Tuesday, June 12, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១២៨)



យើងធ្វើគុណដល់អ្នកណាមួយឲ្យបំភ្លេច។  អ្នកណាធ្វើគុណដល់យើងវិញឲ្យចាំ មួយឃ្លានេះពិតជាឃើញមានមនុស្សតិចតួចណាស់ ដែលចង់បានទិដ្ឋភាពបែបនេះ ។ អ្នកខ្លះ ចង់ជួយយើង លុះត្រាតែគេឃើញផលប្រយោជន៍ពីយើង ទើបបានគេមកជួយយើង បើមិនដូច្នេះទេ គេមិនមកជួយយើងឡើយ ការដែលបានមកជួយនេះ មិនមែនជាការផុសចេញពីក្រអៅបេះដូងប្រកបដោយមេត្តាចិត្តអាណិតអាសូរនោះទេ ដូចពាក្យខ្មែរយើងតែងតែនិយាយតគ្នាថា ហុចរបស់ស្រណោះដៃ ។ មុននឹងគេឲ្យអ្វីមួយមកដល់យើង គេបានគិតថា ពិតជាបានអ្វីមួយពីយើងវិញមិនខាន បើមិនបានអ្វីផ្សេង ក៏បានត្រឹមការដឹងគុណបំណាច់របស់ខ្លួនដែលបានជួយដែរ ។ មនុស្សគិតបែបនេះ បើតាមទស្សនៈផ្ទាល់របស់អ្នកសរសេរគឺជាមនុស្សម្នាក់កំពុងតែបង្កើតនូវជំងឺផ្លូវចិត្តម្យ៉ាងរួចជាស្រេចឲ្យដល់ខ្លួនឯង ថ្ងៃណាមួយអំពើដែលខ្លួនបានសាបព្រោះនោះ មិនបានដូចចិត្តខ្លួនប៉ង ជំងឺផ្លូវចិត្តនេះក៏នឹងផ្ទុះឡើង ដែលអាចឈានទៅដល់ការចង់ពៀរគ្នា ដាក់ផ្ដាសាគ្នាទៀតផង ។ បើបានដូចចិត្តក៏គិតថា វាស្រួលចិត្ត សប្បាយចិត្តជាមួយអ្វីដែលខ្លួនបានសាបព្រោះនោះៗ ប៉ុន្តែកម្របានឃើញលទ្ធផលជាវិជ្ជមានណាស់ ហើយក៏មានតិចតួចណាស់ដែរ មានពេលខ្លះដល់ភ្លេចម្ដាយឪពុកខ្លួនទៅទៀតផងក៏សឹងមាន ព្រោះចិត្តមនុស្សមិនអាចប្រាកដបានឡើយ វាមានការឡើងចុះទៅតាមលោកធម៌ ប្រែប្រួលទៅគ្រប់ពេលវេលា ដូចពាក្យមួយលើកឡើងថា អ្វីដែលរំកិលទៅមុខគឺពេលវេលា អ្វីដែលផ្លាស់ប្ដូរគ្រប់ពេលវេលាគឺចិត្តមនុស្សនេះឯង

ដូច្នេះអ្នក ដែលបានបណ្ដុះចិត្តមេត្តាបុណ្យកុសល គួរណាស់តែតម្កល់ខ្លួនប្រកាន់យកពាក្យខាងលើ ពេលណាខ្លួនបានធ្វើល្អដល់អ្នកណាមួយ កុំគិតចង់បានអ្វីពីអ្នកនោះមកវិញ អ្វីខ្លួនដែលចង់បានមកវិញនោះគឺការជួយមនុស្សនោះឲ្យមានការរីកចម្រើន ឲ្យឱកាសគេបានអភិវឌ្ឍខ្លួនធ្វើអ្វីមួយតាមបំណងឆន្ទៈរបស់គេ ហើយអ្វីដែលយើងចង់បានមកវិញក្នុងពេលនោះ  គឺសេចក្ដីល្អលំអចិត្តរបស់យើងនោះឯង ដែលជាសេចក្ដីសុខរបស់អ្នកឲ្យ ព្រោះបំណងអ្នកជួយចង់ឲ្យគេបានសុខ បានចម្រើន មានការអភិវឌ្ឍផ្នែកគំនិតស្មារតី ឬជួយកិច្ចការណានីមួយ ដែលគេត្រូវការឲ្យជួយ ។

ម្យ៉ាងទៀត ពេលណាអ្នកបានថ្កុំថ្កើង មានបាន មានភាពសុខសាន្តក្នុងពេលនេះ ប្រាកដណាស់ថា មុខជាមានបុព្វកម្ម បុព្វហេតុណានីមួយជួយជំរុញខ្លួនឲ្យមកឈរលើចំណុចនេះ ឬភាពជោគជ័យត្រង់នេះហើយ នោះគឺមានបុព្វការីជន ដែលបានជួយយើង ញាតិមិត្ត បងប្អូនរបស់យើង ឬអ្នកណាក៏ដោយដែលមានគុណូបការដល់យើង សុទ្ធតែជាហេតុមួយឲ្យយើងចងចាំ រំលឹកដាស់តឿនចិត្តខ្លួន កុំឲ្យបំភ្លេចនូវគុណបំណាច់របស់ជនទាំងអស់នោះ  ទោះបីមិនបានជួយអ្វីដល់ពួកគេ ក៏យើងបានរំលឹកនូវគុណបំណាច់ទុកក្នុងចិត្តរបស់យើងរហូតដល់ថ្ងៃមរណាដែរ  ដូចពាក្យមួយលើកឡើងថា មនុស្សដែលដឹងគុណគេ មិនធ្លាក់ទៅក្នុងទីទាបឡើយ 


No comments:

Post a Comment