Monday, December 4, 2017

ខ្នើយពិសេសត(២)


ខ្នើយពិសេសត(២)
“នែ៎ អ្នកកម្លោះ ! តាចង់រករំខាន សុំផ្ញើរបស់មានតម្លៃសំខាន់ណាស់ទុកនឹងអ្នកផង វាជាខ្នើយដែលល្អបំផុតមួយដែលតាមាន ដោយសារតែតា នឹងត្រូវប្រញាប់ធ្វើដំណើរទៅភូមិផ្សេងទៀត តាខ្លាចក្រែងធ្វើឲ្យវាបាត់ទៅ ថ្ងៃស្អែកចាំតាត្រឡប់មកយកវាវិញក៏បាន ។ តើអ្នកកម្លោះ ជួយរក្សាទុកខ្នើយនេះឲ្យតាបានដែរ ឬអត់? ដឹងដែរទេថា ខ្នើយមួយនេះកើយដេកលក់ស្រួលណាស់ បើអ្នកចង់ប្រើកើយខ្នើយនេះក្នុងរាត្រីយប់នេះក៏បានណ៎ា តាអនុញាតឲ្យអ្នកកម្លោះកើយបាន” ។
អាហ្វុង បានយល់ព្រមទទួលពាក្យសុំអង្វររបស់តាចាស់ បែបប្រកែកទាស់មិនបាន នឹងទទួលព្រមថា នឹងរក្សាទុកខ្នើយមួយនេះឲ្យបានយ៉ាងល្អបំផុត ។ ពេលតាចាស់លាចេញផុតទៅហើយ ។ ក្នុងយប់នោះ មុននឹងគេប្រះខ្លួនដេកនៅលើគ្រែ គេឃើញខ្នើយរបស់តាចាស់ ដែលផ្ញើទុកនោះ ធ្វើឲ្យគេនឹងភ្នកឃើញថា តាចាស់នេះបានអនុញាតឲ្យហើយ ឲ្យគេយកខ្នើយមួយនេះទៅកើយដេកបាន បើសិនណាគេត្រូវការ ។
គេទើបដើរទៅលើកយកខ្នើយរបស់តាចាស់នោះមកកើយ ជំនួសមួកចំបើងដែលគេធ្លាប់កើយរាល់ថ្ងៃៗ ។ យប់នោះ គេដេកលក់ស្និទ្ធមានក្ដីសុខណាស់ ដូចមិនធ្លាប់កើតមានដល់គេពីមុនឡើយ ។
អាហ្វុង ភ្ញាក់ឡើងមកពេលព្រឹក ក៏ត្រូវភ្ញាក់ផ្អើលចិត្តឥតឧបមា ព្រោះតែឃើញដុំមាស ដុំប្រាក់គរពេញទាំងផ្ទះរបស់គេ ។
“កើតអ្វីគេអេះ! នេះដុំមាស ដុំប្រាក់ អូហ៊ោ! ងេកសៀនហង់តេជួយយើងហើយ យើងក្លាយជាអ្នកមានហើយប៉ុណ្ណឹង” ។
អាហ្វុងស្រែកឡើងអស់សំឡេង បែបមិនគួរឲ្យជឿក្នុងក្រសែភ្នែករបស់ខ្លួនឯង ដោយក្ដីត្រេកអរពន់ពេក ដូចជាមនុស្សវិកលចរិត ទើបគេរត់ប្រទក្សិណជុំវិញផ្ទះ រត់ទៅរត់មក រួចចេញមកឈរស្រែកឡើងយ៉ាងអស់សំឡេងនៅឯមុខខ្ទមជាលើកចុងក្រោយ ។
“ហាស ហាស ហា ចាំមើលណ៎ា ! អាអ្នកដែលចាំមាក់ងាយអញ ថ្ងៃនេះអញនឹងទិញសព្វយ៉ាង ដែលអញត្រូវការ ហើយអញនឹងសាងសង់ផ្ទះយ៉ាងធំជាងអ្នកណាៗទាំងអស់ ដែលនៅក្នុងភូមិនេះ ហាស ហាស ហា” ។
បន្ទាប់ពីនោះមក មិនយូរប៉ុន្មានផ្ទះដ៏ធំមហិមារបស់អាហ្វុង ក៏បានសាងសង់រួចជាស្រេច វាតាំងឡើងលេចធ្លោនៅចំកណ្ដាលភូមិ ។
