Saturday, June 8, 2019

មានគ្រោះព្រោះមនុស្សល្អ



ការធ្វើខ្លួនជាមនុស្សល្អពេញលេញ វាមិនមែនងាយស្រួលទេ ពីព្រោះមនុស្សល្អពេញលេញ មិនមែនត្រូវរងគ្រោះដោយសារមនុស្សអាក្រក់ធ្វើទុក្ខបុកម្នេញតែម្យ៉ាងទេ តែពេលខ្លះយើងក៏អាចត្រូវរងគ្រោះដោយសារមនុស្សល្អផងដែរ

មិត្តខ្លះបានសួរខ្ញុំថា តើខ្ញុំបានរៀនចប់ដល់ថ្នាក់ណា? ខ្ញុំតបវិញថា សូមកុំសួរខ្ញុំថាខ្ញុំរៀនដល់ណា ពីព្រោះបើទោះបីជាខ្ញុំរៀនចប់ថ្នាក់បរិញ្ញាបត្រ ក៏ខ្ញុំមិនចេះអ្វីទាំងអស់ដែរ ឬបើខ្ញុំរៀនចប់ថ្នាក់អនុបណ្ឌិត ក៏ខ្ញុំមិនចេះអ្វីទាំងអស់ដែរ ឬបើខ្ញុំរៀនចប់ថ្នាក់បណ្ឌិត ក៏ខ្ញុំនៅតែពុំចេះអ្វីទាំងអស់ដែរជីវិតមនុស្សយើង សំខាន់ឲ្យតែចេះធ្វើខ្លួនជាមនុស្សល្អហើយ និងចេះចិញ្ចឹមជីវិតដោយសុចរិតហើយ នោះយើងត្រូវបានចាត់ទុកជាមនុស្សល្អរួចហើយ

មនុស្សសម័យទំនើបក្នុងសង្គមខ្លះ មុននឹងគេគោរពឲ្យតម្លៃនរណាម្នាក់ គឺជាដំបូងត្រូវដឹងថាតើបុគ្គលនោះមានកម្រិតសញ្ញាបត្រប៉ុនណា មានទ្រព្យសម្បត្តិប៉ុនណា ហើយមានអំណាចកិត្តិយសក្នុងសង្គមប៉ុនណា។ ការធ្វើខ្លួនជាមនុស្សល្អពេញលេញ គឺមិនមែនងាយស្រួលទេ ពីព្រោះមនុស្សល្អពេញលេញ មិនមែនត្រូវរងគ្រោះដោយសារមនុស្សអាក្រក់ធ្វើទុក្ខបុកម្នេញតែម្យ៉ាងទេ តែពេលខ្លះយើងក៏អាចត្រូវរងគ្រោះដោយសារមនុស្សល្អផងដែរ។ ដូច្នេះ បើអ្នកដទៃមានហេតុផលបន្ថោកតម្លៃរបស់យើង គឺយើងក៏ត្រូវមានហេតុផលស្តារតម្លៃរបស់ខ្លួនឯងឡើងវិញដែរបើអ្នកដទៃមានហេតុផលស្តីបន្ទោសយើង គឺយើងក៏ត្រូវមានហេតុផលលើកទឹកចិត្តខ្លួនឯងឡើងវិញដែរ

ចូរយើងធ្វើជាដើមឈើមួយដើម ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងដី ហើយបើទោះបីជាបែកមែកសាខាផុតវេហា ក៏គង់មិនរង្គោះរង្គើរ ឬរលំដោយសារតែព្យុះដែរ។ បើចង់ធ្វើជាមនុស្សដែលខ្លាំងគឺកុំខ្លាចអ្វីទាំងអស់ សូម្បីតែសេចក្តីស្លាប់ ហើយត្រូវលះបង់ចំណង់អវិជ្ជមានឲ្យអស់។ បើមិនខ្លាចស្លាប់ ហេតុអ្វីត្រូវខ្លាចសេចក្តីពិត។ បើមិនខ្លាចស្លាប់ ហេតុអ្វីត្រូវខ្លាចប្រឡូកប្រឡាក់ភាពស្មោកគ្រោករបស់មនុស្សអាក្រក់ ហើយបើមិនខ្លាចស្លាប់គឺដាច់ខាតត្រូវស្វែងរកភាពត្រឹមត្រូវពិតប្រាកដឲ្យបាន។ នេះហើយដែលទ្រឹស្តីចិត្តវិញ្ញាណហៅថា ឈរឲ្យនឹងថ្កល់ បើទោះទៅដល់ទីណាក៏ដោយ ក៏ត្រូវតែស្ថិតនៅទីនេះជានិច្ច គឺស្ថិតនៅខាងភាពល្អត្រឹមត្រូវ ឬហៅថា Stand STILL។ ខ្ញុំប្រើពាក្យខ្ញុំ តែមិនមែនខ្ញុំទេ៕

Cr. ប្រតិទិនទស្សនៈ៣៦ថ្ងៃ

No comments:

Post a Comment