Wednesday, June 13, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១៣០)



បើសិនមនុស្សមិនល្អ ទោះបីមានរបស់ល្អក៏គ្រប់គ្រងមិនបាន របស់ល្អៗស្ថិតនៅលើមនុស្សល្អ ។ មានរឿងរ៉ាវ ជាច្រើនដែលយើងទាំងអស់គ្នាស្មានមិនត្រូវ នឹកស្មានមិនដល់ ពេលខ្លះឱកាសនៅចំពោះមុខយើង បែរជាយើងគ្មានឱកាសដើម្បីបានវាមកកាន់កាប់ ឬមកគ្រប់គ្រងបាន ហើយពេលខ្លះទៀត របស់ល្អៗនៅចំពោះមុខយើងយ៉ាងពាសពេញហូរហៀរ បែរជាយើងបរិភោគមិនកើតទៅវិញ ខ្លះទៀតខំធ្វើផ្ទះធំទ្រនំខ្ពស់ ដើម្បីឲ្យខ្លួននៅជ្រកកោនសប្បាយចិត្តនឹងគេធ្វើហើយស្លាប់ ទាំងខ្លួនមិនទាន់បានឡើងទៅនៅផ្ទះនោះផង ។  មានរឿងខ្លះទៀត ពុកម៉ែខំសន្សំលុយកាក់ទិញម៉ូតូថ្មីឲ្យខ្លួនជិះៗបានតែម្ដង ក៏ត្រូវគេបុកដួលស្លាប់បាត់ទៅក៏មាន ហើយអ្នកខ្លះទៀត មានលុយរាប់លានដុល្លារ តែមិនអាចទទួលទានរបស់ឆ្ងាញ់ៗ របស់ល្អៗបាន  ខ្លួនទទួលទានបានត្រឹមតែទឹកជ្រក់ជាមួយបាយកញ្ចុងអង្ករទៅវិញ មានរឿងរ៉ាវជាច្រើនទៀត ដែលមានហេតុភេទកើតឡើងមិនស័ក្ដិសម មិនសមតម្លៃនឹងខ្លួនមានបាន មិនសមនឹងខ្លួនបាន ។

អ្វីដែលលើកពោលមកខាងលើ បើយើងនិយាយឲ្យខ្លីមក ថាមនុស្សខ្វះបុណ្យនោះឯង ព្រោះអ្វីៗវាមានហេតុផលរបស់វា របស់ល្អនៅជាមួយនឹងជនពាល ជនកំហូចមិនបានយូរឡើយ វាចេះតែក្ដៅក្រហាយ មានជំងឺឈឺស្កាត់ មានរឿងវិវាទទាស់ទែងខ្វែងគំនិត ឲ្យបែកបាក់ប្ដីប្រពន្ធ បងប្អូនមើលមុខគ្នាមិនចំ មើលមុខគ្នាមិនត្រូវ ព្រោះតែទ្រព្យនោះនាំមកនូវអពមង្គលដល់ខ្លួនដល់គ្រួសារ ។ និយាយឲ្យមែនទែនរបស់របរគ្រប់យ៉ាងក្នុងលោកនេះ គ្មានចង្រៃអ្វីទេ ចង្រៃមកតែពីខ្លួនយើងម្នាក់ៗហ្នឹងឯង ។

ដូច្នេះ របស់ល្អ វាមានតែមនុស្សល្អទេ ទើបអាចគ្រប់គ្រងថែរក្សា ប្រើប្រាស់របស់នោះបាន និយាយឲ្យខ្លីទៅ ថាទាល់តែមនុស្សនោះមានបុណ្យគ្រប់គ្រាន់ ទើបសមគួរនឹងបានរបស់ល្អមកគ្រប់គ្រងបាន ។ ដូចនេះ ដើម្បីបានរបស់ល្អមកគ្រប់គ្រងបាន លុះត្រាតែពួកយើងម្នាក់ៗ ខិតខំបំពេញសេចក្ដីល្អឲ្យបានច្រើន ចេះឲ្យ ចេះប្រើសម្ដីពីរោះ ចេះបំពេញប្រយោជន៍ ធ្វើខ្លួនឲ្យស្មើតាមកម្លាំងទានសីល និងភាវនា ឬកុំធ្វើអាក្រក់គ្រប់យ៉ាង ធ្វើតែសេចក្ដីល្អៗ និងកាត់បន្ថយសេចក្ដីលោភ ខឹង ក្រោធតាមដែលខ្លួនអាចធ្វើទៅបាន ទើបឈ្មោះថា របស់ល្អៗនៅតែជាមួយមនុស្សល្អៗ របស់អាក្រក់ៗ ច្រើនតែនៅជាមួយមនុស្សអាក្រក់ៗហ្នឹងឯង ។ 


No comments:

Post a Comment