នៅក្នុងទីងងឹត
យើងមិនអាចមើលឃើញអ្វីជុំវិញខ្លួនដោយភ្នែកទទេទេ តែយើងមានអារម្មណ៍ភ័យព្រួយ
យើងមានអារម្មណ៍មិនសូវសុខស្រួល ព្រោះមិនដឹងខ្លួនថាត្រូវទៅទីណា ទៅតាមផ្លូវណា ហើយក៏មិនដឹងថាអ្វីជាឧបសគ្គដែរ។
នៅក្នុងទីងងឹត
យើងមានអារម្មណ៍ថា មានតែយើងម្នាក់ឯងគត់ គ្មានអ្នកណាមកជួយជ្រោមជ្រែងយើងទេ អ្វីដែលយើងត្រូវរង់ចាំគឺពន្លឺ។
នៅក្នុងទីងងឹត
ខួរក្បាល ដៃជើងខ្លួនប្រាណ បានក្លាយជាភ្នែករបស់យើង មានន័យថា
យើងលែងមើលឃើញដោយចក្ខុវិញ្ញាណដូចមុនទៀតហើយ។
ខ្ញុំក៏ធ្លាប់នៅទីងងឹតយ៉ាងយូរណាស់ដែរ
ទីនោះទោះបីជាមេឃមានព្រះអាទិត្យបំភ្លឺក៏ដោយ ក៏នៅតែមិនអាចចាំងចូលបាន ហើយខ្ញុំគិតថាអ្នកប្រហែលធ្លាប់ស្ថិតក្នុងទីនោះដូចគ្នានឹងខ្ញុំដែរ។
ទីនោះគឺជាការគិតរបស់យើងនៅពេលដែលយើងគ្មានគោលដៅ
គ្មានក្តីស្រមៃនោះឯង។ យើងធ្វើអ្វីៗដោយមិនសូវឆ្ពោះដៅ មិនសូវមោះមុតនោះឡើយ យើងមិនដឹងថាយើងត្រូវលះបង់អ្វីមួយដើម្បីអ្វីទេ។
ពេលនោះហើយដែលយើងមានអារម្មណ៍ថា ខ្លួនមិនដឹងនៅទីណា ហើយកំពុងធ្វើអ្វីឲ្យប្រាកដបានដែរ។
ពេលដែលយើងរកគោលដៅមិនទាន់ឃើញ
ក្តីស្រមៃគឺជាពន្លឺភ្លើងទៀន ដែលអាចជួយយើងឲ្យមើលឃើញ ឲ្យយើងមានចក្ខុវិស័យ
ឲ្យយើងមានគំនិត ដែលជារបស់យើងផ្ទាល់។ ពេលនោះហើយ យើងនឹងលែងមើល
ជាមួយនឹងភ្នែកតែមួយមុខទៀតហើយ ហើយនឹងដឹងខ្លួនឯងថា ខ្លួនត្រូវធ្វើអ្វីខ្លះជាមិនខានឡើយ។
ពេលយើងមានគោលដៅ
មានក្តីស្រមៃ នោះរបាំងនៃភាពងងឹតក៏រលាយសាបសូន្យអស់ទៅ
ហើយយើងអាចបន្តដំណើរទៅមុខដោយស្វាហាប់បានជាក់ជាមិនខាន។ តើអ្នកបានដើរចេញពីទីងងឹតនោះហើយឬនៅ?
Cr. Leanghong Oeng
No comments:
Post a Comment