Thursday, June 27, 2019

អ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកជា



បើនិយាយពីជីវិត គឺគ្មានអ្វីទៀងទាត់ទាល់តែសោះ ដ្បិតសូម្បីតែសម្បកកាយកាលពីដប់ឆ្នាំមុន ក៏វាបានប្រែក្លាយផ្លាស់ប្តូរកាយថ្មីនៅថ្ងៃនេះដែរ។ នៅក្នុងរាងកាយមនុស្សយើងគ្រប់ៗគ្នា គឺគ្មានធម្មធាតុណាមួយដែលនៅនឹងថ្កល់នោះទេ (ច្បាប់រំញ័រ - The Law of Vibration)។ លើសពីនេះ ជីវិតយើងក៏ពុំអាចរស់នៅដដែលៗ គ្មានការផ្លាស់ប្តូរថ្មីដែរ។ រីឯចំពោះខ្ញុំវិញ ពីមុនខ្ញុំជាអ្នកស្រែ ហើយខ្ញុំបន្តដំណើរជីវិតជាអ្នកស្រែផង ព្រមទាំងធ្លាប់បម្រើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាលផង និងរហូតដល់ពេលនេះ អ្នកខ្លះចាត់ទុកខ្ញុំជាស្មេរ។ មួយជីវិតនេះ ខ្ញុំធុញទ្រាន់នឹងភាពដដែលៗ រហូតកំណត់ជីវិតនេះថាគួរតែប្រែប្រួលខ្លះៗ ដោយកុំដដែលៗ។ នេះជាច្បាប់សកលនៃជីវិត

នៅលើលោកយើងនេះ គ្មានអ្វីដែលមិនប្រែប្រួលទេ តែមានតែការប្រែប្រួលប៉ុណ្ណោះ ដែលមិនប្រួលប្រួលទៅណាសោះ។ ការផ្លាស់ប្តូរដ៏តូចមួយ វានឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយ។ នៅក្នុងអង្គភាពមួយ បើមិនចេះច្នៃ មិនចេះបត់ខ្លួនផ្លាស់ប្តូរឱ្យទាន់កាលៈទេសៈនិងរបត់ទេ គឺនឹងបរាជ័យ។ ការបរាជ័យក្នុងការប្រថុយប្រថានដើម្បីការផ្លាស់ប្តូរអ្វីមួយឱ្យល្អប្រសើរជាងមុន គឺវាប្រសើរជាងបរាជ័យដោយពុំបានធ្វើអ្វីសោះ។ សុភាសិតខ្មែរពោលថា កំហុស រមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើ បានអ្វីនឹងខុស។ ក្នុងបរិបទសង្គមដែលរីកចម្រើន គេបានឱ្យនិយមន័យ កំហុស ស្មើនឹង មេរៀន តែក្នុងបរិបទខ្មែរយើងវិញ បើខុស គឺខុសហើយ។ ទស្សនវិទូក្រិកបុរាណ សូក្រាត បានឱ្យកំណត់តម្លៃជីវិតដែលមានន័យថាជា ការពិសោធ។ នេះមានន័យថាមនុស្សរស់នៅត្រូវក្លាហានហ៊ានពិសោធលើជីវិតខ្លួនឯង កុំខ្លាច កុំកំសាក កុំចាំតែថាដោយមិនព្រមធ្វើ កុំចាំតែបន្ទោសអ្វីៗនៅខាងក្រៅខ្លួន ដោយមិនព្រមប្រឹងខ្លួនឯង។

យើងត្រូវប្រើជីវិតជាមួយនឹងសេចក្តីក្លាហានដ៏ត្រឹមត្រូវ ត្រូវកាលៈទេសៈ និងដឹងពេលវេលាត្រូវក្លាហាន។ បើកាលៈទេសៈមិនអំណោយផលសម្រាប់សេចក្តីក្លាហានរបស់យើងទេ គឺយើងត្រូវចេះលះបង់។ ការលះបង់ត្រូវឈរលើប្រយោជន៍រួម។ ត្រង់ចំណុចនេះ ខ្ញុំចង់ឆ្លុះបញ្ចាំងបន្តិចពីរឿងសង្គម។ សង្គមយើងសម្បូរអ្នកចេះដឹងណាស់ តែអ្នកខ្លះមិនសូវចេញមុខទេ។ អ្នកខ្លះទៀត បែរជាហ៊ាននិយាយពីបញ្ហាសង្គមរបស់ប្រទេសជិតខាង ប៉ុន្តែបែរជាខ្លាចរអារលាតត្រដាងនិយាយពាក្យពិតពីបញ្ហាសង្គមដែលខ្លួនកំពុងរស់នៅទៅវិញ ហើយមិនព្រមបើកវាំងននបង្ហាញការពិតឱ្យយុវជនរៀនគិតពីចំណុចខ្លាំងចំណុចខ្សោយរបស់សង្គមទេ។ អ្នកខ្លះទៀត គឺជាអ្នកបង្កាច់បង្ខូចសច្ចភាពសង្គមតែម្តង ដ្បិតនិយាយបាតដៃជាខ្នងដៃ និងខ្នងដៃជាបាតដៃ។ នេះជាវិបត្តិសង្គមបច្ចុប្បន្នមួយ ដែលក្នុងនាមជាយុវជនត្រូវដឹង ត្រូវឈ្វេងយល់ដោយខ្លួនឯង និងត្រូវរៀនធ្វើមនុស្សដែលចេះមើលឃើញចំណុចខ្មៅរបស់សង្គម ចំណុចភ្លឺរបស់សង្គម និងដំណោះស្រាយសម្រាប់សង្គមរីកចម្រើន។ល។ តើមួយណាល្អជាង រវាងភាពខ្លាចនិងភាពក្លាហាន?

