ការប្រតិបត្តិវិបស្សនានៅសម័យពុទ្ធកាល
ប្រវត្តិនៃការប្រតិបត្តិវិបស្សនានៅក្នុងព្រះពុទ្ធសាសនា
នេះមានតាំងតែពីព្រះអង្គស្វែងរកនូវសច្ចធម៌ ដើម្បីត្រាស់ដឹងជាព្រះពុទ្ធ
គឺព្រះអង្គធ្វើសមាធិទូន្មានកាយ និងទូន្មានចិត្តដោយសេចក្តីព្យាយាមដ៏អស្ចារ្យ ព្រោះព្រះអង្គជាមនុស្សសុទ្ធសាធ
ចាប់បដិសន្ធិក្នុងត្រកូលអភិជន។ ព្រះអង្គពុំមែនជាអាទិទេព ពុំមែនជាតួអង្គអវតា ពុំមែនជាព្រះព្រហ្ម
ព្រះឥសូរ ព្រះវិស្ណុ ឬ ព្រះបរមទេព្តា មិនចេះស្លាប់នោះឡើយ។ ព្រះអង្គជាមនុស្សរស់នៅក្នុងសង្គមមនុស្ស
ហើយបានប្រើវីរិយភាពយ៉ាងខ្លាំងក្លារហូតបានត្រាស់ដឹងសព្វនូវបញ្ហាមនុស្ស ហើយបានអប់រំណែនាំមនុស្សឲ្យស្គាល់ល្អអាក្រក់
សុខទុក្ខ បុណ្យបាប គ្រប់បែបយ៉ាង។ ព្រះពុទ្ធបរិនិព្វានមែនពិត ប៉ុន្តែទស្សនទ្រឹស្តី
ឬធម៌របស់ព្រះអង្គនៅគង់វង្ស ស្ថិតស្ថេរ ហើយត្រូវបានអនុវត្តរហូតមកដល់សព្វថ្ងៃនេះ។
ហេតុនេះហើយបានជាមានក្នុងព្រះត្រៃបិដក ព្រះអង្គបានសំដែងរឿងរ៉ាវជាច្រើនទុកសម្រាប់បរិស័ទរបស់ព្រះអង្គ
នាំគ្នាគោរពប្រតិបត្តិឲ្យបានសេចក្តីចម្រើន ផុតចាកអំពីសេចក្តីទុក្ខគ្រប់យ៉ាង។
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងប្រាសាទរបស់ ឧបាសិកាវិសាខាមិគារមាតា
ក្នុងបុព្វារាមជិតក្រុងសាវត្ថី ជាមួយនិងសាវកជាថេរៈ ដែលមានកេរ្តិឈ្មោះល្បីល្បាញគឺ៖
ព្រះសារីបុត្ត ព្រះមហាមោគ្គល្លាន ព្រះមហាកស្សប ព្រះមហាកច្ចាយនៈ ព្រះមហាកោដិ្ឋតៈ
ព្រះមហាកប្បិន ព្រះមហាចុន្ទ ព្រះរេវតៈ និង ព្រះអានន្ទ ព្រមទាំងព្រះថេរៈឯទៀតជាច្រើន។
សម័យនោះឯង ព្រះថេរៈទាំងឡាយតែងតែទូន្មានប្រៀនប្រដៅភិក្ខុថ្មីៗ ១០រូបក៏មាន
២០រូបក៏មាន ៣០រូបក៏មាន ៤០រូបក៏មាន។ ភិក្ខុថ្មីអម្បាលនេាះក៏បានចេះដឹងធម៌វិសេសច្រើនឡើងជាងពីពេលមុន។
សម័យនោះឯង ព្រះមានព្រះភាគមានភិក្ខុសង្ឃចោមរោម
ទ្រង់គង់នៅក្នុងទីវាលស្រឡះនាថ្ងៃពេញបូណ៌មីរាត្រីព្រះចន្ទពេញវង់ ជាថ្ងៃបវារណា។ ព្រះមានព្រះភាគទ្រង់ត្រាស់ទៅកាន់ភិក្ខុសង្ឃដែលគង់ស្ងាត់ច្រៀបថា
ម្នាលភិក្ខុទាំងឡាយ តថាគតប្រារព្វចំពោះបដិបទានេះ តថាគតមានចិត្តត្រេកអរចំពោះបដិបទានេះ
ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរប្រារព្ធសេចក្តីព្យាយាមឲ្យលើសជាងប្រមាណចុះ ដើម្បីឲ្យដល់ធម៌ដែលខ្លួនមិនទាន់ដល់
ដើម្បីឲ្យសម្រេចធម៌ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់
តថាគតនឹងរង់ចាំអ្នកទាំងឡាយក្នុងក្រុងសាវត្ថីនេះឯង រហូតដល់ ៤ខែ ជាការ រីកនៃផ្កា
កុមុទ (គឺពេញបូណ៌មីខែកត្តិក)។
ភិក្ខុទាំងឡាយអ្នកនៅជនបទ កាលបានឮដំណឹងនោះហើយមកប្រជុំ
គ្នាក្នុងក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ។
ព្រះថេរៈទាំងឡាយរមែងទូន្មានប្រៀនប្រដៅភិក្ខុថ្មីៗ ១០រូបក៏មាន ២០រូបក៏មាន
៣០រូបក៏មាន ៤០រូបក៏មាន។ ភិក្ខុថ្មីអម្បាលនោះ ក៏បានចេះដឹងធម៌វិសេសច្រើនឡើងជាងពីពេលមុន។
សម័យនោះឯង ព្រះមានព្រះភាគមានភិក្ខុសង្ឃចោមរោម
ទ្រង់គង់ក្នុងទីវាលស្រឡះ ក្នុងរាត្រីព្រះចន្ទពេញវង់ជាថ្ងៃគ្រប់ ៤ខែនៃរដូវភ្លៀង ជាទីកាលរីកនៃផ្កាកុមុទ
ជាថ្ងៃឧបោសថទី ១៥ គឺពេញបូណ៌មីខែកត្តិក។ លំដាប់នោះព្រះមានព្រះភាគ
ទ្រង់ត្រាស់ទៅកាន់ភិក្ខុសង្ឃដែលគង់ស្ងាត់ច្រៀបថា ម្នាលភិក្ខុទាំងឡាយ
បរិស័ទនេះស្ងាត់ បរិស័ទនេះឋិតនៅក្នុងខ្លឹមសារដ៏ បរិសុទ្ធ។
ភិក្ខុសង្ឃបរិស័ទគួរដល់ការបូជា គួរដល់អាគន្តុកទាន គួរដល់ទក្ខិណាទាន គួរដល់អពា្ជលីកម្ម
ជាបុញាក្ខេត្តដ៏ប្រសើររបស់សត្វលោកមានសភាពយ៉ាងណា ភិក្ខុសង្ឃបរិស័ទនេះ
ក៏មានសភាពយ៉ាងនោះដែរ។ ទានតិចតួចដែលបុគ្គលឲ្យហើយ ទៅជាទានមានផលច្រើន ឬទានច្រើនដែលបុគ្គលឲ្យហើយក៏រឹងរឹតតែមានផលច្រើន
ក្នុងបរិស័ទមានសភាពយ៉ាងណា ភិក្ខុសង្ឃបរិស័ទ នេះក៏មានសភាពយ៉ាងនោះដែរ។ ភិក្ខុសង្ឃបរិស័ទមានសភាពយ៉ាងណាដែលសត្វលោកបានឃើញដោយកម្រ
ភិក្ខុសង្ឃបរិស័ទនេះក៏មានសភាពយ៉ាងនោះដែរ។ ភិក្ខុសង្ឃបរិស័ទមានសភាពយ៉ាងណាដែលបុគ្គលគួរស្ពាយស្បៀងដើរតាមរកមើល
អស់ទីរាប់ដោយយោជន៍ ភិក្ខុសង្ឃបរិស័ទនេះក៏មានសភាពយ៉ាងនោះដែរ។
ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ
តែងមានភិក្ខុជាព្រះអរហន្ត...តែងមានភិក្ខុអនាគាមី...តែងមានភិក្ខុជាសកទាគាមី...
