Wednesday, June 12, 2019

តូចតឿ ខាងសាមគ្គី



នៅពេលដែលយុវជនមានបំណងចង់ជំរុញជាតិឲ្យខ្លាំង យុវជនខ្លួនឯងត្រូវជំរុញការអប់រំរបស់ខ្លួនឯងជាមុនសិន។ តើអ្វីទៅជាការការអប់រំខ្លួនឯង? អ្នកខ្លះប្រឹងរៀនជំនាញបង្កើតលុយ ដើម្បីកុំឲ្យក្រ។ អ្នកខ្លះប្រឹងអានសៀវភៅ ដើម្បីកុំឲ្យអវិជ្ជា។ អ្នកខ្លះពុំប្រឹងប្រែងធ្វើអ្វីសោះ ប៉ុន្តែពឹងលើវាសនា។ វាសនាជាតិ និងវាសនាពីបុព្វេ។ លើសពីនេះទៅទៀត អ្នកខ្លះក៏រង់ចាំការដឹកនាំពីក្បាលជាតិ (មេដឹកនាំ)។ ប៉ុន្តែពេលខ្លះបែរជាចន្លោះគំនិតមួយ គឺជាគំនិតនៃភាពសាមគ្គី ឬគំនិតចាប់ដៃគ្នាធ្វើការ។ មែនទែនទៅអ្នកខ្លះនិយាយចំថា ចរិតខ្មែរអ៊ីចេះ ចរិតខ្មែរអ៊ីចុះ អន់នេះ អន់នោះ ទាំងដែលបរទេសខ្លះកំពុងតែរៀនសូត្រពីខ្មែរ។ ប្រវត្តិសាស្រ្តមានស្រាប់ ប៉ុន្តែបែរជាពេលខ្លះយើងពុំចាប់ភ្លឹក យើងចេះតែរឿងដែលបែកខ្នែង។

នៅពេលដែលទាប ពេលខ្លះគេអាចជាន់ពន្លិចថែម។ នៅពេលយើងខ្លាំងពិតប្រាកដ គេអាចរត់មកដើម្បីសុំជំនួយពីយើង។ ប៉ុន្តែនិយាយបែបម្យ៉ាងក្នុងលក្ខខណ្ឌយុទ្ធសាស្រ្តវិញ ពុំសំដៅថាអ្នកណា ធំជាងអ្នកណានោះទេ សំខាន់ឲ្យតែមានខួរក្បាលយុទ្ធសាស្រ្ត អ្នកនោះគឺមានប្រៀបជាង។ បានន័យថា ត្រូវពឹងលើយុទ្ធសាស្រ្ត ឬបែបយុទ្ធសាស្រ្តការទូត។ ការរៀបចំជាតិ អ្នកណាក៏មានតួនាទី សំខាន់ត្រង់ថាអ្នកណាចេញមុខមុន និងអ្នកណាចេញក្រោយតែប៉ុណ្ណោះ។ ប្រសិនជាជាតិមួយ ពុំត្រូវបានអ្នកណាឈ្លាន បងប្អូនខ្លះចង់ដេកបណ្ដែតបណ្ដាយក៏វាគ្មានរឿងអ្វីកើតឡើងឡើយ ក៏ប៉ុន្តែបើដកស្របពេលគេជាន់ យើងប្រាកដជាស្លាប់។ តាំងពីណា ពីណីមក ការដឹកនាំតែងតែមានចន្លោះប្រហោង ដ្បិតអ្វីអ្នកណាក៏ពុំអាចគេចរវៀសផុត ប៉ុន្តែអ្នកដឹកនាំគេចៀសណាស់ គឺចៀសឲ្យមានកំហុសតិចតួចបំផុត។ បើចំពោះមេដឹកនាំវិញ កំហុសដ៏ធំបំផុត គឺពុំអាចមានលទ្ធភាពបង្រៀនឲ្យមនុស្សចេះស្រឡាញ់គ្នា ពុំបង្រៀនឲ្យមនុស្សចេះសាមគ្គីគ្នា។ ឬក៏សាមគ្គីដែរ ប៉ុន្តែគ្នាឯង ទៅបំផ្លាញគ្នាគេ ដែលជាសាសន៍ខ្លួនឯង។