អ្នកស្នេហាសច្ចភាព និងការពិត (សច្ចវិញ្ញូ) - Love of Truth គួរត្រូវចេះលះបង់ ប្រៀបដូចជាសូក្រាតលះបង់ខ្លួន សុខចិត្តស្លាប់ដើម្បីពង្រឹងច្បាប់ប្រទេសក្រិកអ៊ីចឹង។ ទស្សនវិទូក្រិក អារីស្តូត (Aristotle) ពោលថា សូមកុំកំសាករហូតដល់រត់គេចពីគ្រប់គ្រោះថ្នាក់ តែក៏សូមកុំក្លាហានរហូតដល់ធ្វើឱ្យយើងជួបគ្រោះថ្នាក់ដែរ។ ភាពក្លាហានដោយស្គាល់កាលៈទេសៈ គឺជាភាពឆ្លាតវៃមួយ។ ប៉ុន្តែបើរង់ចាំកាលៈទេសៈស័ក្ដិសម រង់ចាំហើយរង់ចាំទៀត នៅតែមិនទាន់ដល់កាលៈទេសៈស័ក្ដិសមទេ ហើយស្ថិតក្នុងសភាពចាំបាច់បំផុតនោះ គឺត្រូវការសេចក្តីក្លាហានប្រកបទៅដោយស្មារតីលះបង់ខ្ពស់ សង្គ្រោះប្រយោជន៍រួមមួយ។ កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប។ លើសពីនេះ ទ្រឹស្តីពុទ្ធនិយមក៏បានលើកឡើងដែរថា ភាពភ័យខ្លាចនឹងមិនមានដល់បុគ្គលដែលមានចិត្តមិនទទឹកជោគសើមដោយរាគៈឬទោសៈប្រទូសសារ៉ាយ ហើយក៏មិនមានដល់បុគ្គលដែលមានសតិដឹងនូវបុណ្យបាបនោះឡើយ ខ្ញុំសូមបកស្រាយនូវទ្រឹស្តីពុទ្ធនិយមដោយសង្កត់ធ្ងន់ទៅលើពាក្យ បុណ្យ និងពាក្យ បាប។ ត្រង់ចំណុចនេះ គឺចង់បង្ហាញពី ប្រយោជន៍ដែលត្រូវធ្វើ ហៅថាបុណ្យ ហើយការនៅស្ងៀមរង់ចាំស្លាប់ដោយមិនធ្វើអ្វីសោះ គឺហៅថា បាប។ នេះជាគុណធម៌បណ្ឌិតជន និងអ្នកចេះដឹង។

តាមទស្សនៈខ្ញុំ សេចក្តីក្លាហាន វាគឺជាគុណធម៌មួយ ហើយសេចក្តីក្លាហានប្រកបទៅដោយស្មារតីលះបង់ខ្ពស់ គឺជាឥរិយាបថវីរបុរស។ ខ្ញុំបានប្រឆាំងទស្សនៈរបស់ទស្សនវិទូបារាំង វ៉ុលទ័រ (Voltaire) ដែលលោកលើកឡើងថា សេចក្តីក្លាហាន គឺពុំមែនជាគុណធម៌ទេ។ នៅក្នុងកូនសៀវភៅតូចមួយដែលនិយាយអំពី មហាគុណធម៌ និងការប្រើប្រាស់ទស្សនវិជ្ជាសម្រាប់ជីវិតប្រចាំថ្ងៃ បានលើកឡើងថា ជនកំសាកមាននៅគ្រប់ទីកន្លែង ហើយអ្នកសម្តែងសេចក្តីក្លាហាន ក៏មាននៅគ្រប់ទីកន្លែងដូចគ្នាដែរ។ សង្គមនីយមួយៗតែងមានអ្នកខ្លាចនិងអ្នកហ៊ាន។ ភាពខុសគ្នារវាងអ្នកខ្លាចនិងអ្នកហ៊ាន គឺត្រង់ថាអ្នកហ៊ានចេះលាក់សេចក្តីភ័យខ្លាចទុកក្នុងខ្លួន (មិនបង្អើលអ្នកដទៃឱ្យខ្លាច)។ គំនិតនេះ វាក៏មិនខុសពីការយល់ឃើញរបស់មេដឹកនាំភូមា អ្នកស្រី អ៊ុងសាន ស៊ូជី ដែលថា នរណាដែលថាមិនចេះខ្លាចនោះ តែយើងត្រូវមានរបៀបគ្រប់គ្រងភាពភ័យខ្លាច និងត្រូវចេះលាក់ភាពភ័យខ្លាចទុក។ ពេលនិយាយពីរឿងបែបនេះ វាធ្វើឱ្យខ្ញុំនឹកឃើញនូវការសន្ទនាមួយរវាងខ្ញុំ និងអ៊ំប្រុសម្នាក់ដែលខ្ញុំគោរពបំផុត។

