“មោះមុតក្លៀវក្លា និងដាច់ខាតក្នុងការធ្វើត្រង់ការបៀតបៀនខ្លួនឯង
និងអ្នកដទៃ” តើគួរនឹងប្រសើរត្រង់ណាទៅអេះ?
ចំណុចនេះ គឺយើងមានឃើញយុវវ័យមួយចំនួន ដែលចូលដល់វ័យស្នេហាកើតឡើង
បេះដូងពួកគេបានផ្ទុកនូវអំរែកមួយគឺ ការគិតរែកនូវអំរែកស្នេហា នៅពេលស្នេហាផ្អែមល្ហែមល្អូកល្អើននៅឡើយ
អ្វីៗក៏នៅស្រស់បំព្រង អ្វីៗក៏នៅមានន័យ មានតម្លៃទាំងអស់ ពិភពលោកបិទលាបទៅដោយពណ៌បៃតង
ព្រះអាទិត្យនៅតែបញ្ចេញកម្មរស្មីមិនមានពេលអព្ទអួ ព្រះចន្ទ នៅតែរះឡើងត្រចះត្រចង់ គ្មានពពកមកបាំងបិទអ្វីឡើយ
ខ្យល់ជំនោនៅតែមានចលនាបក់បោកមកត្រសៀកៗត្រជាក់កាយត្រជាក់ចិត្តទាំងទ្វេ
គ្មានអ្វីមោះម័យទាស់ចិត្តឡើយ បាយប្រហុកអំបិលក៏ឆ្ងាញ់ ដេកនៅក្នុងខ្ទមរនាបឫស្សីក៏មានផាសុកដែរ
។
តែដល់ស្នេហាត្រូវបរាជ័យវិញ
អ្វីៗក៏អស់ន័យ អស់តម្លៃ រស់នៅក្នុងលោកនេះក៏លែងបាន បរិយាកាសជុំវិញលែងមានសម្រស់
ព្រះអាទិត្យ ព្រះចន្ទ ខ្យល់ជំនោហាក់ដូចជាឈប់គាំងស្ងៀមទ្រឹង បាយប្រហុក
ក៏លែងមានរសជាតិ នៅក្នុងខ្ទមរនាបឫស្សីក៏លែងមានផាសុក បរិយាកាស
ត្រូវបានគេលាបពណ៌ខ្មៅទាំងអស់ មើលអ្វីលែងយល់ មើលអ្វីលែងឃើញ ស្ដាប់អ្វីលែងឮអស់ហើយ
គិតតែម្យ៉ាងគឺរស់នៅគ្មានគេលែងបាន សួរថា ចុះកាលមិនទាន់មានគេ ក៏រស់បាន
ចុះបើរស់ក្នុងសភាពដើមវិញ វាទៅមិនរួចទេឬ?
មុននឹងសម្រេចចិត្តគិតធ្វើរឿងមិនគប្បី
ក៏សូមឲ្យលកលៃគិតដល់អ្នកដែលបង្កើតយើងមក ពួកគាត់ប្រឹងប្រែងដុតដៃដុតជើង ធ្វើយ៉ាងណា
រកគ្រប់វិធីដើម្បីចិញ្ចឹមយើងឲ្យរស់នៅឲ្យបានសុខ តាមលទ្ធភាពរបស់ខ្លួន
បើនិយាយពីការចំណាយកម្លាំងកាយចិត្ត ទ្រព្យសម្បត្តិ និងពេលវេលា ខិតខំថែរក្សាការពារយើងមកធំដល់ប៉ុណ្ណេះ
មិនមែនជាការលែងសើចឡើយ ហេតុអ្វីយើងត្រូវមកខូចចិត្ត បាក់ចិត្ត
ទ័លគំនិតនៅត្រង់រឿងស្នេហានេះ ។ យើងមិនសក្ដិសមតម្លៃខ្លួនទៅប្ដូរយករឿងប៉ុណ្ណឹង អស់ផ្លូវ
គិតខ្លីប៉ុណ្ណឹងទេ ព្រោះលោកថា ការបានកើតមកជាមនុស្សនេះ មិនមែនមានបុណ្យតិចទេ
រស់ធំមកប៉ុណ្ណឹង ឪពុកម្ដាយចំណាយមកច្រើនណាស់ រហូតលែងរាប់ថាមានប៉ុណ្ណេះប៉ុណ្ណោះបាន
ជាពិសេសយើងជាអ្នកផ្សារសាច់ឈាមអ្នកប្រតិបត្តិព្រះពុទ្ធសាសនាផងនោះ មិនមែនឲ្យគិតត្រឹមហ្នឹងទេ
ព្រោះការបានកើតមកជាមនុស្សនេះ ត្រូវមកបំពេញបុណ្យកុសល ឲ្យបានកើតជាមនុស្ស កើតជាទេវតា
