Sunday, December 17, 2017

តើអ្នកបានអ្វីពីពេលវេលាដែលកន្លងផុតទៅមួយថ្ងៃៗនេះដែរទេ?


តើអ្នកបានអ្វីពីពេលវេលាដែលកន្លងផុតទៅមួយថ្ងៃៗនេះដែរទេ?

និទានធម្មៈគតិអប់រំចិត្ត តើអ្នកបានអ្វីពីពេលវេលាដែលកន្លងផុតទៅមួយថ្ងៃៗនេះដែរទេ?...មនុស្សយើងម្នាក់ៗ បើចេះគិតថ្លឹងថ្លែងពីពេលវេលាដែលកន្លងផុតទៅ គិតពិចារណាឲ្យបានច្បាស់លាស់ហើយ យើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងពីពេលវេលានេះ ដូចជា៖

- រំលឹកអនុស្សាវរីយ៍ គឺពិចារណាអតីតកាល ដែលកន្លងផុតទៅថា តើការដំណើរជីវិតរបស់យើងសម្បូណ៌ឬក៏ខ្វះកន្លះ ត្រឹមត្រូវឬខុសភ្លាត់ ចំរុងចម្រើនឬក៏ធ្លាក់ស្រុត ឈានទៅមុខឬក៏ថយក្រោយ? បើបានសម្បូណ៌ ត្រឹមត្រូវ ក៏អាចចាត់ទុកថា ឋិតនៅក្រិត្យមួយល្អហើយ តែបើវាផ្ទុយពីនេះ អាចចាត់ទុកថា ប្រើមិនបានហើយ ក៏ត្រូវតែកែខៃកែលំអឲ្យវាបានល្អប្រសើរឡើង ទើបជាការគួរ ។

- ប្រុងប្រយ័ត្នកំហុសឆ្គង គឺពិចារណាថា រឿងអ្វីល្អគួរប្រព្រឹត្តយកទៅប្រតិប័តន៍ រឿងអ្វីដែលមិនល្អ គួរវៀរចេញ កាលបើធ្វើរឿងអ្វីទៅមានការខុសឆ្គង គួរប្រុងប្រយ័ត្នកុំឲ្យវាកើតឡើងទៀត ពុំដូច្នោះទេ ក៏នឹងក្លាយជាទម្លាប់ធ្វើខុសដដែលជាដដែល ហើយមានមនុស្សច្រើនណាស់ពោលថា “កំហុសជាគ្រូ” វាអ៊ីចឹងមែនហើយ !ក៏ប៉ុន្តែកុំឲ្យវាខុសញឹកញាប់ពេក ទាល់តែក្លាយជាគ្រូមិនល្អទៅវិញ និងធ្វើឲ្យកើតទម្លាប់អាក្រក់ដល់ជាប់ជានិស្ស័យរបស់ខ្លួនបាន ។

- ដាស់តឿនចិត្តរបស់ខ្លួន ជាវិធីមួយដ៏ល្អបំផុត ក្នុងការប្រុងប្រយ័ត្នមិនឲ្យកំហុសភ្លាំងភ្លាត់ផ្សេងៗកើតឡើង ព្រោះមិនមានបុគ្គលណានឹងកើនរំលឹកដាស់តឿនបានល្អស្មើនឹងខ្លួនយើងទេ សមដូចពាក្យ ដែលព្រះលោកនាថរបស់យើង ទ្រង់ត្រាស់ប្រកាសសំដែងថា អត្តនា ចោទយត្តានំ” ប្រែថា ចូរដាស់តឿនខ្លួនដោយខ្លួនឯង ។ ចំណុចនេះ ចង់ប្រាប់ថា ខ្លួនដាស់តឿនខ្លួនរបស់ខ្លួនឲ្យរួចផុតពីកំហុស ខ្លួនដាស់តឿនចិត្តខ្លួនបាន តើនឹងមានបុគ្គលណាហ្ន៎ នឹងដាស់តឿនខ្លួនដូចជាខ្លួនដាស់តឿនទៅហ្ន៎? តើនឹងមានបុគ្គលណាហ្ន៎ នឹងដាស់តឿនចិត្ត ដូចជាខ្លួនដាស់តឿនចិត្តខ្លួនបានទៅហ្ន៎?

- ហ្វឹកហ្វឺនឲ្យមានច្បាប់ទម្លាប់ បើក្នុងអតីតធ្លាប់ប្រព្រឹត្តអំពើអាក្រក់បាបលាមក ធ្វើរឿងគ្មានខ្លឹមសារ ឲ្យសាកល្បងយករឿងអតីតទាំងអស់នោះមកធ្វើជាមេរៀន រៀបចំកែលំអខ្លួនឯង ឲ្យមានច្បាប់ទម្លាប់ល្អ ល្មមនឹងប្រកាន់បានថា មិនបណ្ដែតបណ្ដោយឲ្យពេលវេលាកន្លែងទៅដោយគ្មានប្រយោជន៍ ។ ការដែលពឹងអាស្រ័យពេលវេលាមកអភិវឌ្ឍន៍ខ្លួន ឲ្យមានច្បាប់ទម្លាប់ល្អឡើង ជាចំណុចសំខាន់ណាស់ក្នុងការអភិវឌ្ឍខ្លួន និងអភិវឌ្ឍជាតិមាតុភូមិទៅជាបន្ត ព្រោះយើងម្នាក់ៗមានច្បាប់ទម្លាប់ល្អក្នុងបេះដូងអភិវឌ្ឍន៍រួចទៅហើយ ។

មនុស្សដែលមិនចេះរំលឹកនឹកដល់អនុស្សាវរីយ៍ មិនប្រុងប្រយ័ត្នកំហុស មិនដាស់តឿនចិត្តរបស់ខ្លួនឯង និងមិនបានហ្វឹកហ្វឺនឲ្យមានច្បាប់ទម្លាប់ល្អ អ្នកប្រាជ្ញលោកពោលទុកថា ជីវិត្តនឹងស្វិតស្រពោន គ្មានសិរីមង្គល អស់ឱកាសលូតលាស់តទៅទៀត ដែលរាប់ថា ខ្វះទុន និងត្រូវពេលវេលាទំពាស៊ីចោលទៅទទេៗ ដោយគ្មានតម្លៃ គួរឲ្យសោកស្ដាយខ្លាំងណាស់ ។ យើងគ្រប់គ្នា ធ្លាប់បានដកពិសោធន៍គិតពិចារណា...រំលឹកអនុស្សាវរីយ៍...ប្រុងប្រយ័ត្នកំហុស... ដាស់តឿនចិត្តរបស់ខ្លួន... ហ្វឹកហ្វឺនឲ្យមានច្បាប់ទម្លាប់ល្អ... មើលខ្លះៗដែរឬអត់ថា យើងគ្រប់គ្នាបានអ្វីខ្លះមកពីពេលវេលាដែលកន្លងផុតទៅ ? បើមិនទាន់បានទេ សូមចាប់ផ្ដើមអនុវត្តធ្វើជាជំហានដំបូងក្នុងថ្ងៃនេះ វានៅប្រសើរជាងដែលខ្លួនត្រូវបង់ខាតត្រូវមកអង្គុយខូចចិត្តក្នុងពេលជាខាងក្រោយ... ពិតមែនដែរទេប្រិយមិត្តអ្នកអាន!


No comments:

Post a Comment