“ចង់ទៅក៏ទៅៗ!” ជាសម្តីរបស់ពុកខ្ញុំនិយាយដាក់ខ្ញុំបន្ទាប់ពីខ្ញុំបានសំពះលាគាត់ត្រឡប់មកភ្នំពេញវិញ។
ពុកជាមនុស្សដែលស្រលាញ់ និងមើលថែខ្ញុំបានយ៉ាងល្អរហូតមក។ តាំងពីតូច
ខ្ញុំតែងតែនៅជាមួយគាត់ច្រើនជាងម៉ែ ដោយសារម៉ែខ្ញុំត្រូវធ្វើការងារនៅអង្គការ
អ៊ីចឹងហើយគាត់ត្រូវចេញទៅតាំងពីព្រលឹមទល់ព្រលប់។ គ្រួសារយើងបានជួបគ្នាតែពេលល្ងាច
និងថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះ។
គាត់ប្រឹងប្រែងណាស់ដើម្បីផ្ដល់ឱ្យខ្ញុំនូវឱកាសដើម្បីទទួលបានការអប់រំដ៏ល្អ
ហើយដោយសារតែខ្ញុំបានរៀនច្រើនជាងគាត់ ការដើរចេញឆ្ងាយពីផ្ទះ
បានធ្វើឱ្យខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើ រហូតមានពេលខ្លះក៏មានការបះទង្គិចជាមួយគ្រួសារ
នៅពេលដែលគាត់មិនយល់ស្របនឹងគំនិតរបស់ខ្ញុំ។
មូលហេតុទាំងនេះហើយដែលធ្វើឲ្យយើងមិនចុះសម្រុងនឹងគ្នាដូចមុន។ គំនិត
និងការយល់ឃើញរបស់ខ្ញុំមានភាពខុសគ្នាពីពុក ហើយវាក៏ធ្វើឱ្យមានគម្លាតរវាងខ្ញុំ
និងគាត់កាន់តែឆ្ងាយទៅៗហៅលែងឮ។ ខ្ញុំចាប់ផ្តើមលាក់បាំងជាមួយគាត់នូវអ្វីដែលខ្ញុំកំពង់ធ្វើ
ព្រោះមិនចង់ឱ្យមានការរំខានពីគាត់ មិនចង់ឱ្យគាត់សួរដេញដោល
ខ្លាចគាត់បង្អាក់ដំណើរជីវិតរបស់ខ្ញុំ។
ខ្ញុំចាប់ផ្តើមមិនសូវទៅលេងគាត់ញឹកញាប់ដូចកាលពីមុន។
ខ្ញុំមិនសូវខ្វល់ថាគាត់មានអារម្មណ៍បែបណានៅពេលដែលខ្ញុំជាកូនមិនសូវទៅលេងគាត់។
ខ្ញុំគ្រាន់តែចង់ឱ្យគាត់យល់ស្របចំពោះគំនិត
និងការសម្រេចចិត្តរបស់ខ្ញុំទៅលើជោគវាសនារបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនសូវខលទៅលេខគាត់
ខ្ញុំគិតតែពីការខិតខំប្រឹងប្រែងធ្វើអ្វីដែលខ្ញុំចង់ធ្វើ ដើម្បីឱ្យគាត់ឃើញថា
ការសម្រេចចិត្តរបស់ខ្ញុំគឺត្រឹមត្រូវ។
៣ខែបន្ទាប់ពីខ្ញុំទៅលេងគាត់ ម៉ែបានខលមកប្រាប់ថាគាត់បានធ្លាក់ខ្លួនឈឺ
ងើបលែងរួចហើយ។
តាមពិតពុកបានធ្លាក់ខ្លួនឈឺតាំងតែពីពេលដែលខ្ញុំទៅលេងគាត់ចុងក្រោយបង្អស់ម្ល៉េះ។
ប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍នឹងកាយវិការប្លែកៗរបស់គាត់។
ម្ដងៗប្រយោគចុងក្រោយរបស់ពុកក៏អណ្ដែតឡើងពេញខួរក្បាលរបស់ខ្ញុំ “ចង់ទៅ ក៏ទៅៗ!” ។
ខ្ញុំទើបតែបានយល់ពេលដែលគាត់ហាមាត់និយាយថា "ចង់ទៅក៏ទៅៗ"
ចិត្តរបស់គាត់កំពុងអង្វរសុំឲ្យខ្ញុំនៅកំដរគាត់បន្តទៀត។
ខ្ញុំចាប់ផ្តើមនឹកដល់កាលដែលខ្ញុំខឹងគាត់សូម្បីតែពេលដែលគាត់ប្រាប់ឱ្យខ្ញុំហូបបាយឱ្យបានច្រើន
ឬកុំលេងទូរសព្ទច្រើនពេក។ ខ្ញុំទើសទាល់នឹងគាត់ស្ទើរតែគ្រប់ទង្វើដែលគាត់ធ្វើមកលើខ្ញុំ។