និងមកបំពេញបុណ្យកុសលដើម្បីឲ្យរួចចាកទុក្ខទាំងពួង មានការកើត ចាស់ ឈឺ ជួបព្រាត់ៗនេះឲ្យបានបន្តទៀត
។ កុំយកជីវិត មកប្ដូរជាមួយល្បែងស្នេហាឲ្យចប់ត្រឹមហ្នឹងឲ្យសោះ ព្រោះយើងត្រូវមានភារកិច្ចត្រូវធ្វើបន្តទៅទៀត
បើទៅមិនរួចឲ្យសម្រាកសិន ពេលណាមានកម្លាំងឡើងវិញ សុំធ្វើដំណើរបន្តទៅទៀត ដូចពាក្យមួយថា
បើអ្នកហោះហើរមិនរួច ឲ្យរត់ បើរត់មិនរួច ឲ្យដើរ បើដើរមិនរួច ឲ្យវារបន្ត ធ្វើយ៉ាងណាឲ្យតែមានចលនាទៅមុខទៀត ។
ការគិតបៀតបៀនខ្លួនឯង និងអ្នកដទៃគឺមានន័យថា
ការបំផ្លាញប្រយោជន៍គ្រប់យ៉ាង ដូចជាជនពាល ដែលជាអ្នកកាត់បង់ប្រយោជន៍ខ្លួនឯងផង
និងអ្នកដទៃផង កាត់ប្រយោជន៍លោកនេះផង និងប្រយោជន៍លោកខាងមុខផង ។ ជារឿយៗយើងឃើញមានវ័យជំទង់ច្រើនណាស់
ដែលសុខចិត្តបៀតបៀនខ្លួនឯង ដោយការប្រព្រឹត្តនូវអំពើមិនគប្បី ដូចជាការសម្លាប់ខ្លួន
ដោយការចងក លេបថ្នាំពុល អារដៃ អារជើង និងធ្វើបាបខ្លួនមានប្រការផ្សេងៗទៀត។ល។ ដើម្បីបញ្ឈឺអ្នកដទៃ
តើយើងធ្វើបែបហ្នឹងបានអ្វីមកដល់ខ្លួន បានអ្វីមកដល់គ្រួសារ ដល់សង្គមខ្លួនយើង
សូមផ្ដាំដល់មនុស្សដែលមានគំនិតទុទិដ្ឋិនិយម គំនិតអវិជ្ជមានមួយចំនួន ដែលបានធ្វើ
កំពុងធ្វើ និងបម្រុងនឹងធ្វើ ឲ្យលែងគិត បោះបង់ចោលគំនិតនេះចេញ ត្រូវគិតថា បើអត់ពីគេម្នាក់ហ្នឹង
យើងមានមនុស្សច្រើនណាស់ ដែលកំពុងចាំមើលពីភាពរីកចម្រើន ការធំធាត់ ការអភិវឌ្ឍរបស់យើង
ជាពិសេសឪពុកម្ដាយ រហូតដល់មានពាក្យពេចន៍ខ្លះថា ចូរកូនកុំគិតថា គ្មានអ្នកកំដរ
គ្មានអ្នកស្រឡាញ់កូន បើអ្នកដទៃមិនកំដរ មិនស្រឡាញ់កូន ក៏មានម៉ែពុកនៅតែស្រឡាញ់កូនដែរ
បើមានគេស្អប់ និងបោះបង់កូនម៉ែចោល ចូរកូនមករកម៉ែឪ ឪម៉ែមិនដែលមានថ្ងៃបោះបង់ចោលកូនម្ដងណាឡើយ
។ ជាការពិតណាស់ ឪពុកម្ដាយភាគច្រើន មិនមានថ្ងៃបោះបង់ចោលកូនឡើយ ទោះបីកូននោះ
ធ្លាក់ខ្លួនពិការដៃពិការជើង ខ្វាក់ខ្វង់ គរថ្លង់ ឆ្កួតជា ឪពុកម្ដាយក៏នៅតែរក្សាការពារបីបាច់រហូត
នេះជាទឹកចិត្តឪពុកម្ដាយ ចុះខ្លួនយើងស្អាតបាត សាច់ឈាមត្រលូកត្រលន់យ៉ាងនេះ មិនពិការ មិនខ្វាក់ខ្វង់
មិនគរថ្លង់ មិនឆ្កួតលីលា តើពួកគាត់ស្រឡាញ់យើងប៉ុណ្ណាទៅ បើយើងមិនគិតដល់ខ្លួនឯង
ក៏គួរគិតដល់ទឹកចិត្ត យល់ចិត្តដល់ពួកគាត់ដែរ ។
No comments:
Post a Comment