន់តែសុំឲ្យជឿជាក់លើខ្លួនឯង
និងមានជំនឿយ៉ាងមុតមាំថា
សុំត្រឹមតែមានខ្យល់ដង្ហើមចេញចូល
យើងអាចសាងអ្វីគ្រប់យ៉ាងឡើងមកជាថ្មីបានជានិច្ច ដោយដៃទាំងទ្វេរបស់យើងនេះ ៕
សូមរង់ចាំចុចអានរឿងកង្កែបទទួលជ័យលាភី
រូបភាព៖google.com
No comments:
Post a Comment