Saturday, August 24, 2019

ខំប្រឹងដើម្បីអ្វី?



មានមនុស្សជាច្រើន បានខំប្រឹងធ្វើការរហូតដល់ឈឺ ហើយមានពេលខ្លះទៀត ពួកគេមិនអាចយកលុយដែលរកបានយ៉ាងលំបាកនោះទៅព្យាបាលជំងឺពួកគេបានទេ ។ ដ្បិតមានលុយ តែមិនអាចទិញសុខភាព និងពេលវេលាបន្ថែមបាន ។ ដ្បិតសុខភាពកាន់តែយ៉ាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលខ្លះ ជំងឺបានលេបត្របាក់រាងកាយរបស់ពួកគេដោយស្ងៀមស្ងាត់ និងលឿនបំផុត ។ យើងគួររស់នៅក្នុងបច្ចុប្បន្នឲ្យបានល្អ មិនត្រឹមតែល្អទេ គឺដើម្បីបុព្វហេតុជីវិត និងមើលឃើញស្នាមញញឹមមនុស្សជុំវិញខ្លួនបានយូរបន្ដិច ។

យើងគួរខិតខំធ្វើការដើម្បីប្ដូរយកភាពវិជ្ជមាននៃជីវិត តែយើងពុំគួរធ្វើការដើម្បីប្ដូរយកជំងឺនោះទេ ។ យើងគួរខំប្រឹងដើម្បីជីវិតបានល្អប្រសើរ តែយើងមិនគួរខំប្រឹងរហូតធ្វើឲ្យខ្លួនឯងដួលទាំងវ័យក្មេងនោះឡើយ ។ ផែនដីនេះ ជីវិតនេះ មានភាពស្រស់បំព្រងជាច្រើនទៀតដែលយើងមិនទាន់បានឃើញ វាអាចជារឿងរីករាយរបស់មនុស្សជាទីស្រឡាញ់របស់យើងជាដើម ។

យើងមានពេល២៤ម៉ោងក្នុងមួយថ្ងៃស្មើៗគ្នា ប៉ុន្ដែពេលខ្លះយើងមិនបានប្រើវាឲ្យមានតម្លៃស្មើៗគ្នាបានទេ ។ មនុស្សខ្លះស្រឡាញ់សុខភាព ហើយមនុស្សខ្លះទៀតស្រឡាញ់លុយជាង ។ ហើយភាពខុសគ្នារបស់ពួកគេ គឺម្នាក់រស់នៅយ៉ាងល្អប្រសើរនិងរីករាយពេញមួយថ្ងៃ ចំណែកម្នាក់ទៀតបានឃុំឃាំងខ្លួនឯងក្នុងម៉ោងការងារ ។ ដ្បិតជីវិតត្រូវតែប្រឹងតស៊ូ តែមិនមែនតស៊ូដើម្បីគ្រែពេទ្យនោះទេ ។ ព្រះពុទ្ធ បានត្រាស់សម្ដែងថា " ការមានសុខភាពល្អប្រសើរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៃជីវិត "

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment