រឿង ស្ដេចចាប ត(២)
ស្ដេចចាបឆ្លើយតបថា
“ត្រង់ខ្លួនខ្ញុំប្រាប់ថា ស្រូវគួរទី ១
ត្រូវយកទៅប្រើដោះបំណុលចាស់គឺ ខ្ញុំត្រូវយកគួរស្រូវនេះត្រឡប់ទៅចិញ្ចឹមម្ដាយឪពុក ព្រោះក្នុងពេលនេះ
លោកទាំងពីរចាស់ជរាណាស់ទៅហើយ ពេញមួយជីវិតរបស់លោក បានទទួលការលំបាកមករហូត
លោកទាំងពីរជាអ្នកមានព្រះគុណដ៏លើសលុប រកអ្វីមកប្រៀបផ្ទឹមស្មើពុំបានឡើយ ។
លោកទាំងពីរជាអ្នកផ្ដល់កំណើត ឲ្យជីវិត បញ្ចុកចំណីអាហារ
បញ្ចុកទឹក និងមើលថែទាំខ្ញុំមករហូតដល់ធំ រាប់ថា ខ្ញុំជាកូនបំណុលរបស់លោក
ហើយខ្លួនខ្ញុំនេះ នឹងរកអ្វីមកតបស្នងសងគុណលោកក្នុងជាតិនេះ យ៉ាងណាក៏មិនមានថ្ងៃរួចអស់ដែរ
ទើបសមគួរដែលជាកូនដូចជាខ្ញុំត្រូវយកចំណីអាហារ និងវត្ថុល្អៗតាមដែលខ្ញុំអាចរកមកបាន ជាចំណែកមួយទៅប្រើដោះបំណុលចំពោះលោកអ្នកដ៏មានព្រះគុណទាំងពីរ
និងធ្វើយ៉ាងនេះ គង់លោកទាំងពីរនៅមានជីវិតរស់ ។
ចំណែកគួរស្រូវទី ២ នោះ ត្រូវយកទៅឲ្យគេ
គឺត្រូវយកទៅឲ្យកូនសត្វកូនតូចៗទាំងឡាយ ដែលកំពុងនៅតូចៗនៅឡើយ
ដែលគ្នាមិនអាចរកស៊ីចាប់ចំណីបានដោយខ្លួនឯង។ ពេលខ្ញុំចិញ្ចឹមមើលថែពួកគេក្នុងពេលនេះ
ក្នុងថ្ងៃខាងមុខតទៅ ក្នុងពេលដែលខ្ញុំចាស់ទៅតាមច្បាប់នៃធម្មជាតិ ដែលគ្មានបុគ្គលណាអាចគេចផុតទៅបាន
។
គេក៏នឹករលឹកដល់គុណូបការៈបុណ្យដែលខ្ញុំបានចិញ្ចឹមមើលថែ
ពួកគេនឹងតបស្នងសងគុណរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំអស់កម្លាំងកម្ហែងទៅក្នុងជីវិត
ឬអស់កម្លាំងក្នុងការចេញទៅរកស៊ីក្ដី ក៏រាប់ថា ជាការសន្សំ ឬក៏អាចចាត់ទុកថា គឺជាការបណ្ដាក់ទុនម្យ៉ាងក្នុងជីវិត
ដោយមិនមានក្ដីប្រមាទ ។
ស្រូវគួរទី ៣ យកទៅកប់ទុកគឺ
ខ្ញុំបានយកគួរស្រូវនោះទៅធ្វើបុណ្យ ដោយការឲ្យទានដល់សត្វណា ដែលមានខ្លួនចាស់ជរា
សត្វដែលពិការ ឬសត្វដែលមានជំងឺឈឺឆ្កាត់ មិនអាចចេញទៅរកស៊ីកើត ។
ស្មើនឹងខ្ញុំយកគួរស្រូវទាំងនោះទៅកប់ទុក ព្រោះថាបណ្ឌិតទាំងឡាយ
លោកបានអប់រំទូន្មានប្រៀនប្រដៅទុកថា ការធ្វើបុណ្យគឺជាការកប់កំណប់ទ្រព្យទុក
ដើម្បីនាំយកទៅប្រើក្នុងភពខាងមុខទៀត ។
អ្នកស្រែបានស្តាប់ពាក្យឆ្លើយតបមកពីស្ដេចចាបហើយ
ក៏កើតនូវបសាទោ និងយល់ភ្លាមថា ស្ដេចចាបមួយក្បាលនេះ មានបញ្ញា និងមានគុណធម៌ខ្ពស់ណាស់
វាទើបទទួលបានការជ្រើសរើសឲ្យធ្វើជាមេដឹកនាំ គ្រប់គ្រងមើលថែសត្វចាបទាំងអស់
ដោយសារតែវាមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងភាពជាអ្នកដឹកនាំ ដ៏ពូកែនិងល្អ
ព្រមទាំងមានការដឹងគុណធ្វើតបគុណចំពោះម្ដាយឪពុក
ជាសត្វដែលប្រកបព្រមដោយក្ដីមេត្តាចិត្ត ចំពោះកូនតូច និងថែមទាំងជាសត្វមានចិត្តបុណ្យ
ត្រង់ដែលសំខាន់គឺ សត្វមួយក្បាលនេះ លែងមានអាត្មានិយម និងចេះដឹងខុសត្រូវ ។
ស្ដេចចាបឃើញអ្នកស្រែស្ងៀមឈឹង ទើបបានពន្យល់តទៅទៀតថា
“ស្រូវសាលីដែលខ្ញុំស៊ីចូលទៅនោះ
ប្រៀបដូចជាយកទៅបោះចូលក្នុងជ្រោះ ដែលមិនចេះពេញសោះ ព្រោះខ្ញុំត្រូវស៊ីរាល់ថ្ងៃ ។
ថ្ងៃនេះស៊ីហើយ ថ្ងៃស្អែកឡើងក៏ត្រូវហើរមកស៊ីទៀត ហើយស៊ីប៉ុនណា ក៏ជ្រោះនោះមិនចេះពេញម្ដងណាឡើយ
បើមិនស៊ីក៏មិនបាន ព្រោះបើផ្ទៃស្រែកឃ្លានហើយក៏កើតទុក្ខ” ។ អ្នកស្រែស្ដាប់ហើយ
ទើបពោលជាមួយស្ដេចចាបនោះថា
“ចៅជាសត្វមានបញ្ញា ដំបូងខ្ញុំគិតថា
ចៅជាសត្វល្មោភលោភលន់ណាស់ ព្រោះសត្វផ្សេងៗវាស៊ីស្រេចរៀបរយហើយ
វាក៏មិនខាំពាំអ្វីត្រឡប់ទៅវិញឡើយ ចំណែកខាងចៅ ពេលហើរមកស៊ីហើយ
ថែមទាំងខាំពាំគួរស្រូវត្រឡប់ទៅវិញទៀត ប៉ុន្តែពេលណាបានស្ដាប់សម្ដីពោលរបស់ចៅទៅ
ទើបដឹងថា ចៅមិនបានខាំពាំទៅព្រោះតែសេចក្ដីលោភលន់ ឬសេចក្ដីល្មោភ
ដូចអ្វីដែលខ្ញុំបានគិតទេ ។
ប៉ុន្តែអ្វីដែលចៅពាំទៅ
ក៏ព្រោះតែចៅស្គាល់នូវអំពើល្អចំពោះខ្លួនឯង និងអ្នកដទៃ ថែមទាំងឆ្លាតឆ្លៀវចេះប្រើបញ្ញាទៀត
គឺចេះយកទៅប្រើដោះបំណុលម្ដាយឪពុក យកទៅចិញ្ចឹមកូនតូចៗ និងយកទៅធ្វើបុណ្យដាក់ទាន ។
ចៅធ្វើអំពើល្អបានពិតមែន យើងសូមកោតសរសើរចៅយ៉ាងខ្លាំង ហើយយើងនឹងជួយឧបត្ថម្ភចៅ
ចាត់ទុកថា យើងបានចូលរួមបុណ្យកុសលពីចៅធ្វើផងដែរ ។
អ្នកស្រែម្នាក់នោះ មានចិត្តសទ្ធាជ្រះថ្លាក្នុងគុណធម៌របស់ខ្លួនស្ដេចសត្វចាបយ៉ាងក្រៃលែង
ទើបអង្គុយចុះលើដីដោះអន្ទាក់ចេញពីជើងស្តេចសត្វចាប ដោះលែងឲ្យមានសេរីភាពវិញ
