Saturday, August 24, 2019

រឿង ផ្ទះកសិករ និងផ្ទះអ្នកមានទ្រព្យ




“ [……] ក្នុងភូមិដាច់ស្រយាលមួយមានមនុស្សម្នាជាច្រើនរស់នៅ។ គ្រួសារខ្លះ គឺជាគ្រួសារកញ្ជះគេ។ គ្រួសារខ្លះ គឺជាកសិករ ចំណែកគ្រួសារខ្លះ គឺជាវណ្ណៈអភិជន មានទ្រព្យសម្បត្តិច្រើនហូរហៀរ។ ជារៀងរាល់ព្រឹក គ្រួសារនៃវណ្ណៈអភិជននោះ ចេះតែពុំសូវសប្បាយចិត្ត តប់ប្រមល់មិនមានមូលហេតុ។ ថ្ងៃមួយ មានគ្រូ ឥសីម្នាក់ធ្វើដំណើរឆ្លងកាត់នោះដោយឃើញសភាពបែបនោះ ក៏ផ្ដាំប្រាប់ម្ចាស់ផ្ទះអ្នកដែលមានទ្រព្យនោះថា ប្រសិនជាចង់បានសិរីសួស្ដី ត្រូវដាំផ្កា មានសួនច្បារ សួនបន្លែ ដើម្បីទាក់ទាញសត្វមេអំបៅ មានសត្វចាប សត្វព្រាប ពេលព្រឹកព្រលឹម។ នៅពេលឮដូច្នោះ ម្ចាស់ផ្ទះដែលមានទ្រព្យច្រើនឲ្យអ្នកបម្រើទាំងឡាយ ធ្វើជាលប ជាអន្ទាក់ ដើម្បីទាក់សត្វទាំងអស់នោះ។ ហើយឲ្យកូនក្មេងៗនៅភូមិដេញចាប់ សត្វមេអំបៅ កាន់តែច្រើនកាន់តែប្រសើរ។ ជារឿងចម្លែកពេលដែលចាប់បានហើយ សត្វទាំងនោះ ហើរគេចរត់ទៅវិញ ម្ដងបន្តិចៗ។ ផ្ទះអ្នកមានទ្រព្យនោះ រឹតតែតប់ប្រមល់លើសដើម។

ចំណែកផ្ទះកសិករវិញបានដាំបន្លែ ដាំផ្កា ហើយតែងឲ្យចំណីសត្វពេលព្រឹកជាប្រចាំ។ ពេលព្រឹកឡើង មានសត្វមេអំបៅ សត្វមាន់ សត្វចាប និងមានបក្សាបក្សីព្រៃជាច្រើន មកស៊ីជាប្រចាំ ក្លាយជាទម្លាប់។ រៀងរាល់ព្រឹក មានសំឡេងសត្វយំ មានខ្យល់ធម្មជាតិស្រស់ថ្លា មានមេអំបៅ។ នៅពេលដែលផលរបស់កសិករនោះ មានដង្កូវស៊ី មានល្អិត តែងមានសត្វចាប ជាច្រើនមកចឹកចេញ ហើយដំណាំមានផលច្រើនជាងឆ្នាំមុនៗ។ កសិករនោះគិតក្នុងចិត្តថា ភាពស្រស់ស្អាតភាពលេចធ្លោគួរដល់ចិត្តត្រេកត្រអាលជាពន់ពេក ប្រៀបបានដូចរូបភាពឆ្លុះបញ្ចាំងពីផ្នត់គំនិត។ បានន័យថា ប្រសិនជាចង់ទទួលបានអ្វីមួយ គួររៀនបើកចិត្តឲ្យទូលាយ និងធ្វើជាអ្នកផ្ដល់ឲ្យជាជាងការចាប់ចង។ ម្ចាស់ផ្ទះអ្នកមានចង់បានសត្វ ដាក់អន្ទាក់សត្វ។ ប៉ុន្តែកសិករវិញ ដាក់ជាចំណីដោយចិត្តស្អាតបាត។

ដ្បិតយើងគឺជាអ្នកបង្កើតអ្វីៗ ក៏ប៉ុន្តែក្ដីស្រឡាញ់វិញវាពិបាកបង្កើតខ្លាំងណាស់។ តើវាពិបាកយ៉ាងម៉េច? គឺវាពិបាកនឹងបើកបេះដូងព្រមទទួលស្គាល់អ្វីដែលខ្លួនមាន និងពិបាកផ្ទេរក្ដីស្រឡាញ់បរិសុទ្ធឲ្យមនុស្សជុំវិញយើងណាស់។ ខ្ញុំនិយាយចោលមួយឃ្លាចុះថា ប្រសិនជាចង់បានសេចក្ដីស្រឡាញ់បរិសុទ្ធ ចូលយើងសាករៀនធ្វើចិត្តថា អ្វីដែលយើងផ្ដល់ជូនអ្នកដទៃ គឺគ្មានបានអ្វីមកវិញទេ។ ហើយត្រូវចាំថា ខ្ញុំគ្មានបានអ្វីទាំងអស់ ពីការផ្ដល់ឲ្យនោះឡើយការទទួលបានផលតបស្នងពីសេចក្ដីស្រឡាញ់ គឺជាការមិនទទួលបានអ្វីសោះ [……] ”។ នេះគ្រាន់តែវិធីសាស្រ្ តនៃការរៀនតែប៉ុណ្ណោះ គ្មានពាក់ព័ន្ទសាសនាអ្វីមួយ)។
__
ប្រភពរូប៖ https://i.pinimg.com/originals

No comments:

Post a Comment