មកទល់ពេលនេះ អាហ្វុង អ្នកក្រទុគ៌តក៏បានក្លាយជាលោកម្ចាស់សួហ្វុងហើយ ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយគេចាប់ផ្ដើមស្អប់ខ្ពើម ដែលគេទៅសេពគប់ និងនិយាយអ្វីជាមួយអ្នកក្រ សូម្បីតែមនុស្សដែលធ្លាប់ធ្វើមិត្តភក្ដិក្លើម្រ័ក្សសិទ្ធស្នាលរបស់គេក៏ដោយ គេសង្ងំលាក់ខ្លួនពួនអាត្មាសោយសុខ នៅតែក្នុងផ្ទះរបស់គេ និងមិនត្រូវការជួយស្រោចស្រង់សង្គ្រោះអ្នកណាទាំងអស់ ព្រោះតែខ្លាចមនុស្សទាំងនោះមកសុំលុយកាក់ រឿងដែលសំខាន់ក្នុងពេលនេះ គេមានហើយ និងចាប់ផ្ដើមស្អុយក្លិនអ្នកក្រហើយដែរ ។
ប៉ុន្តែកន្លងទៅមិនយូរប៉ុន្មាន អាហ្វុង កើតមានអារម្មណ៍ជំងឺអផ្សុកយ៉ាងខ្លាំង បើសិនគិតចង់រកអ្វីមួយមកធ្វើលេង ទើបគេចង់ជីកស្រះចិញ្ចឹមត្រីទុកមើលលេង គេក៏បង្គាប់បញ្ជាកម្មករឲ្យជីកស្រះមួយដ៏ធំ ស្វែករកត្រីស្អាតៗមកពីកន្លែងនានា មកចិញ្ចឹមទុកក្នុងស្រះ ។
ប៉ុណ្ណឹងហើយ ក៏នៅតែមិនទាន់គ្រប់ គេបញ្ជាកម្មកររបស់ខ្លួន ឲ្យរៀបចំសួនច្បារដ៏ប្រណិតបំផុត ធំបំផុត និងស្វែងរកឈើផ្កាស្អាតៗបំផុត តាមដែលអាចរកមកបាន និងដើមរុក្ខជាតិកម្រផ្សេងៗ មកដាក់ដាំក្នុងសួន ដើម្បីឲ្យអ្នកផងទាំងឡាយមកឃើញហើយ កើតនូវការភ្ញាក់ផ្អើលស្រឡាំងកាំង ក្នុងសម្រស់ល្អឥតខ្ចោះនៃទិដ្ឋភាពនេះ និយាយរួមមកគឺថា អួតពីភាពមានបានហ្នឹងឯង ។
ថ្វីបើថា ទោះណាជាសាងវត្ថុផ្សេងៗច្រើនមកប៉ុណ្ណឹងហើយក៏ដោយ អាហ្វុង ក៏នៅតែមានអារម្មណ៍អផ្សុកឯកោ មានចិត្តប្រែប្រួលឡើងទៅទៀត ។ មែនហើយ! គេគិតដល់សំឡេងដូតន្ត្រី ភាពសប្បាយរីករាយ គេត្រូវការស្ដាប់សំឡេងតន្ត្រី ដែលមានសំឡេងពីរោះរណ្ដំត្រចៀក ឲ្យមកប្រគុំលេងលួងលោមបំពេរឲ្យសប្បាយចិត្ត ។ អាហ្វុង ទើបនឹងគិតថា រកជួលអ្នកតន្ត្រីករ អ្នករបាំឲ្យមករាំរែកពត់ពេន និងប្រគុំតន្ត្រីច្រៀងបំពេរ កំសាន្តលេងដល់គេ ទាំងថ្ងៃទាំងយប់មិនឲ្យឈរឈប់ឡើយ វិសេសជាងក្នុងវាំង ត្រូវហាមប្រាមរបស់ហង់តេទៅទៀត ។
