Thursday, May 2, 2019

ចោទឆ្កែថាឆ្កួតដើម្បីសម្លាប់ឆ្កែ



អាប្រាហាម លីនខុល (Abraham Lincoln) និយាយថា បុគ្គលណាដែលតាំងចិត្តមាំស្វែងរកសេចក្តីអាក្រក់នៅក្នុងខ្លួនអ្នកដទៃ គង់នឹងអាចរកឃើញសេចក្តីអាក្រក់ពីជនដទៃបានដោយពិតប្រាកដ

សុភាសិតបារាំងពោលថា បើចង់សម្លាប់ឆ្កែ ជាដំបូងត្រូវចោទឆ្កែថាវាឆ្កួតជាមុនសិន។ ចង់ចាប់ចង់ចងបុគ្គលណាម្នាក់ មិនខ្វះទោសចោទ ឬមិនខ្វះហេតុផលចោទទេ។ អ្នកណាក៏អាចជាមនុសអាក្រក់បានដែរ សំខាន់ឱ្យតែយើងប្រឹងសម្លឹងរកចំណុចអាក្រក់របស់គេ។ អ្នកណាក៏អាចជាមនុស្សល្អបានដែរ សំខាន់ឱ្យតែយើងប្រឹងសម្លឹងរកចំណុចល្អរបស់គេ។

មែនទែនទៅ យើងគួរតែរៀនធ្វើជាមនុស្សល្អ មនុស្សសន្តិភាព និងមនុស្សដែលចេះអភ័យទោសដល់អ្នកដទៃ។ គ្រូឧបាសកបង្ហាត់វិបស្សនាកម្មដ្ឋាន ស.ន ហ្គោឥនកា បានបង្រៀនថា ហេតុអ្វីយើងត្រូវប្រកែកគ្នា? ចូរយើងទុកទស្សនៈផ្សេងៗគ្នាមួយអន្លើសិន។ ប៉ុន្តែចូរផ្តោតតែទៅលើអ្វីដែលយើងអាចយល់ស្របគ្នា

កាលបើមនុស្សមិនហ៊ានទទួលស្គាល់ថាខ្លួនឯងពិតជាសត្វមនុស្សទេ នោះគេនឹងនៅតែតាំងខ្លួនជាព្រះ ឬជាមនុស្សចិត្តព្រះ ឬជាមនុស្សបរិសុទ្ធ។ ក្នុងភាពល្អតែងមានអាក្រក់ខ្លះ ហើយក្នុងអាក្រក់ក៏តែងមានល្អខ្លះដែរ។ មនុស្សពេញលេញ មិនគិតថាខ្លួនឯងល្អឥតខ្ចោះទេ ហើយមនុស្សដែលតាំងខ្លួនឯងល្អឥតខ្ចោះ ឬត្រូវឥតខ្ចោះមិនដែលខុសសោះ គឺជាប្រភេទមនុស្សមិនពេញលេញឡើយ៕
_____
Cr. ប្រតិទិនទស្សនៈ ៣៦៥ថ្ងៃ

No comments:

Post a Comment