ពុំមានការជួបជុំណា ដែលមិនបែកនោះទេ។
ទោះបីយើងជាគ្រួសារបងប្អូនដំបូលតែមួយ ចុងក្រោយយើងនៅតែបែកមានគ្រួសាររៀងខ្លួន។ ទោះបីយើងជាមិត្តភក្ដិជិតស្និទ្ធ
រៀនជាមួយគ្នា ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ចុងក្រោយក៏នៅតែត្រូវព្រាត់បែក
ស្វែងរកគោលដៅជីវិតរៀងៗខ្លួន។ ចុងបញ្ចប់នៃការជួបជុំ គឺសល់តែភាពអាលោះអាល័យ
អារម្មណ៍នឹងរឭក ហើយពេលវេលាដ៏រីករាយកាលពីមុន ក៏ចាប់ផ្ដើមរសាត់ទៅកាន់តែឆ្ងាយទៅៗ
ឆ្ងាយរហូតដល់ដោយគ្មានថ្ងៃវិលវិញ។
ដើមឈើដែលអាចជ្រកម្លប់បាននៅថ្ងៃនេះ គឺវាត្រូវបានដាំដោយមនុស្សជំនាន់មុន។
ពេលខ្លះយើងតែងតែមានអារម្មណ៍អរគុណដល់ពួកគេ ដែលបានដាំដើមឈើដ៏ធំ
និងផ្ដល់ម្លប់ត្រជាក់បែបនេះ។ ដើមឈើនោះ គឺប្រៀបដូចជាការដូអនុស្សាវរីយ៍មួយដែលមនុស្សជំនាន់មុនបន្សល់ទុកឲ្យអ៊ីចឹង។
អនុស្សាវរីយ៍ល្អៗដែលអាចចងចាំមកដល់ថ្ងៃនេះ គឺវាត្រូវបានបង្កើតដោយដំណើរជីវិតរបស់យើងកាលពីមុន។
ពេលខ្លះ យើងតែងតែនិយាយក្នុងចិត្តថា អរគុណមនុស្សល្អៗកាលពីមុន
ដែលធ្លាប់ចូលមកក្នុងជីវិតយើង បង្កើតអនុស្សាវរីយ៍ល្អៗឡើងមក។ ពេលខ្លះ
ផ្ទៃមុខដ៏ក្រៀមក្រំរបស់យើង ក៏អាចញញឹមបានដោយមិនដឹងខ្លួន ឬស្រក់ទឹកភ្នែក
ពេលនឹកឃើញរឿងល្អៗកាលពីមុន។
អតីតមិនវិលវិញ
ប៉ុន្ដែពេលខ្លះអតីតកាលក៏ជាកម្លាំងចិត្តជំរុញយើងឲ្យទៅមុខទៀតដែរ។
ខួរក្បាលគ្មានប៊ូតុងលុបទេ មិនថាល្អអាក្រក់ វាជាការចងចាំ។
រឿងល្អៗដែលយើងឧស្សាហ៍រម្លឹក គឺប្រៀបដូចសួនផ្កាដែលយើងបានដាំក្នុងចិត្ត។ មិនថារឿងកន្លងទៅល្អឬអាក្រក់ប៉ុនណា
ចុងក្រោយវានឹងកប់ទៅជាមួយយើងនៅថ្ងៃណាមួយ។ អតីតជារឿងកន្លងហួស រម្លឹកម្ដងៗបានហើយ
ព្រោះយើងមិនអាចវិលទៅរស់នៅទីនោះម្ដងទៀតទេ។ ទុកកំហុសជាមេរៀន ទុករឿងល្អជាអនុស្សាវរីយ៍។
ម្សិលមិញជាថ្ងៃនេះ ស្អែកក៏ជាថ្ងៃនេះ ចំណែកថ្ងៃនេះគឺជាពេលនេះ ត្រូវរស់ថ្ងៃនេះឲ្យបានល្អ៕
Cr. Sun Veasna
No comments:
Post a Comment