យូរៗទៅក្ដីស្រលាញ់ ការខ្វល់ខ្វាយ
និងការលះបង់របស់គាត់ចំពោះខ្ញុំបែរជាក្លាយទៅជារឿងដែលខ្ញុំធុញទ្រាន់ទៅវិញ។
ខ្ញុំចាប់ផ្តើមភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ។
ខ្ញុំសោកស្តាយចំពោះពេលវេលាដែលខ្ញុំគួរតែចំណាយជាមួយគាត់ឱ្យបានល្អបំផុតនៅពេលដែលយើងមានពេល
តែខ្ញុំបែរជាមើលរំលងទៅវិញ។ ខ្ញុំមានអារម្មណ៍ថាមិនគប្បីច្រើនណាស់ចំពោះពុក។
កន្លងមកខ្ញុំតែងតែសម្រេចចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីចង់បង្ហាញគាត់ថា
ការសម្រេចចិត្តរបស់ខ្ញុំគឺត្រឹមត្រូវហើយ
ខ្ញុំធ្វើគ្រប់យ៉ាងព្រោះចង់បង្ហាញលទ្ធផលដែលខ្ញុំខំប្រឹងប្រែង
ហើយចង់ប្រាប់គាត់ថាខ្ញុំធំគ្រប់គ្រាន់ហើយ ខ្ញុំអាចដឹកនាំជីវិតខ្លួនឯងបាន។
ប៉ុន្តែដល់ពេលមួយនោះ ខ្ញុំបែរជាមានគំនិតថាវាលែងសំខាន់សម្រាប់ខ្ញុំទៀតហើយ។
ខ្ញុំគ្រាន់តែចង់ចំណាយពេលវេលាជាមួយគាត់
ហើយធ្វើជាកូនតូចរបស់គាត់ដែលគាត់តែងតែដួសសាច់ដាក់ចានឱ្យខ្ញុំរាល់ពេលបាយម្តងៗ។
ប៉ុន្តែប្រហែលជាខ្ញុំលែងជាកូនតូចសម្រាប់គាត់ទៀតហើយ។
យើងទាំងពីរបែរជាផ្លាស់ប្តូរតួនាទីគ្នាទៅវិញ។ ពុកត្រូវមានអ្នកបញ្ចុកបាយ
ជួយផ្លាស់ខោអាវ ឬងូតទឹកឱ្យ។ ប៉ុន្តែខ្ញុំពេញចិត្តធ្វើរាល់ការទាំងអស់នេះ។
ខ្ញុំជំពាក់គុណរបស់ពុកច្រើនណាស់។
រហូតមកដល់ថ្ងៃនេះពុកបានស្លាប់ចោលខ្ញុំ
និងម៉ែជិត១ឆ្នាំហើយ ប៉ុន្តែខ្ញុំបានរៀនមេរៀនជីវិតមួយដ៏មានតម្លៃ។
ខ្ញុំលែងទុកមនុស្សដែលខ្ញុំស្រលាញ់ចោលទៀតហើយ។
ខ្ញុំនៅមានម៉ែម្នាក់ទៀតដែលជាចំណែកដ៏ធំនៃសុភមង្គលរបស់ខ្ញុំ។
ខ្ញុំបានរៀនអំពីសមភាពរវាង ជីវិត ការងារ និងគ្រួសារ។
ខ្ញុំមិនចង់រស់ដោយស្ពាយយកវិប្បដិសារៈតាមខ្លួនខ្ញុំទេ។ ការដើរតាមក្តីស្រមៃ
ឬធ្វើអ្វីដែលយើងធ្វើគឺវាសំខាន់សម្រាប់យើង
ប៉ុន្តែបើនៅចុងបញ្ចប់យើងនឹងមានគ្រប់យ៉ាងដែលយើងចង់បាន
តែបែរជាគ្មានវត្តមានរបស់មនុស្សដែលតែងតែលះបង់គ្រប់យ៉ាងដើម្បីយើងរហូតមកនៅចូលរួមអបអរសាទរជោគជ័យនោះជាមួយយើងផង
តើយើងនៅតែមានមោទកភាពទៀតដែរទេ?
ខ្ញុំភ្លេចគិតហើយ! ថាពេលវេលាស្ទើរតែកន្លះជីវិតរបស់ពុកបានប្រឹងប្រែងដើម្បីភាពលូតលាស់ធំធាត់របស់ខ្ញុំ
មិនមែនត្រឹមតែរូបរាងកាយទេ តែនៅមានចិត្តគំនិត ស្មារតីថែមទៀត។
បច្ចុប្បន្នភាពរបស់គាត់ហាក់ចំណាយយ៉ាងច្រើនដើម្បីតែចង់ឃើញអនាគតរបស់ខ្ញុំបានល្អប្រសើរ។
(ផ្អែកទៅលើរឿងពិតមួយដែលកើតឡើងកាលពីឆ្នាំមុន!)
Cr. Thavry Thon
No comments:
Post a Comment