Wednesday, December 13, 2017

ត្រូវចេះប្រើជីវិតឲ្យជាប្រយោជន៍


ត្រូវចេះប្រើជីវិតឲ្យជាប្រយោជន៍

ជីវិតរបស់មនុស្សនេះ ដែលមានតម្លៃខ្ពស់បំផុត លុះតែចេះប្រើឲ្យជាប្រយោជន៍មែនៗផង បើមិនចេះប្រើ ទោះបីជីវិតជារបស់មានតម្លៃមកអំពីដើម (វៀរតែជីវិតរបស់ជនពាល) ក៏តោងថយតម្លៃមួយរំពេច ខនេះសូមឲ្យមើលតួយ៉ាង អ្នកដែលមានទ្រព្យដើមទុននៅស្រាប់ហើយ បើមិនចេះប្រើ មិនយល់ក្នុងវិធីជំនួញ ហើយធ្វើការចេញជួញ ក៏នឹងខាតបង់ទាំងទុនទាំងកម្រៃ ឬដល់នូវការរលំរលាយទៅតែម្ដងក៏មាន ហេតុនេះ ទើបតោងចេះប្រើជីវិតឲ្យជាប្រយោជន៍ មានដើមថា ទំនុកបម្រុងរាងកាយឲ្យមានកម្លាំងរឹងប៉ឹង ប្រាសចាករោគាពាធ មានកល្យាណមិត្តទុកជាគូជីវិត មានអាហារគ្រឿងសប្បាយ ប្រាសចាកទោស មានស្ថានទីនៅជាទីសប្បាយ ត្រូវតាមអនាម័យនិងសុខវិទ្យា មានធម៌ជាគោលជំរះ និងទំនុកបម្រុងចិត្តឲ្យជ្រះស្រឡះ ជាសុខសប្បាយ ។ នូវមានធម្មតាប្រចាំនៅក្នុងលោក ១ ពួកទៀត ដែលហៅថាលោកធម៌ ៨ គឺ មានលាភ និងឥតលាភ ១ គូ មានយស និងឥតយស ១ គូ និន្ទា និងសរសើរ ១ គូ សុខ និងទុក្ខ ១ គូ ឲ្យកើតត្រេកអរ និងស្អប់តាមពេល ដែលមកប្រសពត្រឡប់ទៅត្រឡប់មកជាធម្មតា ។ លោកធម៌នោះ លោកប្រៀបដូចជាខ្យល់ព្យុះ សេចក្ដីត្រេកអរ និងស្អប់ ប្រៀបដូចរលកក្នុងមហាសមុទ្រ ជីវិតប្រៀបដូចភេត្រា ។ លោកធម៌នេះជាគូជីវិត ដល់វេលាបានលាភ យស សរសើរ សុខ ក៏នាំឲ្យត្រេកអរ ចូរមកធ្វើចិត្តឲ្យប៉ោងឡើង និងទ្រោមចុះ ទំនងដូចជាភេត្រា ដែលនៅក្នុងកណ្ដាលមហាសមុទ្រ សឹងត្រូវខ្យល់ព្យុះ និងរលកបោកបក់ឲ្យខ្ពស់ៗឲ្យទាបៗ ហេតុនោះ កាលប្រាថ្នានឹងឲ្យជីវិតនៅជាសុខសប្បាយ ទើបគួរប្រើសតិសម្បជញ្ញៈឲ្យចូលជួយឧបត្ថម្ភ ទោះបីត្រូវលោកធម៌មករំអុកក្ដី ក៏នឹងបានផាត់ទាត់ឲ្យឆ្ងាយទៅ  សមតាមសុភាសិតថា “កុំរេតាមខ្យល់ កុំវល់តាមរលក” ដូច្នេះ ។

រួមសេចក្ដីចំពោះបទ
មនុស្សយើងនេះ ដែលនឹងមានសេចក្ដីចម្លែកប្លែកអស្ចារ្យ ក៏តែក្នុងវេលាមានជីវិតរស់នៅ ជីវិតទើបជាសម្បត្តិខាងក្នុងខាងក្រៅ ព្រោះអំណាចសម្បត្តិដែលហូរចូលមកនុ៎ះឯង ជីវិតទើបជារបស់មានតម្លៃ តែបើមិនចេះប្រើ អាចនឹងបានទទួលទោសទុក្ខច្រើនជាង ។
ហេតុនោះ ទើបត្រូវចេះប្រើឲ្យជាប្រយោជន៍ដោយប្រពៃ ក៏នឹងមិនបង់ជីវិតដែលកើតមកជាមនុស្ស មានអវយវៈសមប្រកបគ្រប់ភាគ ជីវិតក៏មិនមែនជារបស់ខ្សត់ផល សូម្បីរស់នៅបានតែមួយថ្ងៃ ទៅតាមធម្មតារបស់សង្ខារក៏ដោយ ។ ចំណែកឯកេរ្តិ៍ឈ្មោះ និងសេចក្ដីល្អដែលធ្វើទុក នឹងបានសាបសូន្យទៅក៏ទេ រមែងថិតឋេរគង់វង់នៅរហូតកល្បាវសាន ៕

ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត
ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ. ១៩០-១៩១ និងទំ.១៩២

No comments:

Post a Comment