បុព្វហេតុក្នុងជីវិតខ្លះ
គឺគ្មានលក្ខខណ្ឌនោះទេ។ នៅពេលដែលគេនិយាយអំពីការប្រឹងប្រែងក្នុងជីវិត
អ្នកខ្លះឈឺចាប់សម្រក់ទឹកភ្នែក ចង់ឲ្យគេអាណិត។
ប៉ុន្តែនៅពេលដែលយើងប្រឹងដើម្បីបុព្វហេតុមួយពិតប្រាកដ
យើងពុំត្រូវការនរណាមកអាណិតយើងនោះទេ ដ្បិតអី អ្វីដែលយើងកំពុងតែប្រឹងនេះ
ក៏ព្រោះតែភាពអាណិតដែលយើងមានចំពោះអ្នកដទៃដែរ។ បើទំនួលខុសត្រូវ ក្នុងនាមជាម្ដាយ
គឺមានតែប្រឹងហើយនិងអត់ធ្មត់។ បើទំនួលខុសត្រូវក្នុងនាមជាឪពុកវិញ
ក៏គ្មានអ្វីក្រៅពីអត់ធ្មត់ ហើយនិងអត់ធ្មត់ដែរ។ នេះហើយ គឺជាជីវិត។
ថ្ងៃនេះ ខ្ញុំចេញដំណើរពីក្រុងបាត់ដំបង
ឆ្ពោះមកទីក្រុងសៀមរាបវិញ។ ខ្ញុំបានស្ដាប់សម្ដីពីមនុស្សដែលមានការទទួលខុសត្រូវក្នុងនាមជាឪពុកគេម្នាក់ថា
“ក្ដៅខ្លាំងណាស់ក្មួយ
ប៉ុន្តពូមិនហត់ទេ! ព្រោះពូត្រូវការប្រាក់ដើម្បីកូនស្រីពូរៀន។ ក្មួយអើយ! នេះហើយ
គឺជាជីវិត”។
ខ្ញុំស្រមៃក្នុងចិត្តថា “តើមាននរណាខ្លះ
ដែលប្រឹងដោយគ្មានសញ្ញាខណ្ឌបែបនេះបន្តទៀត?” អតីតកាលដែលជូរជត់បំផុត
វាពុំងាយនឹងអាចបំភ្លេចបាន ព្រោះថាវាល្វីង ហើយជូរចត់ខ្លាំងណាស់។ ខ្ញុំយល់ថា “ខ្ញុំបានរៀនសូត្រពេលនេះ
ពុំដឹងថាមាននរណាខ្លះ ធ្លាប់ប្រើពាក្យដែលពូម្នាក់នោះ
និយាយខាងលើនោះឡើយព្រោះកាលពីខ្ញុំនៅជាកុមារភាពនៅឡើយ
ខ្ញុំក៏ធ្លាប់ទទួលការលះបង់ដែលគ្មានសញ្ញាខណ្ឌមួយនេះដែរ។
ជួនកាលជីវិតយើងមានសារខ្លីមួយដដែលៗ។
តើដដែលយ៉ាងម៉េច?
គឺត្រូវប្រឹងដដែល ឈឺចាប់ដដែល និងដើម្បីបុព្វហេតុមួយពិតប្រាកដដដែល។
ចំណែកអ្នកដែលមានការលះបង់ចំពោះយើង ក៏នូវតែមានស្នាមញញឹមដដែល។ ក្នុងឆាកជីវិតជាយុវជន
ពាក្យថាទទួលយកក្ដីស្រឡាញ់ យើងសុទ្ធតែចង់បាន ប៉ុន្តែការទទួលយកក្ដីស្រឡាញ់ឲ្យស្របតាមកាលៈទេសៈវិញ
គឺវាពិតជាពិបាកធ្វើខ្លាំងណាស់ (ទទួលហើយប្រឹង)។
ម្ចាស់ក្សត្រី លក្មីមីប៉ៃ “ Die or alive, My
Country prevails” ឬ “រស់ ឬក៏ស្លាប់
ជាតិខ្ញុំត្រូវតែថ្កើង”។ សម្ដីមួយឃ្លានេះ ក៏គ្មានសញ្ញាខណ្ឌ ឬប្រសិនបើមាន
ក៏មានក្នុងន័យរីកចម្រើនដែរ។ ក្នុងស្មារតីជាតិ
ត្រូវការយុវជនដែលមានស្មារតីយល់អំពីការលះបង់មួយពិតប្រាកដ
ហើយក្នុងនាមជាយុវជនក៏ត្រូវហ៊ានលះបង់នៅថ្ងៃខាងមុខដូចគ្នាដែរ។
ជួនកាលក្នុងឆាកជីវិតខ្លីមួយនេះ យើងក៏ពុំត្រូវសម្លឹងរូបភាពសង្គម
ក្នុងក្រសែភ្នែកអាក្រក់ទាំងស្រុងដែរ។ ការយល់ពីអ្នកលះបង់ពិតប្រាកដ គឺជាអ្វីដែលយុវជនរៀនសម្លឹង
រៀនយល់ក្នុងគ្រានេះ ព្រោះមែនទែនទៅ ការឈឺចាប់ដែលតែងមានដដែលនិងដដែល
បណ្ដាលមកពីយើងទាំងអស់គ្នា ពុំយល់ពីអ្នកដែលលះបង់ពិតប្រាកដ។
តើនរណាដែលលះបង់ដើម្បីយើងខ្លះ ក្នុងពេលនេះ?
No comments:
Post a Comment