ថ្ងៃមួយខ្ញុំបានជូនសៀវភៅដែលជាស្នាដៃរបស់ខ្ញុំទៅគាត់ ហើយគាត់មានប្រសាសន៍ថា ក្មួយពូកែទាំងនៅវ័យក្មេង ហើយអ៊ំមិនចេះអ្វីទេ ព្រមទាំងគ្មានសមត្ថភាពអាចធ្វើបានដូចក្មួយឡើយ។ ពាក្យសម្តីនេះធ្ងន់ណាស់សម្រាប់ខ្ញុំ ហើយធ្វើឱ្យខ្ញុំអាក់អន់ចិត្តបន្តិច។ ខ្ញុំបណ្តោយឱ្យគាត់មានប្រសាសន៍រហូតដល់ចប់។ ក្រោយមក ខ្ញុំបានតបថា ជម្រាបប្រសាសន៍លោកអ៊ំ! ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំគោរពឱ្យតម្លៃមនុស្សចេះដឹងពីរប្រភេទ៖ មនុស្សចេះដឹងប្រភេទទី១. ចំណេះដឹងដែលបំពាក់នូវសីលធម៌និងគុណធម៌, និងទី២. ការយកចំណេះដឹងទៅសាបព្រោះឱ្យកើតជាផ្លែផ្កាសម្រាប់សង្គម (យកចំណេះដឹងទៅប្រើ)។ ខ្ញុំមិនមែនជាអ្នកចេះដឹងទេ តែខ្ញុំគ្រាន់តែជាអ្នកចែករំលែកប៉ុណ្ណោះ

[...] លោកអ៊ំជាអ្នកសិក្សាស៊ីជម្រៅម្នាក់ ហើយអ៊ំប្រហែលជាស្គាល់ទស្សនវិទូអន្យតិរ្ថិយនិយម - Nihilism [អានថា អន់-ដេរ-ថី], ហ្វ្រីឌ្រិច និហ្សឺ (Friedrich Nietzsche) ដែលជាបុគ្គលម្នាក់ពុំហ៊ានបោះពុម្ពសៀវភៅដែលខ្លួនបាននិពន្ធក្នុងពេលខ្លួនមានជីវិតរស់នៅ សុខចិត្តរក្សាសៀវភៅទុកនៅក្បាលដំណេក រហូតដល់ខ្លួនស្លាប់បាត់បង់ជីវិត ទើបមានប្អូនរបស់ខ្លួនសម្រេចបោះពុម្ពផ្សាយ។ ខ្ញុំយល់ច្បាស់ពីគំនិតនិងចេតនារបស់ទស្សនវិទូ នីហ្សឺ។ នីហ្សឺ គឺជាទស្សនវិទូម្នាក់ដែលមានគំនិតប្រឆាំងព្រះ និងមិនជឿថាមានអត្ថិភាពរបស់ព្រះ (Existence of God)។ ថ្វីត្បិតែនិហ្សឺ មិនមែនជាមនុស្សក្លាហាន តែនិហ្សឺមិនអាក្រក់ទេ។ អ្នកដែលគ្រោះថ្នាក់ជាងគេ គឺជាអ្នកដែលនិយាយពីរឿងសាសនានិងនយោបាយ។ អ្នកឆ្លាតដើរជាមួយនឹងទឹកសន្សើម តែអ្នកខ្លះត្រូវបង្ខំដើរជាមួយនឹងទឹកជំនន់ ដែលអាចនឹងជន់លិចខ្លួនគ្រប់ពេល។ ខ្ញុំសុំបញ្ចប់រឿងនេះត្រឹមតែប៉ុននេះ។ សូមពិចារណាតាមការគួរផងចុះ៕ 

រូបភាព៖ FBP

No comments:

Post a Comment