Monday, January 15, 2018

រឿង ព្រះមហាមោគ្គល្លានអប់រំស្រ្តីសោភិណី


ថ្ងៃមួយ ព្រះមហាមោគ្គល្លាន ចេញដើរបិណ្ឌបាតនៅក្នុងនគរសាវត្ថី មានស្ត្រីសោភិណីម្នាក់ មុខមាត់ស្អាតបាត នាងឈ្មោះថា វិមលា ពេលនាងឃើញព្រះមហាមោគ្គល្លានហើយក៏ជាប់ចិត្តប្រតិព័ទ្ធលើព្រះថេរៈ ទើបដើរតាមព្រះថេរៈទៅដល់កន្លែងគង់នៅ ។  ពេលនាងឃើញព្រះថេរៈគង់នៅមួយអង្គឯង ទើបនាងបានឱកាសចូលទៅនិយាយាចរចា និងសំដែងឫកពារអាកប្បកិរិយាឱ្យឫកឱ្យរាងដាក់ព្រះថេរៈ តែព្រះថេរៈមិនញាប់ញ័រ និងដឹងទាន់ពីបំណងប្រាថ្នារបស់នាង ទើបលោកពោលដាស់តឿនស្រ្តីសោភិណីវិមលា ឱ្យនាងមានសតិឡើងថា
”…ខ្ទម គឺអត្ថភាពរាងកាយ ដែលមានគ្រោងឆ្អឹងសាងឡើង លាបបូកបិទដោយសាច់និងឈាម រុំរឹតដោយស្បែកសរសៃ ពោរពាសទៅដោយគ្រឿងមិនស្អាត មានក្លិនស្អុយឆ្អេះឆ្អាប គួរខ្ពើមរអើម ដែលមនុស្សទូទៅនាំគ្នាតោងប្រកាន់ ប៉ុន្តែសម្រាប់អាត្មា វាគ្រាន់តែជារបស់គួរឱ្យខ្ពើមរអើមប៉ុណ្ណោះយ៉ាងណា រាងកាយរបស់នាងមិនខុសអីពីស្បោងដាក់នូវទឹកម៉ូត្រលាមក មានស្បែកហ៊ុំព័ទ្ធបិទបាំង ដូចជានាងព្រាយបីសាច ដែលមានផ្ទៃបោងឡើងត្រង់ដើមទ្រូង មានទ្វារ ៦ ឱ្យវត្ថុគ្រឿងមិនស្អាតហូរចេញមកជានិច្ច …  

ភិក្ខុដូចជាអាត្មានេះ រមែងមិនរមិលមើលរាងកាយនាងទេ ដូចជាបុរសអ្នកស្រឡាញ់ភាពស្អាត រមែងគេចចេញពីឧច្ចារៈនិងបស្សាវៈនេះឲ្យឆ្ងាយ សម្រាប់មនុស្សទូទៅ បើសិនគេបានយល់ដល់រាងកាយរបស់នាងដូចអ្វីដែលអាត្មាយល់យ៉ាងនេះ ម្នាក់ៗក៏ប្រហែលជានាំគ្នាគេចចេញឆ្ងាយ ក្លាយទៅជាបុរសអ្នកស្រឡាញ់ភាពស្អាត គេចចេញពីអន្លងឧច្ចារៈដែលភ្លៀងបង្អុរចុះដាក់ រមែងគេចចេញឲ្យឆ្ងាយទៅព្រោះតែភាពខ្ពើមស្អើមនោះឯង ។

អាកាស គឺភាពវាលលំហទទេ តើអ្នកណាហ្ន៎ ដែលសង្ឃឹមនឹងយកគ្រឿងរមៀតឬទឹកជ្រលក់យ៉ាងវត្ថុដទៃទៅជ្រលក់អាកាសបាន វាជាការហត់នឿយទៅទទេៗយ៉ាងណា ចិត្តរបស់អាត្មាជាវាលលំហទទេដូចជាវាលលំហអាកាស ឋិតថេរមាំទាំនៅខាងក្នុងដូច្នេះ នាងកុំសង្ឃឹមស្នេហាបានពីចិត្តដែលជាវាលលំហនេះបានឡើយ ព្រោះនឹងជួបតែភាពឈឺចាប់ ប្រៀបដូចជាសត្វមមៀចហើរចូលភ្នក់ភ្លើងប៉ុណ្ណោះ …”

ពេលនាងវិមលាបានស្ដាប់ព្រះមហាមោគ្គល្លាននិន្ទារូបរាងកាយនេះហើយ កើតចិត្តសង្វេគខ្មាសអៀន និងខ្លាចបាបកម្ម ក្នុងពេលដំណាលគ្នានោះដែរ កាលបើនាងគិតពិចារណាតាមហេតុបច្ច័យដែលព្រះថេរៈពោល ក៏ញ៉ាំងចិត្តរបស់នាងឱ្យមានសទ្ធាជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនា នាងទើបប្រកាសខ្លួនជាឧបាសិកាមានសទ្ធាជ្រះថ្លាជឿក្នុងគុណព្រះពុទ្ធ ក្នុងគុណព្រះធម៌ និងគុណព្រះសង្ឃ ជាទីពឹងទីរលឹក ទាំងឈប់ប្រកបមុខរបរអាជីបជាស្រីបំរើកាមតណ្ហាតទៅទៀត ចាប់តាំងពេលនោះមក ។