រួចហើយប្រគល់ស្រែស្រូវសាលីឲ្យដល់ស្ដេចសត្វចាបនោះ
ក៏ប៉ុន្តែស្ដេចសត្វចាបនោះទទួលស្រូវសាលីទុកត្រឹមតែមួយចំណែក
និងជាចំនួនស្រូវដែលស្ដេចសត្វចាបនោះប៉ាន់ស្មានប្រមាណថា
ក៏ប្រហែលគ្រប់គ្រាន់ជាមួយរឿងដែលខ្លួនតាំងចិត្តទុក ។
សំខាន់ត្រង់អ្នកស្រែជាអ្នកមានចិត្តល្អស្អាតម្នាក់នេះ
ថែមទាំងប្រាប់ដល់ស្ដេចសត្វចាបថា
គេត្រេកអរអហោសិកម្មរឿងដែលស្ដេចសត្វចាបនោះប្រព្រឹត្តធ្វើដោយអចេតនាណាមួយ ប៉ះពាល់ដល់ទ្រព្យសម្បត្តិដែលមានម្ចាស់
និងអនុញាតឲ្យស្ដេចសត្វចាបនាំហ្វូងមកស៊ីស្រូវសាលីពេញមួយជីវិតខ្លួនបាន ។
អ្នកស្រែនោះពេលចេះអំពីការឲ្យ
ខ្លួនគេផ្ទាល់ក៏បានទទួលអ្វីៗដូច្នោះដែរ ហើយមានតម្លៃច្រើនជាងការឲ្យគួរស្រូវដែលមានក្នុងផ្ទៃវាលស្រែនោះទៅទៀត
ព្រោះគេបានទទួលគតិអប់រំអំពីការប្រតិបត្តិរបស់ស្ដេចសត្វចាប
រាប់តាំងអំពីថ្ងៃនោះមកជាដើម ទើបគេតាំងចិត្តធ្វើបុណ្យកុសល
ធ្វើទានដល់អ្នកក្រតោកយ៉ាកទុគ៌ត សន្សំស្បៀងបុណ្យទុកមកអស់មួយជីវិត
និងចុងក្រោយពេលអ្នកស្រែ ព្រមទាំងស្ដេចសត្វចាបនោះ ស្លាប់ទៅក៏បានទៅកើតក្នុងឋានសួគ៌
សោយសុខនៃផលបុណ្យដែលគេទាំងពីរបានធ្វើមកនោះ ។
ការប្រព្រឹត្តរបស់ស្ដេចសត្វចាប សត្វដែលមានបញ្ញាមួយនេះ
ពិតមែនហើយ មិនមែនជាចាប ដូចជាឈ្មោះរបស់វាទេ និងក្លាយជាតួយ៉ាងដ៏ល្អ
ដែលញ៉ាំងឲ្យអ្នកស្រែ និងមនុស្សទូទៅថា
មនុស្សយើងគ្រប់រូបនោះ គួរនឹងស្គាល់ថា
យើងនោះគួរគ្រប់គ្រងរៀបចំចាត់ចែងទ្រព្យសម្បត្តិ ឬមាសប្រាក់ក្នុងមួយថ្ងៃៗ
ដែលខ្លួនរកមកបានដោយលំបាកនោះយ៉ាងណា
ទើបនឹងធ្វើឲ្យទ្រព្យសម្បត្តិទាំងនោះកើតបានជាប្រយោជន៍ដ៏ឧត្តមទាំងចំពោះខ្លួន គ្រួសារ
សង្គម ព្រមទាំងប្រទេសជាតិដែលខ្លួនកំពុងរស់នៅអាស្រ័យជាទីពឹងបាន ។
រាប់ជាការប្រើបញ្ញាគ្រប់គ្រងទ្រព្យសម្បត្តិយ៉ាងប៉ិនប្រសព្វ
កាន់តែច្រើនឡើង កាន់តែមានសេចក្ដីសុខ សេចក្ដីចម្រើន ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត
សុខទាំងក្នុងពេលបច្ចុប្បន្ន និងសុខទាំងពេលអនាគត ។
តើទង្វើរបស់ស្ដេចសត្វចាបមួយនេះបានអប់រំឲ្យយើងទទួលបាននូវគោលគំនិតអ្វីខ្លះ?
