Tuesday, June 12, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៧)



អំពើអាក្រក់មិនដែលមានអ្នកណាមួយចង់ឲ្យគេធ្វើមកលើខ្លួន គ្រួសារ សមាជិករបស់ខ្លួន ហើយអ្វីដែលមិនចង់ឃើញទៅទៀត សូម្បីតែពាក្យរិះគន់ ស្ដីបន្ទោសដែលចេញពីមាត់របស់មនុស្សដទៃ ក៏មិនចង់ជួប មិនចង់ឮ មិនចង់ស្ដាប់ដែរ ប៉ុន្តែពេលខ្លះយើងក៏មិនចង់ឲ្យគេសាងរូបភាពអាក្រក់ៗទាំងនោះ ដោយកាយក្ដី ដោយវាចាក្ដី និងដោយចិត្តក្ដីមកលើខ្លួនយើង តែអ្វីដែលយើងបានធ្វើទៅលើគេវិញ យើងមិនសូវជាបានគិត យកចិត្តទុកដាក់ពិនិត្យឡើយ ជួនកាលដើម្បីសេចក្ដីសុខ ក៏ដូចជាសេចក្ដីសុខរបស់សមាជិកខ្លួនៗ សុខចិត្តទៅបំផ្លាញសេចក្ដីសុខ សុភមង្គលរបស់អ្នកដទៃ ដើម្បីតែភាពមានបានរបស់ខ្លួន សុខចិត្តខ្លួនគេងប្រវញ្ច ជិះជាន់ រឹបអួសយករបស់របរកម្មសិទ្ធិរបស់អ្នកដទៃ ទៅរំលោភបំពាន់ឈ្នានីស ព្យាបាទរករឿងរកទោសអួសដំណើរអ្នកដទៃគ្រប់រូបភាព ក៏ដើម្បីយកមកបំពេញសេចក្ដីសុខរបស់ខ្លួនឯង។

សួរថា តើដើម្បីអី? គឺដើម្បីសេចក្ដីសប្បាយ ដើម្បីតែសេចក្ដីសុខរបស់ខ្លួន និងមនុស្សបក្សពួករបស់ខ្លួនប៉ុណ្ណោះ ។ ការធ្វើបែបនេះ វាប៉ះពាល់ទៅដល់សតិអារម្មណ៍របស់អ្នកដទៃ ខ្លួនអត់ខ្វល់ សំខាន់ឲ្យតែខ្លួនបានស្រួល បានសុខ អាណាងាប់ អាណារស់ជារឿងរបស់គេ មិនមែនជារឿងរបស់ខ្លួន គំនិតបែបនេះ មិនខុសពីរឿងគោ និងមាន់ សត្វពស់រកឲ្យជួយ មិនគិតជួយគ្នាទេ ដោយមានគំនិតថា ហេតុភេទអាក្រក់ៗមិនកើតឡើងដល់ខ្លួនៗបានសុខរហូត តែទីបំផុតក៏ត្រូវរង់គ្រោះដោយគេអារក ចាក់កសម្លាប់ដូចៗគ្នា នៅពេលដែលប្រពន្ធម្ចាស់ផ្ទះឆ្លងទន្លេ គេក៏សម្លាប់មាន់និងគោនោះយកមកធ្វើម្ហូបទទួលលៀងភ្ញៀវដែលមកលេងអស់ទៅ ។

នេះថា អំពើណាធ្វើទៅហើយ មានភាពក្ដៅក្រហាយដល់អ្នកដទៃ មានសេចក្ដីសប្បាយដល់ខ្លួនឯង លោកថាកុំធ្វើ កុំប្រព្រឹត្ត, អំពើណាធ្វើទៅហើយ ខ្លួនក្ដៅក្រហាយ អ្នកដទៃសប្បាយ លោកថាក៏កុំធ្វើ កុំប្រព្រឹត្ត, អំពើណាធ្វើទៅហើយអ្នកដទៃក្ដៅក្រហាយ ខ្លួនក្ដៅក្រហាយ លោកថាកុំធ្វើ កុំប្រព្រឹត្ត ហើយអំពើណាដែលធ្វើទៅហើយ ខ្លួនបានសុខ អ្នកដទៃក៏បានសុខ លោកថា ចូរប្រញាប់ធ្វើចុះ 

No comments:

Post a Comment