“កុំបញ្ឈប់ខ្លួនឯងនៅត្រង់សេចក្ដីទុក្ខ
អ្នកអាចមានសិទ្ធិក្នុងការមានសេចក្ដីសុខ មិនចាញ់ជាងអ្នកដទៃឡើយ”។
អ្នកខ្លះ គ្រាន់តែជួបនូវបញ្ហាបន្តិចបន្តួចសុខចិត្តដេកត្រាំជាមួយសេចក្ដីទុក្ខ
ជាមួយនឹងបញ្ហានោះ មិនអាចរើខ្លួនឲ្យរួចបាន
សុខចិត្តបណ្ដែតណ្ដោយតាមអារម្មណ៍ទន់ជ្រាយរបស់ខ្លួន ដោយគ្មានគំនិត
គ្មានគន្លឹះច្រក់ចេញរួចបាន ។ វាអាចកើតឡើងបានមិនដូចអ្វីៗដែលយើងគិតស្មានទុកនោះឡើយ
ព្រោះព្រះលោកនាថ ទ្រង់សំដែងប្រាប់ថា អ្វីៗក្នុងលោកនេះ វាមិនទៀងទាត់
មានការប្រែប្រែទៅគ្រប់ពេលវេលា ម្សិលមិញមិនដូចថ្ងៃនេះ ថ្ងៃនេះ ក៏មិនដូចថ្ងៃស្អែកដែរ
។ បើម្សិលមិញយើងបានសប្បាយចិត្ត កំសាន្ដចិត្ត បានជោគជ័យក្នុងភារៈកិច្ចមួយចំនួន
តែថ្ងៃនេះអាចជួបផលលំបាកវិលមុខឈឺក្បាល គិតអ្វីមិនចេញ គិតអ្វីមិនលេច
តែថ្ងៃស្អែកយើងស្រឡះមុខស្រឡះមាត់វិញក៏ថាបាន ។ សេចក្តីទុក្ខ ឬឧបសគ្គ
មិនចេះតែមានរហូតរាល់ៗថ្ងៃនោះទេ ហើយសេចក្ដីសុខក៏មិនប្រាកដថា វាមិនកើតឡើងដល់យើងដែរ ។
ជីវិតរបស់យើងប្រៀបដូចជាបរិយាកាសអ៊ីចឹង ថ្ងៃនេះព្រះអាទិត្យរះស្រឡះល្អ
ស្អែកអាចមានភ្លៀងផ្គររន្ទះ អួអព្ទជាក់ជាមិនខានឡើយ ប៉ុន្តែបន្ទាប់ពីថ្ងៃស្អែកទៅ
គង់តែមេឃលែងអួអព្ទ មេឃស្រះដូចដើមវិញជាមិនខាន ។ ដូច្នេះកុំបញ្ឈប់ខ្លួន
ឬបង្អាក់ដំណើរខ្លួនឯង គ្រាន់តែជួបនូវបញ្ហាប្រឈមមុខបន្តិចបន្តួចនោះអី ព្រោះជីវិតយើងក្នុងថ្ងៃអនាគតអាចមានសេចក្ដីសុខមិនចាញ់ជាងអ្នកដទៃនោះទេ
អ្វីដែលយើងត្រូវធ្វើក្នុងពេលនេះ មិនក្រៅពីពាក្យថា ស៊ូ អំណត់ ព្យាយាមឡើយ ដើម្បីឈានទៅរកគោលដៅអភិវឌ្ឍខ្លួនយើងឲ្យប្រសើរជាងថ្ងៃនេះទៅទៀត ។
No comments:
Post a Comment