ដំបូងៗ គេដូចជាមានអារម្មណ៍ត្រេកត្រអាលជាខ្លាំង ស្រាប់តែបន្តមកមិនយូរ អាហ្វុង ក៏មានអារម្មណ៍ធុញថប់ខ្លាំងឡើងកើតមកទៀត ទើបគេបណ្ដេញពួកអ្នកភ្លេង អ្នករាំឲ្យចេញពីផ្ទះរបស់គេ ទៅតាមផ្លូវរបស់ពួកគេរៀងខ្លួនៗ ព្រមទាំងគិតថា ជាការល្អបើសិនគេនឹងរកប្រពន្ធដ៏ស្អាតសោភា គួរជាទីស្រឡាញ់គាប់ចិត្ត នៅល្អូកល្អើនប្រលែងលេងជាមួយគ្នាម្នាក់ ប្រាកដជាល្អ ។ អាហ្វុង ទើបបង្គាប់បញ្ជាឲ្យអ្នកបម្រើរបស់ខ្លួន ទៅប៉ាវគងប្រកាសក្នុងកណ្ដាលភូមិថា
ស្រីស្អាតណាដែលនៅលីវ ក៏សូមឲ្យមកជួបជុំនៅឯទីលានមុខផ្ទះរបស់គេ ក្នុងព្រឹកថ្ងៃស្អែក ដើម្បីឲ្យគេជ្រើសរើសយកធ្វើជាប្រពន្ធ ជីវិតនឹងមានតែក្ដីសុខស្រួលសប្បាយ ជាលោកស្រីនៅក្នុងផ្ទះ ប៉ុន្តែមិនមានស្រីណាមួយនៅក្នុងភូមិនេះអើតមុខមកឲ្យគេឃើញសោះឡើយ ។
ក្នុងថ្ងៃនោះ អាហ្វុង មានអារម្មណ៍បាក់មុខបាក់មាត់ និងខឹងមួមៅមនុស្សម្នាក្នុងភូមិនេះទាំងអស់ បញ្ចេញសំឡេងមកក្រៅ ដោយអារម្មណ៍ឈឺចាប់ខ្លាំងបំផុត ។
“ឆើស! អាពួកមិនស្គាល់ស្រឡាញ់ល្អអាក្រក់ បណ្ដោយទុកឲ្យវាអត់ឃ្លានដាច់ពោះស្លាប់ទៅបែបនេះក៏ស្រួលម្យ៉ាងដែរ អញឧស្សាហ៍ប្រុងនឹងចិញ្ចឹមមើលថែរក្សាបន្តិច បែរជាលេងខ្លួនទៅកើត” ។
ហេតុការណ៍នោះកន្លងផុតទៅច្រើនថ្ងៃ នៅថ្ងៃមួយ អាហ្វុង ក៏នឹកសញ្ជឹងគិតក្នុងចិត្តចង់ចេញទៅដើរខាងក្រៅផ្ទះ ដើរចេញមើលធម្មជាតិខ្លះៗ ទើបគេបង្គាប់បញ្ជាឲ្យបាវបម្រើរៀបចំគ្រែស្មែង ដើម្បីចេញទៅមើលទិសភាពខាងក្រៅ គេឡើងជិះលើគ្រែស្មែងដ៏ល្អវិចិត្រ មានអ្នកបម្រើបួននាកសែង មានមនុស្សបីនាក់ហ៊ោ ។
ប៉ុន្តែ អាហ្វុងក៏ត្រូវចម្លែកចិត្តយ៉ាងខ្លាំង ទោះជាក្បួនដើររបស់គេឆ្លងកាត់ទៅទិសណាក៏ដោយ ក៏មនុស្សម្នានៅក្នុងភូមិ ដែលគេធ្លាប់ស្គាល់ បែរជាមិនចាប់អារម្មណ៍លើគេឡើយ សូម្បីតែលួចដៀងកន្ទុយភ្នែកមើលគេក៏អត់មានដែរ ហើយគេចាប់ផ្ដើមមានអារម្មណ៍ខ្មាសខ្លួនឯង បែបមានវិប្បដិសារី ក្នុងអារម្មណ៍ខ្វាយខ្វល់ជាខ្លាំង ។