បន្តមក ពេលនាងវិមលាមានអាយុកាន់តែច្រើនចូលវ័យចំណាស់ នាងក៏បានលះបង់ទ្រព្យសម្បត្តិទាំងអស់ហើយ ចេញមកបួសជាភិក្ខុនី មិនយូរប៉ុន្មាននាងក៏បានសម្រេចមគ្គផលជាព្រះអរហន្ដីមួយរូបនៅក្នុងព្រះពុទ្ធសាសនា ។

មានរឿងដំណាលថា ថ្ងៃមួយព្រះនាងវិមលាភិក្ខុនីបានមកគង់អង្គុយប្រតិបត្តិធម៌ទៀបគល់ឈើ ព្រះនាងក៏ញ៉ាំងទុតិយជ្ឈាន ព្រះនាងអាស្រ័យទុតិយជ្ឈាននោះឯងជាមូលដ្ឋានគ្រឹះចម្រើនវិបស្សនារហូតដល់បានសម្រេចអរហត្តផល ក្រោយពីព្រះថេរីបានសម្រេចអរហត្តផលហើយ ព្រះនាងបានគិតពិចារណាខប្រតិបត្តិរបស់ខ្លួន ហើយពោលពាក្យពេចន៍សម្តែងអារម្មណ៍នេះថា

“…កាលមុន យើងរវល់តែជាប់ជាមួយកេរ្តិ៍ឈ្មោះ រូបរាង សោភ័ណ និងបរិវារ យើងធ្លាប់ឈ្លក់វង្វេងជាមួយសម្រស់វ័យក្រមុំ ទើបត្រូវបានមើលងាយមើលថោកស្ត្រីទាំងឡាយដទៃៗ កាលមុនយើងធ្លាប់ស្អិតស្អាងតាក់តែងរូបកាយនេះឲ្យស្អាតល្អ ដោយការកែសម្ផស្សតាមរបៀបផ្សេងៗ ដូចជាត្រាំស្បែក អប់ស្បែកដោយគ្រឿងក្រអូបផ្សេងៗ ហើយធ្វើសក់បួងសក់ជាដើម ដែលញ៉ាំងឲ្យមនុស្សល្ងង់ល្ងប់នឹងស្វែងរកកាមតណ្ហា ហើយក៏មកឈរស្ទាក់កាត់ចាំប្រុសៗនៅត្រង់មាត់ទ្វារបាពេស្យាយ៉ាងណា ដូចគ្នានឹងនាយព្រានស្ទាក់ចាំដាក់អន្ទាក់ម្រឹគយ៉ាងដូច្នោះដែរ ។ នៅកន្លែងនោះ យើងញាំងឲ្យពួកប្រុសៗបានឃើញគ្រឿងប្រដាប់ទាំងឡាយទាំងក្នុងទីកំបាំង និងទីមិនមានកំបាំង បានសំដែងមាយាម្ញ៉ិកម្ញ៉ក់សព្វគ្រប់ប្រការអូសទាញប្រុសៗឲ្យត្រេកត្រអាលក្នុងកាម តែដល់ថ្ងៃនេះ យើងត្រឡប់ជាកោរសក់ គ្រប់ដណ្ដប់សំពត់ដេរផ្ដានទ្រួតជាន់លើគ្នា ដើរបិណ្ឌបាត រួចហើយមកអង្គុយចូលឈានដែលមិនមានវិត្តកៈនៅទៀបគល់ឈើ ឥឡូវនេះកិលេសជាគ្រឿងចងរួបរឹតទាំងរបស់ទិព្វទាំងរបស់មនុស្ស យើងលះបង់បានដាច់ស្រឡះអស់ហើយ យើងកំចាត់បង់កិលេសសៅហ្មងទាំងអស់ហើយទើបស្ងប់ត្រជាក់

សូមបង្អោនអង្គកាយក្រាបនមស្ការបូជាដល់គុណព្រះមហាមោគ្គល្លាន ដែលលោកបានអប់រំទូន្មាន និងជាបែបយ៉ាងមិនឲ្យភិក្ខុនីត្រេកអររីករាយក្នុងកាម និងការប្រាថ្នាក្នុងកាមជារបស់មិនគួរដល់អ្នកប្រាជ្ញឡើយ ។

ព្រមទាំងសូមបង្អោនកាយក្រាបថ្វាយបង្គំបូជាដល់ព្រះវិមលាភិក្ខុនីថេរី ដែលបានត្រេកអរក្នុងធម៌ មិនខឹងក្រោធក្នុងសេចក្ដីដំនៀលនិន្ទា តែបានបង្អោនកាយចិត្តទទួលយកធម៌មកដាក់ក្នុងចិត្ត ត្រិះរិះគិតពិចារណា ហើយអង្គព្រះនាងក៏ជាគំរូដល់ស្រ្តីទាំងឡាយ ដែលមានបំណងប្រាថ្នាចង់មានឥស្សរៈឲ្យដឹងថា ស្រ្តីទាំងឡាយក៏អាចសម្រេចមគ្គផលនិព្វានបានដូចជាបុរសបានដែរ ៕





No comments:

Post a Comment