ជាសច្ចភាព “សាមគ្គីយូរពេក គង់នឹងបែកបាក់វិញ
ហើយបើបែកបាក់យូរពេក គង់នឹងសាមគ្គីគ្នាវិញ”។
នេះជាទ្រឹស្តីរបស់អ្នកនិពន្ធរឿងប្រវត្តិសាស្រ្តចិន “នគរបី ឬសាមកុក” ដ៏ល្បីល្បាញ។
ឫសគល់នៃការបែកបាក់មិនថាជាបែកបាក់គ្រួសារ បែកបាក់មិត្តភាព បែកបាក់ក្រុមហ៊ុន
បែកបាក់សហគមន៍ ឬបែកបាក់សង្គមជាតិទេ គឺសុទ្ធតែកើតចេញពី “ការខ្វះសច្ចភាព
និងភាពមិនទៀងត្រង់នឹងគ្នា”។ សច្ចធម៌ វាធ្វើឱ្យមនុស្សចេះទុកចិត្តគ្នា។
ទំនុកចិត្ត វាកើតចេញពីភាពស្មោះត្រង់។
ក្នុងសង្គមខ្មែរ
មនុស្សខ្លះនិយាយតែពីរឿងបត់បែន និងការសម្របខ្លួនតាមកាលៈទេសៈ។ និយមន័យនៃពាក្យថាឆ្លាត
គឺស្មើនឹងបត់បែន។ លើសពីនេះ ខ្ញុំឃើញអ្នកខ្លះបំភ្លៃទ្រឹស្តីរបស់អ្នកប្រាជ្ញបុរាណចិន
ឡៅ ជឺ (Lao
Tzu) ទៀតផង ដែលថា “ឡៅ ជឺ បង្រៀនមនុស្សឱ្យចេះបត់បែន”។
ខ្ញុំមិនដឹងថាមានបងប្អូនខ្មែរប៉ុន្មាននាក់ទេ ដែលបានអានសៀវភៅរបស់ឡៅ ជឺ
យល់ដោយស៊ីជម្រៅច្បាស់។ គោលគំនិតរបស់ឡៅ ជឺ
គឺបង្រៀនមនុស្សពីសិល្បៈនៃការរស់នៅសម្របខ្លួននឹងច្បាប់ធម្មជាតិ [ច្បាប់ធម្មជាតិ
គឺសច្ចភាព តែមិនមែនសម្របខ្លួនទៅនឹងសភាវៈអាក្រក់ស្មោកគ្រោកនោះទេ]។ ក្រៅពីឡៅ ជឺ
ដែលជាអ្នកប្រាជ្ញចិត្តវិញ្ញាណ (Spiritual Leader) គឺនៅមានបរមគ្រូខុង ជឺ (Confucius)
និងម្នាក់ទៀតជាអ្នកប្រាជ្ញខាងយុទ្ធសាស្រ្ត ស៊ុន ជឺ (Sun
Tzu)។ បុរាណខ្មែរពោលថា “ចូលស្ទឹងតាមបទ [...]” តែដល់ខ្មែរខ្លះយកអនុវត្ត
គឺបត់ទៅរកផ្លូវខុសសច្ចៈ។ បុគ្គលត្រាស់ដឹងទាំងអស់ពុំដែលបង្រៀនមនុស្សឱ្យបត់បែនទៅរកផ្លូវទុច្ចរិតទេ។
ត្រឡប់មកសិក្សាឈ្វេងយល់ពីអ្នកប្រាជ្ញនៅឥណ្ឌាវិញម្តង។
តើហេតុអ្វី មហាត្មៈ គន្ធី អាចគៀងគរមនុស្សម្នារ ជាពិសេសប្រជាជនឥណ្ឌាឱ្យប្រឹងតវ៉ាទាមទារសេរីភាពពីអង់គ្លេសបាន? មហាត្មៈគន្ធី
ជាមនុស្សធម្មតា ដែលមិនមែនជាព្រះពុទ្ធ មិនមែនជាព្រះយេស៊ូ មិនមែនជាព្រះឡោះ
មិនមែនជាព្រះវិស្ណុ តែហេតុអ្វីមានមនុស្សដើរតាមធ្វើតាមមហាត្មៈគន្ធីច្រើន
