Thursday, August 22, 2019

ដាំសុចរិតក្នុងចិត្ត !!!



បុរាណខ្មែរប្រដៅថា "លួចគេបានវាគ្រាន់ តែបើគេទាន់វាក្រែល " លួចគេគេមិនដឹងវាបាន តែបើគេទាន់វាអាប់កិត្តិយស ថាមិនត្រូវគេអាចវ៉ៃប៉ោងម៉ាត់ ឬលើសពីនេះក៏ថាបាន "

កាលនៅកុមារភាព លោកតាខ្ញុំធ្លាប់ប្រដៅថា "កិត្តិយសសំខាន់ណាស់ កុំបំពានទ្រព្យសម្បត្ដិអ្នកដទៃ (កុំលួចគេ) " គាត់មិនឱ្យសុំអីពីគេទេ សូម្បីតែផ្លែឈើអ្នកស្រុកមួយផ្លែ បន្លែបង្ការមួយសម្ល ហើយវាក៏ជាទម្លាប់ដែលខ្ញុំប្រកាន់រហូតមក ។ គាត់សុខចិត្តបង្រៀនពួកខ្ញុំឱ្យដាំដំណាំ ចិញ្ចឹមសត្វ គាត់សុខចិត្ដឱ្យគេមកសុំពួកយើង ក៏មិនឱ្យយើងហារមាត់សុំគេដែរ ។ មានលុយសុខចិត្តទិញ ក៏មិនសុំ។ គាត់ថា " មនុស្សយើងកើតមកមានដៃជើងគឺដើម្បីរកស៊ីចិញ្ចឹមខ្លួនឯង ហើយបើរស់ពឹងតែអ្នកដទៃ វានឹងធ្វើឱ្យយើងក្លាយជាមនុស្សគ្មានការតស៊ូ ខូចពូជអម្បូរ គេដៀលត្មិះអាប់កិត្ដិយសគ្រួសារ " ។ ពីមុនខ្ញុំធ្លាប់គិតថាគាត់គិតបែបនេះចង្អៀតចង្អល់ពេកហើយ តែពេលនេះទើបខ្ញុំដឹងថា វាជាគុណតម្លៃជីវិត ។ គាត់ពុំគ្រាន់តែបង្រៀនយើងឱ្យចេះដាំបន្លែផ្លែឈើដោយខ្លួនឯងទេ គាត់នៅបង្រៀនឱ្យយើងចេះចិញ្ចឹមជីវិតដោយខ្លួនឯង ចេះរស់ពឹងកម្លាំងខ្លួនឯង ចេះសម្របខ្លួននឹងសង្គមមនុស្សបាន ។

យើងតែងតែថែរក្សាការពារទ្រព្យសម្បត្ដិដែលយើងមានដោយសេចក្ដីប្រុងប្រយ័ត្ន និងដោយក្ដីស្រឡាញ់ ។ ចំពោះអ្វីៗដែលយើងប្រឹងរកយកមកយ៉ាងលំបាក សុខៗក៏ត្រូវគេលួចទៅបាត់ងាយៗស្រួលៗ សួរថាអ្នកណាមិនឈឺចាប់ ទោះតិចតួច ឬច្រើនក៏ដោយវាក៏ជាកម្លាំងញើសឈាមដែរ ។ ប៉ុន្ដែបុគ្គលខ្វះការអប់រំមួយចំនួន ( លោភលន់ ) បែរជាលើកដៃយកទ្រព្យអ្នកដទៃដោយគ្មានញញើតទាល់តែសោះ ។ តើពួកគេមានបេះដូងទេ ? ប្រហែលជាខួរក្បាលពួកគេធ្វើពីដុំឈើទេដឹង ទើបហ៊ានបំពានដោយគ្មានកោតខ្លាចបែបនេះ ? តាមពិតយើងគ្រប់គ្នាពុំគួរធ្វើទង្វើណាដែលយើងមិនចង់ជួបទៅលើអ្នកដទៃឡើយ ព្រោះថាបើយើងជាគេ តើមានអារម្មណ៍បែបណា?

Cr. Sun Veasna

No comments:

Post a Comment