ក្នុងជីវិតរស់នៅប្រចាំថ្ងៃ
មនុស្សម្នាក់ៗត្រូវខិតខំខ្លាំងណាស់ ដើម្បីចង់មានចង់បានរស់នៅដូចគេដូចឯង។
ជាទូទៅកម្រឃើញនរណាម្នាក់ដែលមិនខិតខំប្រឹងប្រែង ហើយទទួលបានជោគជ័យណាស់។ មនុស្សជោគជ័យភាគច្រើនគឺចាប់ផ្ដើមអ្វីមួយពីការមានគំនិតជាមុនសិន។
ដូចពាក្យចាស់ពោលថា៖ «មានគំនិត
ទើបមានកំណើត»។
ប៉ុន្តែមានតែគំនិតក៏គ្មានប្រយោជន៍ដែរ ប្រសិនបើមិនយកគំនិតនោះទៅអនុវត្ត។
មានមនុស្សជាច្រើនមានគំនិតល្អៗ ចង់ធ្វើហើយ តែពួកគេចូលចិត្តកុហក់ខ្លួនឯង
ចូលចិត្តពន្យាពេល មិនព្រមចាប់ផ្ដើម។ ការកុហក់ខ្លួនឯង
ឬពន្យាពេលរារាំងអ្នកមិនឲ្យជោគជ័យ ឬធ្វើឲ្យអ្នកដើរយឺតជាងមនុស្សដែលមានសកម្មភាពធ្វើ។
ជួនកាលការពន្យាពេលរបស់អ្នកអាចធ្វើឲ្យខូចការធំក៏ថាបាន។ ដូចពាក្យមួយឃ្លារបស់ ឡៅ ជឺ
ទស្សនវិទូចិន ដែលលោកបានពោលថា៖ «ដំណើររាប់ពាន់យោជន៍ចាប់ផ្ដើមពីជំហ៊ានទីមួយ»។
ពាក្យមួយឃ្លានេះ សបញ្ជាក់យ៉ាងច្បាស់ថា
ទោះបីអ្នកមានគំនិតមកពីទេវតា ព្រះឥន្ទ ព្រះព្រហ្មក៏ដោយ
បើមិនព្រមយកគំនិតនោះទៅធ្វើទេ កុំស្រមៃថានឹងជោគជ័យ ឬសូម្បីតែបរាជ័យក៏មិនដឹងផង។
ដូចនេះ បើអ្នកមានគំនិតធ្វើអ្វីមួយហើយ ហើយអ្នកគិតថាគំនិតនោះល្អ
អ្នកត្រូវហ៊ានឈានជើងជំហានទី១ របស់អ្នកសាកល្បងធ្វើវា
ហើយបន្តរហូតដល់អ្នកដើរដល់គោលដៅនោះ។
កុំចាំទាល់តែគំនិតនោះល្អឥតខ្ចោះ
ទាល់តែអ្នកមានសមត្ថភាពពេញលេញ ទាល់តែមានលុយគ្រប់ ទាល់តែអ៊ីចេះទាល់តែអ៊ីចុះ
ទើបធ្វើវា។ ការគិតបែបនេះគឺជាលេសដែលទាក់ជើងទាញដៃអ្នកមិនឲ្យធ្វើហ៊ាន
ជាមនុស្សកំសាកប៉ុណ្ណោះ។ បើអ្នកនៅតែគិតបែបនេះ អ្នកនឹងគ្មានថ្ងៃរកឃើញគំនិតឥតខ្ចោះ
ឬមានអ្វីគ្រប់យ៉ាងនោះទេ។ លើលោកនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។
អ្វីដែលអ្នកត្រូវធ្វើគឺធ្វើឈានជើងដើរសិន
បន្ទាប់មកចាំស្វែងរកវិធីសាស្ត្រតាមក្រោយទៀត។ ធ្វើវាសិនចាំរៀនសូត្រតាមក្រោយ
ខ្វះអ្វីចាំរកតាមក្រោយ។ មិនថាការសិក្សារៀនសូត្រ ការធ្វើកិច្ចការងារ
ការបើកអាជីវកម្ម ឬធ្វើអ្វីក៏ដោយ ប្រសិនបើមិនព្រមធ្វើនោះទេ អ្នកនៅតែប៉ុណ្ណឹង។
អ្នកត្រូវចាំថា
ប្រសិនបើចង់ធ្វើអ្វីមួយដោយភាពប្រាកដប្រជាហើយ ចាប់ផ្ដើមធ្វើវា
កុំរង់ចាំពេលដែលល្អឥតខ្ចោះ ពីព្រោះគ្មានទេរបស់ល្អឥតខ្ចោះលើលោកនេះ មានតែការសាកល្បង
ការធ្វើតែប៉ុណ្ណោះដែលអាចកំណត់បាន។ ពាក្យស្លោកខ្មែរ៖ «ធ្វើស្រែទាន់ក្តៅដី
ចង់ស្រីទាន់ក្តៅចិត្ត»៕
Cr. លង់ វណ្ណៈ
No comments:
Post a Comment