តែងមានភិក្ខុជាសោតាបន្ន...តែងមានភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាមចម្រើននូវ
សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកបដោយអង្គ៨
ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះតែងមានភិក្ខុជាអ្នកប្រកបរឿយៗនូវសេចក្តីព្យាយាមចម្រើននូវ
មេត្តា ករុណា មុទិតា ឧបេក្ខា ចម្រើននូវ អសុភ និងចម្រើននូវ អនិច្ច សញ្ញា។
ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ
មានភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាមចំរើននូវអានាបាស្សតិ...។
ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនរឿយៗហើយ
រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ
អានាបានស្សតិដែលបុគ្គលបានចម្រើន បានធ្វើឲ្យចម្រើនរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤
ឲ្យពេញបូរិបូណ៌បាន។ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនរឿយៗហើយ
រមែងញ៉ាំងពោជ្ឈង្គ៧ ឲ្យពេញបូរិបូណ៌បាន។ ពោជ្ឈង្គ៧ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនរឿយៗ
ហើយរមែងញ៉ាំវិជ្ជា និងវិមុត្តិឲ្យពេញបរិបូណ៌បាន។
សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន។
គ្រានោះឯងព្រះមានព្រះភាគទ្រង់ពុទ្ធដំណើរចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ចំណែកព្រះរាហុលក៏ប្រដាប់បាត្រចីវរ
ដើរតាមក្រោយៗព្រះមានព្រះភាគ។
ព្រះមានព្រះភាគទ្រង់ឆ្មៀងព្រះភក្ត្រត្រាស់ទៅកាន់រាហុលថា ម្នាលរាហុល រូបឯណានីមួយ
ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី
ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ជាអតីត អនាគត បច្ចុប្បន្នក្តី រូបទាំងអស់នោះគ្រាន់តែជារូប
អ្នកគប្បីឃើញដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិតដូចនេះ នុះមិនមែនរបស់អញ
អញមិនមែនជានុះ នុះមិនមែនជាខ្លួនរបស់អញ។ ព្រះរាហុល ក្រាបបង្គំទូលសួរថា
បពិត្រព្រះមានព្រះភាគ ចំពោះតែរូបមួយទេឬ? ព្រះមានព្រះភាគទ្រង់ត្រាស់តបថា
ទាំងរូប ទាំងវេទនា ទាំងសញា ទាំងសង្ខារ ទាំងវិញាណ ដូចគ្នា។
គ្រានោះឯង ព្រះរាហុលគិតថា
ថ្ងៃនេះនរណាហ្ន៎ដែលព្រះមានព្រះភាគទ្រង់ប្រទានឱវាទផ្ទាល់ ហើយនឹងចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត
ដូចនេះលោកក៏ត្រឡប់ថយក្រោយ ហើយចូលទៅគង់ពត់ភ្នែនតម្រង់កាយឲ្យត្រង់ តម្កល់ស្មារតីឆ្ពោះទៅរកកម្មដ្ឋានទៀបគល់ឈើមួយដើម។
គាប់ជួនព្រះសារីបុត្តបានឃើញព្រះរាហុលកំពុងអង្គុយពត់ភ្នែន ក៏ប្រាប់ឲ្យចម្រើនអានាបានស្សតិ
ម្នាលរាហុលព្រោះថា អានាបានស្សតិដែលបុគ្គលចម្រើនហើយធ្វើឲ្យច្រើនរឿយៗហើយ
រមែងមានផលច្រើនមានអានិសង្សច្រើន។
អត្ថបទ ស្រង់ពីសៀវភៅ វិធីប្រតិបត្តិ
វិបស្សនា នៅកម្ពុជា៖ រៀបរៀងដោយ
( ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន
ធម្មត្ថេរោ ជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ កម្ពុជា)
No comments:
Post a Comment