Tuesday, November 20, 2018

កុំតូចចិត្ដនឹងខ្លួនឯងអី!!



ខណៈពេលដែលខ្ញុំបានឃើញមិត្តភក្ដិរបស់ខ្ញុំ ពាក់ស្បែកជើងថ្មីហើយស្អាត ខ្ញុំហាក់មិនពេញចិត្តនឹងស្បែកជើងខ្លួនឯងសោះ។ ប៉ុន្ដែខណៈពេលដែលខ្ញុំមិនពេញចិត្តនឹងស្បែកជើងខ្លួនឯង ខ្ញុំតែងគិតដល់អ្នកដែលអត់មានស្បែកជើងពាក់ មិនដឹងថាពួកគេកម្សត់ប៉ុនណាទៅ? ខណៈពេលដែលខ្ញុំនិយាយថា វែនតាមិនល្អមើលមិនច្បាស់ ខ្ញុំតែងស្រមៃដល់អ្នកដែលគ្មានសំណាងសូម្បីតែពាក់វែនតា ហើយត្រូវរស់នៅជាមួយភាពពិការនោះ តើពួកគេកម្សត់ប៉ុនណាទៅ?  ខណៈពេលដែលខ្ញុំ ពាក់អាវចាស់ ខ្ញុំតែងគិតថាខ្លួនឯងកខ្វក់ណាស់ ប៉ុន្ដែខ្ញុំតែងតែនឹកដល់ជនអាណាថា គ្មានផ្ទះសម្បែង គ្មានសម្លៀកបំពាក់ស្អាត គ្មានអាហារគ្រប់គ្រាន់ តើពួកគេកម្សត់ប៉ុនណាទៅ?

ត្រឡប់មកគិតឡើងវិញខ្ញុំយល់ថាខ្លួនឯង មានសំណាងណាស់។ សំណាងដែលមានគ្រួសារដ៏កក់ក្ដៅ ខណៈពេលអ្នកខ្លះកំពុងរស់ក្នុងស្ថានភាពលំបាកលំបិន បែកបាក់ព្រាត់ប្រាស់។ សំណាងដែលខ្ញុំមានអាហារហូបចុកគ្រប់គ្រាន់ ខណៈពេលមនុស្សខ្លះកំពុងអត់ឃ្លាន។ សំណាងដែលមានសម្លៀកបំពាក់ស្អាតៗស្លៀកពាក់ ខណៈពេលមនុស្សខ្លះស្លៀកពាក់ខោអាវចាស់ៗរហែករហុយ ។ សំណាងដែលខ្ញុំបានរៀនបានសូត្រមានការយល់ដឹង ខណៈពេលដែលមនុស្សខ្លះមិនចេះអក្សរ ហើយត្រូវរស់នៅជាមួយភាពអវិជ្ជា។ សំណាងដែលមានបងប្អូនសាច់ញាតិជាច្រើន ផ្ដល់ក្ដីស្រឡាញ់ ខណៈពេលដែលមនុស្សខ្លះកំពុងរស់នៅជាមួយសេចក្ដីទុក្ខ។

តើហេតុអ្វីខ្ញុំត្រូវអន់ចិត្តនឹងខ្លួនឯង? បើគិតៗទៅខ្ញុំមានសំណាងយ៉ាងនេះ ។ ខ្ញុំមិនអាចព្រោះតែស្បែកជើងគេស្អាត ហើយមិនពេញចិត្តនឹងស្បែកជើងខ្លួនឯងនោះទេ ។ ខ្ញុំក៏មិនអាចព្រោះតែម៉ូតសក់គេស្អាត ហើយខ្ញុំបែរជាមិនពេញចិត្តនឹងក្បាលខ្លួនឯងនោះដែរ។ ខ្ញុំជាខ្ញុំ ខ្ញុំខុសពីគេគឺព្រោះគេមិនមែនខ្ញុំ បើខ្ញុំដូចគេ ខ្ញុំមិនមែនខ្ញុំទេ៕

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment