Friday, May 3, 2019

ការគោរពដែលមានតម្លៃពិតប្រាកដ



ការគោរពដ៏ត្រឹមត្រូវ គឺត្រូវគោរពរឿងដែលត្រឹមត្រូវ និងគោរពមនុស្សត្រឹមត្រូវ តែពុំមែនគោរពនរណាម្នាក់ដើម្បីលាភសក្ការៈណាមួយនោះឡើយ។
យើងពុំគួរគោរពអ្នកនយោបាយ ដោយសារតែគេជាអ្នកនយោបាយនោះទេ តែយើងត្រូវគោរពពលីកម្មរបស់គេចំពោះជាតិមាតុភូមិ។

យើងពុំគួរគោរពអ្នកមានទ្រព្យសម្បត្តិ ដោយសារតែគេមានទ្រព្យសម្បត្តិនោះទេ តែត្រូវគោរពទឹកចិត្តសប្បុរសរបស់គេ។ យើងពុំគួរគោរពនរណាម្នាក់ ដោយសារតែគេមានប្រៀបលើយើងនោះទេ តែត្រូវគោរពគេក្នុងនាមជាមនុស្សដូចយើង។

យើងពុំគួរគោរពនរណាម្នាក់ ដោយសារតែឋានៈបុណ្យសក្តិរបស់គេនោះទេ តែយើងត្រូវគោរពគេដោយសារសីលធម៌ និងគុណធម៌របស់គេ។ យើងពុំគួរគោរពនរណាម្នាក់ ដោយសារតែការអប់រំខ្ពង់ខ្ពស់របស់គេនោះទេ ប៉ុន្តែយើងត្រូវគោរពគេ ដោយសារតែគេមានឧត្តមគតិគិតជាតិ។

ពន្លឺរបស់ព្រះចន្ទ មិនមែនជាពន្លឺដែលបង្កើតឡើងដោយខ្លួនឯងទេ តែជាពន្លឺដែលខ្ចីពីគេ ឬខ្ចីពីព្រះអាទិត្យប៉ុណ្ណោះ។ មនុស្សអាចបង្កើតរស្មីជីវិតបានដោយខ្លួនឯង ហើយយើងគួរតែរៀនបង្កើតតម្លៃជាមនុស្សឱ្យខ្លួនឯង។

មនុស្សដែលចង់បានប្រយោជន៍ តែងគោរពមនុស្សគ្រប់ប្រភេទដើម្បីទទួលបានប្រយោជន៍ (មិនថាជាមនុស្សអាក្រក់ ក៏នៅតែគោរពឱ្យតម្លៃ) តែមនុស្សដែលត្រឹមត្រូវ គឺគេគោរពតែមនុស្សត្រឹមត្រូវ គោរពមនុស្សដែលចេះលះបង់ដើម្បីអ្នកដទៃ គោរពមនុស្សដែលមានចិត្តមេត្តា មានសីលធម៌ មានគុណធម៌ និងមានឧត្តមគិតជាតិ

Cr. Lam Lim

No comments:

Post a Comment