រហូតដល់រំជើបរំជួលពិភពលោក? គ្រូរបស់មហាត្មៈ គន្ធី គឺ ឡេអុង
តុលស្តុយ (Leon Tolstoy) រៀបរាប់ក្នុងសៀវភៅមួយថា “សម្តីអាចបង្រួមមនុស្សបាន
ឱ្យតែនិយាយតែពាក្យសច្ចៈពិត និងច្បាស់លាស់
ដ្បិតគ្មានអ្វីផ្សេងដែលអាចធ្វើឱ្យមនុស្សមានសាមគ្គីគ្នាបានក្រៅតែពីសច្ចធម៌
និងការនិយាយពាក្យពិតទេ”។ ក្នុងពេលខ្លះ និយាការពិតធ្វើឱ្យមនុស្សម្នាក់យំ
វាប្រសើរជាងនិយាយបោកប្រាស់ ធ្វើឱ្យមនុស្សម្នាក់ញញឹម។
ក្នុងសង្គម ភាពរឹងមាំរុងរឿងដ៏យូរអង្វែង
គឺវាកើតចេញពីសាមគ្គី។ សាមគ្គីកើតចេញពីទំនុកចិត្ត។ ទំនុកចិត្តកើតចេញពីសច្ចភាព។
មិនថាមានរឿងអ្វីកើតឡើងទេ មនុស្សម្នាក់ៗគួរតែឈរឱ្យនឹង (Stand STILL) នៅខាងសច្ចភាព ដ្បិតបើទោះបីជាត្រូវឈរម្នាក់ឯង ឬឈរហាលភ្លៀងហាលថ្ងៃក៏ដោយ។
អ្នកខ្លះ វង្វេងសច្ចភាព តែសច្ចភាពនៅតែជាសច្ចភាព បើទោះបីជាមនុស្សទទួលស្គាល់
ឬមិនទទួលស្គាល់ក៏ដោយ។ ទ្រឹស្តីពុទ្ធនិយមលើកឡើងជារឿយៗថា “ព្រះអាទិត្យ
ព្រះចន្ទ និងសច្ចភាព គឺមិនអាចលាក់បាំងបានជិតរហូតទេ”។
វាមានអត្ថន័យស្រដៀងគ្នានឹងពាក្យខ្មែរថា “ក្រដាសខ្ចប់ភ្លើងមិនជិតទេ
ឬដំរីស្លាប់ មិនអាចយកចង្អេរបាំងជិតឡើយ”។ វាជាច្បាប់ធម្មជាតិ។
ខ្ញុំនឹកឃើញសម្តីបុគ្គលវិញ្ញាណម្នាក់/អមនុស្សនិយាយមកកាន់ខ្ញុំថា “បើទោះបីជាអ្នកដទៃគាំទ្រខ្ញុំក៏ដោយ
តែសច្ចភាពមិនគាំទ្រខ្ញុំឡើយ ដ្បិតមុននិងក្រោយខ្ញុំនឹងត្រូវចាញ់ដោយអំណាចនៃសច្ចភាព
ឱ្យតែខ្ញុំធ្វើខុស ធ្វើរឿងមិនត្រឹមត្រូវ ធ្វើរឿងក្បត់អ្នកដទៃ
និងធ្វើរឿងក្បត់ឧត្តមគតិខ្លួនឯង។ ផ្ទុយទៅវិញ បើខ្ញុំច្បាស់ថាខ្លួនឯងត្រឹមត្រូវហើយ
ទោះបីជាត្រូវប្រឆាំងជាមួយចក្រវាលទាំងមូល ក៏ខ្ញុំត្រូវតែតតាំងមិនញញើតឡើយ”៕
“Words can unite people. Therefore, try to speak
very clearly, and tell only the truth, for nothing can unite people more than
truth and simplicity.” – Leo Tolstoy
No comments:
Post a Comment