Friday, May 3, 2019

យុទ្ធសាស្រ្តនយោបាយត្រីធំដេញត្រីតូច



មនុស្សពុំអាចខ្លាំងដោយសារតែចំណេះដឹងម្យ៉ាងគត់នោះទេ តែត្រូវមានយុទ្ធសាស្រ្តសិន។ មានយុទ្ធសាស្រ្តតែមួយមុខ ក៏នូវពុំទាន់គ្រប់នៅឡើយទេ ចាំបាច់ត្រូវចេះប្រើប្រាស់មនុស្សសិន។ យុទ្ធសាស្រ្ត គឺជាក្រឡា មនុស្សគឺជាអ្នករែក។ មេដឹកនាំគឺជាក្ដោង រាស្រ្តគឺជាទូក។

ក្នុងភាសាសង្គមវិជ្ជា មនុស្សម្នាក់ៗសុទ្ធតែមានភាពស្រេកឃ្លាន។ ចំណែកក្នុងសាសនាវិញ មនុស្សគ្រប់គ្នាតែងតែកាន់ស្បោង ស្ពាយអវិជ្ជាកាលណាក្រពះវារើ ធ្វើអ្វីក៏ពុំចេះគិតឲ្យល្អិតល្អន់ដែរ។ ក្នុងយុទ្ធសាស្រ្តនយោបាយមួយចំនួនពុំមែនបានន័យថា ខ្លួនតូច រង់ចាំតែចាញ់មាឌធំ មួយមុខគត់ទេ។ អ្នកដែលតូចទាបពិតប្រាកដ គឺជាបុគ្គលដែលពុំស្ពាយយុទ្ធសាស្រ្ត។ រឿងចាញ់ និងឈ្នះរបស់មនុស្សខ្លាំងគឺ អាស្រ័យលើសមត្ថភាពជាក់ស្ដែង ជាមួយនឹងការបត់បែនផ្អែកតាមកាលៈទេសៈតែប៉ុណ្ណោះ។ បើបត់ពុំត្រូវទេ ប្រៀបបានដូចជាទូកដែលគ្មានដ ឬទន្លេដែលគ្មានច្រាំង។

ជាតិដែលខ្ពស់ រលំមកវិញក៏ងាយ។ មនុស្សដែលឈរខ្ពស់ ដួលមកវិញក៏កាន់តែឈឺដូចគ្នាដែរ។ ដូច្នេះបានជាគេប្រយ័ត្នប្រយែងណាស់ នៅពេលឡើងកាន់តែខ្ពស់ ធ្លាក់មកវិញក៏រឹតតែឈឺ។ គេសុខចិត្តដើរតាមសម្រួល។ បើពុំព្រមតាមសម្រួលពុំខុសអ្វីពីត្រីស្លាប់ក្នុងទឹក មនុស្សស្លាប់លើគោកទេ (ត្រីខ្លះស្លាប់ក្នុងទឹកដោយសារហែលបុកច្រាំងមួយទំហឹង។ មនុស្សខ្លះស្លាប់ទាំងមានជីវិត ព្រោះតែអួតខ្លួនមួយទំហឹង)។

ប្រទេសតូចត្រូវខ្លាំងយុទ្ធសាស្រ្ត ប្រទេសធំត្រូវខ្លាំងការពារ។ ទីមួយ សង្ហបុរីជាប្រទេសតូចតែខ្លាំងយុទ្ធសាស្រ្ត (ត្រីតូច ប្រើត្រីធំ)។ ទីពីរ អាមេរិកប្រទេសធំ ត្រូវការប្រទេសតូចតាច។ ក្នុងយុទ្ធសាស្រ្ត គឺជាចំណេញទាំងសងខាង ពុំមែនសុជីវធម៌រវាងប្រទេសនឹងប្រទេសទេ។ សង្គមវិទូអ៊ីតាលី នីកូឡូ ម៉ាឆែវ៉ាលី (Niccolo Machiavelli) ថា នយោបាយ វាគ្មានជាប់ពាក់ព័ន្ធជាមួយសីលធម៌ទេ។ ន័យនយោបាយហាក់ដូចជាគ្មានសីលធម៌បន្តិចពិតមែន តែមនុស្សត្រូវតែមានសីលធម៌។ ដ្បិតតែន័យសីលធម៌ ពុំអាចឡូកឡំភាពក្រឡិចក្រឡុកដូចជានយោបាយក៏ពិតមែន តែអ្នកនយោបាយត្រូវតែស្ពាយភាពជាអ្នកដែលមានទំនួលខុសត្រូវចំពោះរាស្រ្តជាចាំបាច់។

រឿងគេជាត្រីធំ យើងជាត្រីតូចមានប្រាជ្ញា មានសង្ហបុរី (Singapore) ជាគំរូស្រាប់។ រឿងគេជាត្រីធំ ដេញត្រីតូច មានប្រទេសវេនេហ្ស៊ុយឡា (Venezuela) ជាភ្នែកមុខស្រាប់។ យុទ្ធសាស្រ្តនយោបាយ ខុសពីយុទ្ធសាស្រ្តប្រយោជន៍បុគ្គល ព្រោះនយោបាយ ត្រូវបម្រើជាតិ គិតប្រយោជន៍រួម។ គោលគំនិតខ្លីមួយរបស់មេដឹកនាំ ត្រូវចេះកសាងសម័្ពន្ធមិត្ត១ ចេះបំបែកសម្ព័ន្ធមិត្ត១ ចេះបង្វែរដានធ្វើសង្រ្គាម១ (ចិត្តសាស្រ្ត) ចងសន្តិភាព១ និងត្រូវចេះយល់អំពីស្ថានភាពនៃការបត់បែន១។ សិល្បៈនៃភាពជាអ្នកដឹកនាំនេះ ស្ថិតក្នុងគម្ពីរស្រីហិតោបទេស។

ងាកចូលកម្ពុជាដែលជាប្រទេសតូច ប្រវត្តិសាស្រ្តសឹងតែដាក់ចំនឹងភ្នែក តែពេលខ្លះយើងក៏បែរជាមើលពុំឃើញថា ពេលណាត្រូវគេចត្រីធំ និងពេលណាគួរក្បែរត្រីធំឲ្យចំណេញជាតិ។ សុខភាពជាតិ មេដឹកនាំគឺជាអ្នកមើលថែរ ហើយជំងឺជាតិដែលមានសភាពធ្ងន់ធ្ងរនៅថ្ងៃអនាគតគឺ ដោយសារយុវជនថ្ងៃនេះ។ ស៊ី ជីពីង (Xi Jing Ping) ធ្លាប់បាននិយាយក្នុងន័យមួយថា ការធ្វើឲ្យប្រទេសខ្លួនខ្លាំង ពុំមែនគ្រាន់តែដើរលេងក្នុងសួន ដើរវាយស្គរ ឬក៏ដើរវាយកូនយោលទេ

Politics have no relation to morals. Niccolo Machiavelli

No comments:

Post a Comment