ទី១ ខាងកើតទិសបុព្វា ទុកដូចជាមាតាបិតា
ដែលបង្កើតបុត្រក្នុងលោកា គូកនស្នេហាអស់ពីចិត្ត
។
ត្រូវបត្តិបត្តិលោកដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំមានកំរិត
កម្រៃថ្លៃគុណលោកអាណិត ដោយមេត្តាចិត្តជួយកូនថ្លៃ ។
ទី២ ខាងត្បូងទិសទក្ខិណា ទុកជាអាចារ្យយើងសព្វថ្ងៃ
ដែលបង្រៀនធម៌ល្អថ្លាថ្លៃ ឲ្យបាននិស្ស័យទៅនិព្វាន
។
ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំទុកទូន្មាន
គឺពាក្យជាច្បាប់ឱវាទាន ទាំងនោះត្រូវមានចិត្តជ្រះថ្លា
។
ទី៣ ខាងលិចទិសបច្ឆិមា នោះលោកទុកជាបុត្តភរិយា
ដែលនៅក្រោយខ្នងយើងរាល់គ្នា នោះគឺជាក្រោមបង្គាប់ខ្លួន ។
ត្រូវធ្វើសង្រ្គោះដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំផ្ដាច់មាំមួន
ថាត្រូវមានចិត្តអាណិតស្ងួន កុំមានគុំគួនឬគ្នាន់ខ្នាញ់
។
ទី៤ ខាងជើងទិសឧត្តរា លោកទុកថាជាមិត្តសំឡាញ់
ដែលមានចិត្តស្មើឥតផ្ចាលផ្ចាញ់ រាប់អានស្រឡាញ់ឥតអាក់ឡើយ ។
ត្រូវប្រតិបត្តិគ្នាដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំផ្ដាច់មកហើយ
បើមិត្តមានទុក្ខជួយឲ្យស្បើយ កុំខានសោះឡើយទើបត្រូវធម៌ ។
ទី៥ ខាងក្រោមទិសហេដ្ឋា លោកទុកជាទាសកម្មករ
ដែលជួយធ្វើការអាក្រក់ល្អ ដោយចិត្តស្មោះសរនឹងចៅហ្វាយនាយ
។
ត្រូវនាយសង្គ្រោះដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំឲ្យខ្វល់ខ្វាយ
បើមានឈឺចាប់មិនសប្បាយ ត្រូវឲ្យចៅហ្វាយថែរក្សា
។
ទី៦ ទិសខាងលើឧទ្ធៈ ទុកជាសមណៈនិងព្រាហ្មណា
ដែលយើងទាយកទាយិកា មានចិត្តជ្រះថ្លាហើយធ្វើទាន
។
ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំ ដែលអ្នកប្រាជ្ញផ្ដាំទុកទូន្មាន
លោកអ្នកប្រាប់ផ្លូវសួគ៌និព្វាន ថាទៅដោយយានគឺសីលអើយ ៕
រ.ដ. ឯក ញឺម
ស.ស. កម្ពុជសុរិយា ផ្សាយដោយពុទ្ធសាសនបណ្ឌិត ភ្នំពេញ ១៩៤៤ ឆ្នាំ ១៦ ភ.២ ទំ.៣៩៩
រ.ដ. ឯក ញឺម
ស.ស. កម្ពុជសុរិយា ផ្សាយដោយពុទ្ធសាសនបណ្ឌិត ភ្នំពេញ ១៩៤៤ ឆ្នាំ ១៦ ភ.២ ទំ.៣៩៩
No comments:
Post a Comment