Thursday, June 6, 2019

មាគ៌ាសន្តិភាពផ្លូវចិត្ត



នៅពេលដែលខ្ញុំបិទភ្នែកដើម្បីពិនិត្យតាមដង្ហើមធម្មជាតិ ទើបខ្ញុំដឹងថា ចិត្តខ្ញុំសែនរញ៉េរញ៉ៃហួសពីការពណ៌នា។ អតីតកាលទាំងឡាយក៏ត្រូវបានចាប់ផ្ដើមគាស់កកាយឡើង។ ហើយមានអតីតកាលខ្លះជាសុខ អតីតកាលខ្លះជាទុក្ខ ឯអតីតកាលខ្លះទៀត វាជារឿងគួរឲ្យអស់សំណើចមែនទែន។ មានពេលខ្លះ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំទៅធ្វើរឿងបែបនេះ ឬបែបនោះ?

ពេលខ្លះ យើងគិតថា ការកសាងកំហុសគឺជាបទពិសោធជីវិត ដើម្បីកែប្រែជីវិតយើងឲ្យកាន់តែប្រសើរឡើង ប៉ុន្តែមានរឿងខ្លះទៀតដែលយើងបានសាងដោយខ្វះការពិចារណា វានឹងក្លាយទៅជាវិប្បដិសារីអស់មួយជីវិត។ សម្រាប់ខ្ញុំ ខ្ញុំយល់ថា វិធីល្អដែលអាចជួយឲ្យយើងកាត់បន្ថយនូវកំហុសយើងនោះគឺ ជាការសង្កេតមើលរចនាសម្ព័ន្ធកាយ និង ចិត្តជាប្រចាំ។ បើយើងចេះតែបន្តទម្លាប់របៀបនេះតទៅទៀត សន្តិភាពនឹងចាប់ផ្ដើមកើតមានឡើង។ ទន្ទឹមនឹងនេះ បើសិនជាយើងចាប់ផ្ដើមដុះពន្លកនៃសន្តិភាពហើយ សូមថែរក្សាវាឲ្យបានល្អ រហូតដល់វាបានចាក់ឫសយ៉ាងមាំ ដើម្បីជាប្រយោជន៍ដល់អ្នកទាំងឡាយ។

ជាចុងក្រោយ សូមឲ្យការខិតខំប្រឹងប្រែងទាំងឡាយស្ថិតនៅក្នុងចិត្តយុវជន និងមនុស្សគ្រប់រូប ហើយសូមឲ្យពួកគេរស់នៅជាមួយនឹងសីល សមាធិ និង បញ្ញា ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់។

ស្រលាញ់ដ៏បរិសុទ្ធគឺជាការលះបង់ដ៏ស្ងៀមស្ងាត់បំផុត ដោយគ្មានការរំពឹងអ្វីទាំងអស់

No comments:

Post a Comment