ប្រការមួយ រឿងក្នុងការយកទៅប្រើដោះបំណុលចាស់នោះ មានន័យថា ទ្រព្យសម្បត្តិដែលខ្លួនរកមកបានដោយការលំបាក
មួយចំណែក យើងគួរនាំយកទៅតបស្នងសងគុណលោកអ្នកមានព្រះគុណ
ដែលបានខិតខំចិញ្ចឹមមើលថែរក្សាយើងកន្លងមក ។
លោកជាអ្នកមានឧបការគុណចំពោះយើងក្នុងពេលដ៏សមគួរណាមួយ ដើម្បីជាការតបស្នងសងព្រះគុណអំពើល្អរបស់លោកទាំងនោះ
។ មនុស្សបូរាណតែងតែពោលតគ្នាជានិច្ចកាលថា បុគ្គលណាមួយ ដែលចេះធ្វើកតញ្ញូកតវេទី
បុគ្គលនោះរមែងមិនធ្លាក់ចុះក្នុងសេចក្ដីវិនាស មានតែសេចក្ដីចម្រើនរុងរឿងសព្វគ្រប់ប្រការចូលមកក្នុងជីវិត
។
ប្រការពីរ រឿងការយកទៅឲ្យគេ មានន័យថា
យើងគួរនាំយកទៅចិញ្ចឹមមើលរក្សាគ្រួសារ ប្រើប្រាស់ចាយវាយក្នុងជីវិតប្រចាំថ្ងៃឲ្យបានសមស្របជាមួយសម័យកាល
មិនប្រើឲ្យច្រើនហួសហេតុពេក
និងប្រើតិចពេកទាល់តែយើងខ្សត់ខ្សោយលំបាកជាភារៈរបស់អ្នកដទៃ ជាពិសេសបំផុត
យើងបានទទួលមកក្នុងជីវិតរបស់មនុស្សគ្រប់គ្នា ។ ហើយចេះបែងចែកមួយចំណែកនាំយកទៅទុកដាក់រក្សា
ទុកប្រើការក្នុងពេលខ្លួនយើងចាស់ជរាទៅ ឬកើតមានហេតុអ្វីណានីមួយ
ដែលយើងនឹកស្មានមិនដល់ក្នុងជីវិត
ជាការមួយមិនមានសេចក្ដីប្រមាទក្នុងការប្រើជីវិតរស់នៅក្នុងលោកមួយនេះ ។
ក្នុងយុគសម័យនេះ រឿងក្នុងការទុកដាក់សន្សំលុយកាក់
គេប្រកាន់ថា ជារឿងសំខាន់ណាស់ ។ គោលការណ៍គ្រឹះសន្សំលុយកាក់ដ៏ល្អបំផុត
និងបានផលចំណេញច្រើនបំផុតគឺ ការចាប់ផ្ដើមសន្សំលុយប្រាក់បញ្ញើជាប្រចាំដើម្បីអនាគត
ជាប្រាក់សន្សំតាមបែបមិនដកមកវិញ មិនថាក្នុងករណីណាឡើយ ជាការរក្សាទុកដើម្បីអនាគតខាងមុខពិតប្រាកដមែន
។ គន្លឹះដ៏សំខាន់ដែលធ្វើឲ្យយើងធ្វើការសន្សំតាមបែបគ្រប់គ្រាមិនធ្លាក់ចុះគឺ
ប្រកាន់ថា លុយសន្សំចំណែកដំបូងនេះ ជាតម្លៃចាយវាយចំណែកដំបូងដែលត្រូវប្រើ ។
គឺពេលមានលុយចំណូលចូលមករាល់ពេល ក៏ចាយវាយចំណែកនេះ
ចំណែកឲ្យដល់ខ្លួនឯង នៅក្នុងចំណូលការដំបូងរបស់តម្លៃចាយវាយ
នាំទៅផ្ញើធនាគារដែលផ្ដល់នូវការប្រាក់ខ្ពស់បំផុត នាំទៅទិញគ្រីឌិតកាតផ្សេងៗ
ដែលគោលការណ៍ធានាដ៏ល្អ និងមានការប្រាក់ខ្ពស់ជាងធនាគារ ។ ចំណែកដែលនៅសេសសល់ក៏ថែមទាំងបែងចែកតម្លៃចំណាយផ្សេងៗ។
រួមទាំងលុយដែលសន្សំបម្រុងទុកក៏ជាប្រាក់មួយដុំទៀត ដែលគេនិយមប្រើក្នុងពេលបច្ចុប្បន្ន
ដើម្បីប្រើប្រាស់លុយកាក់បម្រុងនោះក្នុងពេលមានភ័យអាសន្ន
ឬកើតហេតុណ៍អ្វីដែលយើងនឹកស្មានមិនដល់ យើងអាចនឹងបើកចេញមកប្រើក្នុងពេលចាំបាច់
