រឿង កង្កែបទទួលបានជ័យលាភី
យូរលង់ណាស់មកហើយ នៅក្បែរមាត់ត្រពាំងមួយកន្លែង
មានហ្វូងកង្កែបមួយហ្វូងធំ បានកំពុងអាស្រ័យរស់នៅ និងក្នុងថ្ងៃដែលមានអាកាសធាតុភ្លឺស្រឡះល្អ
ហ្វូងកង្កែបមានការរៀបចំការប្រគួតឡើងដើមឈើធំមួយដើម នៅក្បែរមាត់ត្រពាំងទឹកនោះ ។
កតិកានៃការប្រគួតដែលមានខ្លឹមសារថា បើសិនកង្កែបមួយណាក៏ដោយ
ដែលអាចឡើងទៅដល់ចុងឈើបាន
និងទទួលបានរង្វាន់ដោយការប្រគល់ឲ្យទីតំបន់ដែលមានទីអាស្រ័យជាក់លាក់ ដែលមានសត្វល្អិតៗច្រើនកកកុញនៅក្នុងបរិវេណនោះ
អាចហៅបានថា កង្កែបណានីមួយអាចឈ្នះការប្រគួតនោះ នឹងមានចំណីស៊ីដ៏សម្បូណ៌គ្រប់យ៉ាង
អាចចាប់ស៊ីចំអែតផ្ទៃទៅអស់មួយជីវិតតែម្ដង ។
ដោយរង្វាន់ដ៏ពោរពាសហូរហៀរនេះ ទើបមានហ្វូងកង្កែបតូចធំ
កម្លោះក្រមុំ ក្មេង ចាស់យ៉ាងកុះករមកដាក់ពាក្យសុំចូលរួមកម្មវិធីប្រគួតនេះ
ក្នុងចំណោមសំឡេងហ៊ោបន្ទរឮសូរយ៉ាងលាន់រំពងនៃហ្វូងកង្កែបសុំចូលរួមទស្សនាការប្រគួត
ដែលពួកខ្លួនមិនហ៊ានចុះក្នុងទីលានប្រគួតនឹងគេ ។
ជាការពិតណាស់
មេខ្លោងកង្កែបដែលជាអ្នកមានគំនិតផ្ដួចផ្ដើមរៀបចំការប្រគួតនេះឡើង
រួមទាំងសំណើរបក្សពួករបស់ខ្លួននោះ មិនបានគិតក្នុងផ្លូវវិជ្ជមានប៉ុន្មានទេ
ដោយពួកវាគិតជានិច្ចថា ក្នុងការប្រគួតលើកនេះ គ្មានកង្កែបមួយណា អាចយកជ័យជំនះបានទេ
ព្រោះការឡើងដើមឈើខ្ពស់ក្រលួចយ៉ាងនោះ មិនមែនជាវិស័យធម្មជាតិរបស់កង្កែប
ដែលមានជើងខ្លីៗ ហើយក្នុងពេលមិនមានអ្នកឈ្នះតាមអ្វីដែលពួកវាគ្រោងទុក ពួកវានឹងបានសោយសុខដេកស៊ីសត្វល្អិតទាំងនោះទៅអស់មួយជីវិត
។
“ខ្ញុំមានជំនឿថា មិនមានកង្កែបមុខណាទាំងតូច
ទាំងធំឡើងទៅបានទេ ព្រោះចុងឈើនោះវាខ្ពស់ក្រលួចយ៉ាងនេះ” មេខ្លោងកង្កែបពោលជាមួយនឹងកូនចៅ
ព្រមទាំងបញ្ចេញសំឡេងមកម្ដងទៀត ដោយអួតពីគំនិតខ្លួន (តូចទាបណាស់
ដូចមនុស្សដែលស្រវឹងពុលនឹងខ្លួនឯងច្រើនតែមានគំនិតបែបនេះ) ។
“អូសអូ! គំនិតរបស់លោកបងអស្ចារ្យខ្លាំងណាស់ មិនមានកង្កែបតួណាអាចធ្វើបានសម្រេចទេ
វាពិបាកអ៊ីចឹងនោះ កង្កែបណាឡើងទៅឥឡូវក៏នឹងធ្លាក់ខ្ពាកៗមកវិញតែម្ដង”
កង្កែបជាកូនជាចៅប្រញាប់បញ្ចេញមតិយោបល់ស្របតាមមេរបស់ខ្លួន ។
ក្នុងទីបំផុត ការប្រគួតក៏ចាប់ផ្ដើមឡើង
មានសត្វកង្កែបច្រើនណាស់ ចូលរួមកម្មវិធីប្រគួតនេះ ។ ពេលសំឡេងស្នូរកញ្ចែផ្លុំផុតភ្លាម
ហ្វូងកង្កែបទាំងនោះក៏ចាប់ផ្ដើមឡើងដើមឈើយ៉ាងប្រសេចប្រសាចពពាក់ពពូនគ្នា
ប៉ុន្តែយូរមិនបានប៉ុន្មានផង
កង្កែបទាំងនោះមួយៗក៏ធ្លាក់ចុះពីលើដើមឈើជាបន្តបន្ទាប់មកគរលើគ្នានៅក្រោមដើមឈើនោះទាំងអស់