អ្វីដែលវិសេសជាងហ្នឹងទៅទៀតនុ៎ះ គឺពេលដើរកាត់មុខហាងអាហារ ដែលគេធ្លាប់ស៊ីក្នុងកាលមុន គេបានឮសំឡេងមនុស្សម្នាសួររាក់ទាក់រក លាយឡំដោយសំឡេងសើចយ៉ាងក្អាកក្អាយមិនដាច់សូរ គេមើលឃើញមិត្តសម្លាញ់ មិត្តភក្ដិចាស់ៗជាច្រើននាក់ ដែលគេលែងរាប់រកពួកគេទាំងនោះ ដោយសារតែខ្លួនក្លាយជាអ្នកមានហើយ ។
មិត្តភក្ដិចាស់ៗរបស់គេកំពុងអង្គុយស៊ីបាយជួបជុំរួមតុគ្នា មានបញ្ចេញសូរសៀងសំនៀងសើចគិលៗ ជជែកគ្នាលេងយ៉ាងមានក្ដីសុខ ទោះបីមនុស្សទាំងនោះ នឹងមានជីវភាពក្រីក្រលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែមើលទៅពួកគេទាំងនោះ ដូចជាមានសេចក្ដីសុខណាស់ វាខុសពីរូបគេលឹបលៗ ដែលមានបានមិនមានអ្នកណាមកសេពគប់ មករាប់អាន មកចាប់អារម្មណ៍ សូម្បីតែម្នាក់ ។
អាហ្វុងមានអារម្មណ៍សោកស្ដាយ និងសង្វេគក្នុងចិត្តជាខ្លាំង ទើបត្រឡប់ទៅឯផ្ទះមួយខ្នងធំរបស់គេវិញ រួចទម្លាក់ខ្លួនចុះអង្គុយសញ្ជឹងគិតអស់ពេលយ៉ាងយូរ ទោះបីថ្ងៃនេះ គេបានក្លាយខ្លួនជាលោកម្ចាស់សួធំ ជាមហាសេដ្ឋីមានមាសប្រាក់ច្រើនសម្បើម ទុកចាយវាយប្រើប្រាស់១០ ជាតិ ២០ ជាតិទៅមុខទៀតក៏មិនអស់ក្ដី ក៏ប៉ុន្តែជីវិតគេហាក់ដូចជាមិនមានក្ដីសុខ មានជីវិតហាក់ដូចជាហេងហាងយ៉ាងម៉េចក៏មិនដឹង ។
មកដល់ត្រង់នេះ អាហ្វុងគិតចង់បកក្រោយទៅធ្វើជាអ្នកស្រែសាមញ្ញម្នាក់ ដូចកាលពីមុនវិញ គេនឹកដល់មិត្តភក្ដិ នឹកដល់ក្លិនប្រហើររបស់ផ្ទៃផែនដី បន្ទាប់ពីភ្លៀងធ្លាក់រួច ធ្វើឲ្យចិត្តថ្លើមសួតប្រមាត់ស្រស់ស្រាយ នឹកដល់វង់អ្នកសន្ទនាសំណេះសំណាលគ្នា នឹកដល់ផ្ទៃមុខរបស់មនុស្សជិតស្និទ្ធ ដែលអង្គុយរង់ចាំស្តាប់ខ្លួននិយាយ នឹកដល់មនុស្សលួងលោមចិត្តខ្លួន ដោយគ្មានចិត្តចេះធុញទ្រាន់ជិនណាយ ទោះបីខ្លួនគេចូលចិត្តនិយាយអំពីរឿងល្វីងប្រៃជូរចត់ក្នុងជីវិតក៏ដោយ ។
អាហ្វុងដេកសញ្ចឹងគិតត្រឡប់ទៅត្រឡប់មកទៅក្នុងរឿងពីមុនៗ ដែលខ្លួនធ្លាប់ឆ្លងកាត់ក្នុងជីវិត ទោះបីជីវិតដែលកន្លងមករបស់គេនុ៎ះ មានក្ដីទុក្ខលំបាកក្ដី ប៉ុន្តែក៏នៅមានសេចក្ដីសុខ មានភាពសប្បាយរីករាយលាយឡំទៅច្រើនដូចគ្នា គេគិតទៅគិតមកក៏ភ្លើភ្លេចលង់លក់បាត់ទៅក្នុងទីបំផុត ។


No comments:

Post a Comment