ដោយមិនទៅរំខានដល់ប្រាក់បញ្ញើប្រចាំដើម្បីអនាគតឡើយ ។
ដល់ពេលយើងចាស់ទៅ លុយបញ្ញើប្រចាំដើម្បីអនាគត
និងប្រាក់សន្សំបម្រុងទុកដែលសល់ វានឹងញ៉ាំងឲ្យជីវិតរបស់យើងក្នុងពេលខ្លួនចាស់ជរានោះមានសេចក្ដីសុខបំផុត
ក្លាយជាមនុស្សចាស់ដែលមានសំណាងម្នាក់ក្នុងលោក ។
ជាមនុស្សដែលចូលនិវត្សរ៍ពីការធ្វើការងារដែលមានគុណតម្លៃ ចង់ទៅទីណាក៏ទៅបាន
ចង់ស៊ីអ្វីក៏ស៊ីបានគ្មានអ្នកណាគេហ៊ានថា ព្រោះជាលុយកាក់របស់យើង មិនបានទៅបៀតបៀនលួចកិបកេងប្រវ័ញ្ចមកទេ
កើតមានដូច្នេះ ព្រោះតែយើងចេះនូវការសន្សំលុយកាក់ដ៏ត្រឹមត្រូវ
តាំងតែក្នុងពេលដែលនៅមានកម្លាំងកម្ហែងមាំមួន កូនចៅក៏មិនក្ដៅក្រហាយ មិនមានផលរមាស់អ្វីជាមួយខ្លួន
។
ហើយពេលកូនចៅបានធំឡើង
ដោយផលបុណ្យនៃការប្រើប្រាស់ទ្រព្យសម្បត្តិ ចិញ្ចឹមមើលថែ ឲ្យសិក្សារៀនសូត្រ
ជួយអបស្ទបលើកស្ទួយមុខរបររកស៊ីទទួលទានរបស់គេទៅតាមផ្លូវសម្មាអាជីវៈ
គេក៏អាចត្រឡប់មកចិញ្ចឹមមើលថែ ក្នុងពេលដែលខ្លួនយើងចាស់ជរាទៅ ហើយច្រើនតិចប៉ុនណា យើងគង់នឹងមិនមកអង្គុយខ្វល់អម្ពល់ទុក្ខអ្វីឡើយ
ព្រោះយើងក៏មានលុយកាក់របស់យើងផ្ទាល់ខ្លួនដែរ ។
ប្រការទីបី រឿងនៃការនាំយកទៅកប់ទុក មានន័យថា
មនុស្សម្នាដែលមានបញ្ញានោះ គួរនាំយកទ្រព្យសម្បត្តិទាំងនោះមួយចំណែកបែងចែកធ្វើទាន
សាងបុណ្យកុសល ឬដើម្បីតបស្នងសងត្រឡប់ទៅឲ្យសង្គម ទាំងការបរិចាគទៅឲ្យមនុស្សដែលកំពុងបានទទួលនូវសេចក្ដីក្ដៅក្រហាយ
និងការអស់ភាស៊ីដោយត្រឹមត្រូវ ដើម្បីឲ្យសង្គមប្រទេសជាតិ
ដែលយើងកំពុងរស់នៅអាស្រ័យមួយនេះ មានកម្លាំងទ្រព្យទៅអភិវឌ្ឍស្រុកទេស
ឲ្យមានការរីកចម្រើន ដូចជាប្រទេសអភិវឌ្ឍន៍ក្នុងលោកដែរ ។
កុំធ្វើជាមនុស្សពូកែពុករលួយដែនដីកំណើត កិបកេងប្រវ័ញ្ចអ្នកដទៃ
យកភាពពូកែ និងឆ្លាតឆ្លៀវរបស់ខ្លួន ដែលមានប្រៀបជាងអ្នកដទៃ
ទៅស្វែងរកផលប្រយោជន៍ដាក់ខ្លួន និងបក្សពួកខ្លួន
ធ្វើអ្វីគ្រប់យ៉ាងគ្រាន់តែឲ្យគ្រួសាររបស់ខ្លួនមានបាន ក្នុងខណៈក្រុមគ្រួសារអ្នកដទៃគេក្ដៅក្រហាយ
វិនាសបាត់បង់ ក៏មិនធ្លាប់ចាប់អារម្មណ៍យកភ្នែកមើលយកខួរក្បាលគិតដែរ ។
យ៉ាងនេះគេមិនហៅ និងមិនចាត់ទុកជាមនុស្សល្អទេ
មានគ្រាន់តែកើតមកចៃដន្យសំណាងល្អ ជាមនុស្សពូកែ ប៉ុន្តែពូកែខាងពុករលុយ
កិបកេងប្រវ័ញ្ច និងអាត្មានិយម រឿងបែបនេះមិនគួរឲ្យលើកលែងទោសឲ្យទេ ។
សូមរង់ចាំចុចអានបន្ត
No comments:
Post a Comment