។
ចុងក្រោយបំផុតនៅសល់ត្រឹមតែកង្កែបកម្លោះមួយក្បាលគត់
ដែលវាកំពុងឡើងទៅលើរឿយៗ ដោយមិនព្រមចុះញ៉ម វាប្រើជើងខ្លីៗរបស់វាវារតោងឡើងទៅលើសន្សឹមៗ
ក្រោមសំឡេងបន្ទរលាន់ឮកងរំពងម្ដងទៀត ។
“ឡើងទៅៗ ៗ ៗ ៗ ៗ (មិនមែនចេញទៅៗៗៗទេ)។
ដល់ពេលជិតល្ងាចត្រជាក់
ចៅកង្កែបដែលជាកង្កែបមានបេះដូងមិនព្រមចុះចាញ់ចំពោះឧបសគ្គមួយក្បាលនោះ
ក៏ឡើងដល់ចុងឈើទាល់តែបានសម្រេច វាឈរលើចុងឈើយ៉ាងស្អាតសង្ហារ ។
សំឡេងស្រែកហ៊ោរបស់ហ្វូងកង្កែបដែលមកជួយអបអរសាទរនៅខាងក្រោម ក៏លាន់ឮពេញផ្ទៃប្រថពី
ហើយពេលចៅកង្កែបដែលទទួលបានជ័យលាភី វារចុះដល់ខាងក្រោម ក្នុងទិដ្ឋភាពមួយសប្បាយរីករាយរបស់ហ្វូងកង្កែបទាំងឡាយ
ដែលកំពុងនាំគ្នាលោតកញ្ជ្រោលឡើង ។
វាវារចុះមកដល់ដីនៅមិនទាន់បានបាត់ហត់ផង
ក៏មានហ្វូងកង្កែបច្រើនក្បាលចូលមកចោមរោមសំដែងសេចក្ដីត្រេកអរ
និងប្រញាប់ចូលទៅសួរអំពីគន្លឹះសំខាន់ៗថា វាប្រើខ្លួនជួយអ្វីខ្លះ និងធ្វើយ៉ាងម៉េច ទើបឡើងទៅដល់ចុងឈើនោះបានដោយជោគជ័យ?
ចៅកង្កែបទទួលបានជ័យលាភីមើលទៅកង្កែប ដែលព្យាយាមបញ្ចេញសំឡេងសួរទាំងនោះ ព្រមទាំងងាកមុខដោយស្នាមញញឹម
និងបញ្ចេញសំឡេងអឹកៗថាជាចម្លើយ ។
មែនហើយ! កង្កែបមួយក្បាលនេះ វាជាកង្កែបគរ និងត្រចៀកថ្លង់
ទើបវាមិនបានឮសំឡេង និងមិនបាននិយាយអ្វីទាំងអស់ ក្នុងពេលកំពុងឡើងដើមឈើ
រហូតដល់បានសម្រេចជាស្ថាពរ ។
រឿងរបស់ចៅកង្កែបគរ និងថ្លង់មួយក្បាលនេះ
គង់នឹងបានជាប្រដាប់ដាស់តឿនចិត្ត និងបង្រៀនឲ្យយើងបាននឹកគិតឃើញបានថា ក្នុងពេលណាមានសេចក្ដីប៉ុនប៉ង
នឹងធ្វើដំណើរទៅកាន់ចំណុចនៃក្ដីសុបិន និងភាពជោគជ័យនៃជីវិតមនុស្សយើងនុ៎ះ
យើងគួរធ្វើគរធ្វើថ្លង់ធ្វើអត់ឃើញខ្លះ
និងមិនចាំបាច់យកចិត្តទុកដាក់ជាមួយសំឡេងវិភាគវិចារណ៍ រិះគន់និន្ទាជុំវិញខ្លួន
ដែលពួកគេបញ្ចេញមកក្នុងផ្លូវអវិជ្ជមាននោះទេ ។
ហើយទង្វើផ្សេងៗរបស់មនុស្សជិតខាង ឬហេតុការផ្សេងៗ ដែលចូលមកកាត់បន្ថយកម្លាំងចិត្តរបស់យើង
តើហេតុអ្វី យើងត្រូវយកភាពជោគជ័យដែលកំពុងរង់ចាំយើងនៅខាងមុខ
ឲ្យរលាយបាត់ប៉ង់ទៅជាមួយសំឡេងអវិជ្ជមានរបស់មនុស្សទាំងឡាយ
ដែលមានចេតនាបំណងអាក្រក់ចំពោះយើង?
“ពុទ្ធោអើយ កុំទៅធ្វើវាអី វាពិបាកសឹងនឹងស្លាប់ទៅហើយហ្នឹង
!
រឿងបែបនេះ មិនធ្លាប់មានពីណាគេធ្វើបានសម្រេចឡើយ
នឹងទៅរួចដែរឬ?
មនុស្សធ្វើបែបនេះ ឃើញម្ដងចុងក្រោយ ស្លាប់បាត់ទៅហើយ !
នឹងមានពេលវេលាទៅធ្វើឬ?
លាឈប់ពីការងារហ្នឹងធ្វើអ្វី? ចុះនឹងទៅរកស៊ី
ធ្វើការងារអ្វីវិញ? ។ល។...
No comments:
Post a Comment