Saturday, September 8, 2018

អ្វីទៅជាគុណភាពជីវិតពិតប្រាកដ? ...



កាលនៅជាសិស្ស អ្វីដែលខ្ញុំធ្លាប់គិតផ្ដោតគឺធ្វើយ៉ាងណាឲ្យរៀនពូកែ ប្រឡងជាប់ មានការងារប្រាក់ខែសមរម្យដើម្បីជួយគ្រួសារវិញ និងលួចសង្ឃឹមថាអាចនឹងរស់នៅសុខស្រួលក្នុងសហគមន៍មួយនឹងគេ។

អំឡុងពេលនោះដែរ រឿងថា ចំណូលចំណាយផ្គត់ផ្គង់គ្រួសាររបស់ឪពុកម្ដាយបានប៉ុណ្ណា ត្រូវគិតយ៉ាងណា ធ្វើបែបណា ដោះស្រាយយ៉ាងណា គឺខ្ញុំពុំដឹងទេ។ អស់រយៈពេលជាង១២ឆ្នាំមកនេះ ខ្ញុំបានរៀនចប់ថ្នាក់វិទ្យាល័យ ហើយដោយពុំចង់ចំណាយពេលយូរទៀត គួបផ្សំនឹងភាពខ្វះខាតនៃគ្រួសារខ្ញុំសម្រេចថា ពុំទាន់រៀនបន្តនៅសាកលវិទ្យាល័យភ្លាមទេ ប៉ុន្តែគឺខ្ញុំនឹងប្រជែងរកការងារសមស្របមួយសិន ហើយអាចថាជា វាសនាដែរ ខ្ញុំបានប្រឡងជាប់ការងារក្របខណ្ឌរដ្ឋមួយ។

ពេលចេញមកធ្វើការ អ្វីៗគឺខុសការស្មាន ដែលតម្រូវឲ្យខ្ញុំត្រូវប្ដូរផ្នត់គំនិតផ្សេងទៀត។ តើខ្ញុំជាមនុស្សប្រែប្រួលមិនទៀងទាត់មែនទេ? វាហាក់ដូចជាខ្ញុំត្រូវសម្របខ្លួនជាថ្មី ឬអាចថាខ្ញុំភ្លេចខ្លួនចុះចាញ់កាលៈទេសៈបណ្ដោយឲ្យវាមកគ្របសង្កត់ទេដឹង? អ្វីៗដែលខ្ញុំបានគិតពីមុន និងភាពជាក់ស្ដែងក្នុងពេលនេះ គឺវាហាក់ដូចជាផ្ទាំងទស្សនីយភាពពីរផ្សេងគ្នា ហើយផ្ទុយស្រឡះទៀតផង។

អ្វីដែលខ្ញុំរៀន អាចថាប្រើការបានដែរ ប៉ុន្តែមិនច្រើនទេ។ តើខ្ញុំពុំមានចំណេះដឹងពិតមែនទេឬ? ដូចជាមិនមែនទេ! ការសិក្សាផ្សេង តែធាតុពិតនៃតម្រូវការក៏ផ្សេងទៀត។ ទស្សនៈក្នុងសៀវភៅផ្សេង តែទស្សនៈក្នុងជីវភាពក៏ផ្ទុយផ្សេងគ្នាទៀត។ ទ្រឹស្ដីបទក្នុងសៀវភៅពោលថា បែបនេះ បែបនោះ ធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ....តែដល់ប្រើការជាក់ស្ដែង គឺបានបន្តិចបន្តួច ដូចជាមិនស៊ីចង្វាក់គ្នាសោះ។ ក្នុងខណៈដែលខ្ញុំពុំអាចយកចំណេះដែលបានរៀនមកប្រើការកើតនោះ ខ្ញុំនឿយណាយធុញថប់ ចង់បល់គំនិត ចិត្តចង់កល់រកស្ត្រេស ហើយទុកចំណេះនោះចោល រហូតស្ទើរតែរលុបរលាយបាត់អស់ ជួនកាលភាពផ្ទុយគ្នានៃមេលេខជីវិត និងមេលេខសង្គម បានធ្វើឲ្យខ្ញុំឈ្លោះទាស់នឹងខ្លួនឯងម្ដងៗ

អ្វីដែលបានយល់ច្រឡំគឺ ខិតខំអស់១២ឆ្នាំហើយ អាចមានលទ្ធភាពច្បាស់លាស់មួយ និងប្រើការក្នុងស្ថានភាពជាក់ស្ដែងបានល្អ ប៉ុន្តែមិនមែនសោះ! ជីវិតគឺជាការពិសោធ លេងៗមែនទេ? អ្វីដែលខ្ញុំមើលឃើញផ្សេងទៀតគឺ ក្នុងជីវភាពរស់នៅ ហាក់ដូចជាប្រឹងប្រែងរត់ពីមួយទៅមួយ គ្មានគោលដៅច្បាស់លាស់ ហើយប្រៀបដូចជារស់នៅក្នុងសមរភូមិប្រយុទ្ធនឹងគ្នាយ៉ាងខ្លាំង។ ខ្ញុំក៏ចាប់ផ្ដើមគិតថាឆ្នាំងបាយដែលធំ គឺពិបាកនឹងទទួលបានបាយហូបឆ្ងាញ់ណាស់។ ហេតុផលនេះវាតម្រូវឲ្យអ្នកដែលប្រើឆ្នាំងបាយធំរួមគ្នានោះត្រូវគិតរកអ្វីមួយបន្ថែមទៀត។ មនុស្សម្នាក់ អាចប្រែក្រឡាខ្លួនជាបីបួននាក់ ហើយដៃមួយ ត្រូវបែងភាគជា៥-៦ ខួរក្បាលមួយត្រូវចែកជាច្រើនថត សក់មួយសរសៃត្រូវច្រៀកជាដប់...មេលេខជីវិត និងមេលេខសង្គមផ្ទុយគ្នាខ្លាំងពេកហើយ។

ប្រសិនបើ១២ឆ្នាំ មេលេខសង្គមអាចធ្វើឲ្យយុវជនក្លាយជាជនជំនាញច្បាស់ការណ៍មួយ ប្រហែលជាល្អណាស់។ ខ្ញុំនឹកឃើញពូម្នាក់និយាយអួតថា ក្មួយឯងទើបតែប៉ុណ្ណឹង បើពូវិញគឺចំណាយពេលច្រើនឆ្នាំហើយ ប៉ុន្តែពុំឃើញទៅណាសោះ នៅតេដដែលៗ ទៅមុខមិនរួចសោះឡើយ។ ខ្ញុំក៏លួចគិតថា គាត់ធ្លាប់ចាញ់បោកគេហើយមើលទៅ។ ហើយខ្ញុំសួរគាត់ថា តើតម្រូវការជាក់ស្ដែងគឺអ្វី? ធាតុពិតគឺអ្វី? គាត់ពុំឆ្លើយ....ចម្ងល់នេះខ្ញុំក៏មិនទាន់រកឃើញ ហើយវានៅតែអាថ៌កំបាំងដដែល៕

Cr. Leam Vanak & A good concept of life

No comments:

Post a Comment