រឿងហេតុខ្លះ ពុំអាចចោទតែម្ខាងៗទេ តើត្រូវចោទនរណា? ក្នុងសង្គមតែងមានក្ដៅ និងមានត្រជាក់។ ឬក៏តែងមានភ្លើង និងមានទឹក។ រឿងដែលសំខាន់ គឺត្រូវប្រើទឹកនៅពេលណា និងត្រូវប្រើភ្លើងនៅពេលណា? ភ្លើងប្រើសម្រាប់ពន្លត់អវិជ្ជាសង្គម ពន្លត់សេចក្ដីភ័យខ្លាច ដើម្បីប្រយុទ្ធ។ ចំណែកទឹក ប្រើដើម្បីប្រមូលអ្នកដែលមានសមត្ថភាព។ ទាំងទឹក ទាំងភ្លើង គឺជាចរន្តនៃការចងសង្គមមកវិញ។ លក្ខខណ្ឌតែមួយ គឺតើមេដឹកនាំរូបនោះ ចេះប្រើឬមួយក៏អត់?

ប្រទេសខ្លាំងនៅអាស៊ីខ្លះ គេតូចតឿផ្នែកកិច្ចការនយោបាយការបទេសពិតមែន ប៉ុន្តែបងប្អូនគេខ្លាំងណាស់។ តើខ្លាំងអ្វី? ក្នុងប្រទេសជប៉ុនគេជឿថា បើសិនជាគេមានមាឌតូច ទឹកដីតូច ចិត្តគំនិត គេត្រូវតែធំជាងមនុស្សធម្មតា។ ក្នុងបរិបទអឺរ៉ុបខ្ញុំសន្មតដោយខ្លួនឯងថា មាឌគេក៏ធំ គំនិតគេក៏ត្រូវធំ។ គំនិតធំ ត្រូវដុះពន្លកចេញពីការសាមគ្គីផ្ទៃក្នុង គ្មានទំនាស់ពូជសាសន៍ឯង។ នេះគឺជាភាពខ្លាំង ដែលមនុស្សទូទៅ ប្រទេសទូទៅពុំងាយមាន។ ពឹងលើយុទ្ធសាស្រ្តមួយចំហៀង ពឹងលើការពួតដៃថែមមួយចំហៀងទៀត ដូច្នេះបានមួយតួ។

អ្នកនិពន្ធជនជាតិ បារាំង លោក អង់ឌ្រេ ហ្គាយ (André Paul Guillaume Gide) និយាយមួយឃ្លាក្នុងន័យថា សង្គមដែលអាចស្គាល់ភាពថ្កុំថ្កើងបាន គឺត្រូវដឹងអំពីការសម្លាប់មនុស្ស និងដឹងអំពីវិធីសាស្រ្តដ៏ឆ្លាតវៃជាជាងការស្លាប់។ បានន័យថា ក្នុងសង្គមដែលខ្លាំងពិតប្រាកដគេដឹងអំពីផ្លូវដើរដើម្បីភាពរីកចម្រើន ដ្បិតគ្រប់យ៉ាងយើងគឺជាអ្នកបង្កើតផ្លូវសម្រាប់ខ្លួនឯងទាំងអស់។ ក្នុងបរិបទសង្គមបច្ចុប្បន្ន រឿងដែលត្រូវយល់ដឹងបំផុតក្នុងស្ថានភាពនេះ គឺត្រូវចេះពន្លូតសាមគ្គី។ ពុំទាន់ចាំបាច់រកផ្លូវឈ្នះបរទេសសិនក៏បាន យកឈ្នះលើខ្លួនឯង ដើម្បីភាពសាមគ្គីសិន៕

Society knows perfectly well how to kill a man and has methods more subtle than death.- André Paul Guillaume Gide

No comments:

Post a Comment