Monday, October 21, 2019

មនុស្សប្រុសឆ្លាតរើសប្រពន្ធល្អ



មនុស្សប្រុសដែលស្រឡាញ់ស្រីរកតែស្អាត ភាគច្រើនគឺជាព្រាននារី ។ មនុស្សប្រុសដែលចង់បានប្រពន្ធស្អាត ដើម្បីឱ្យញាតិសរសើរ ភាគច្រើនជាមនុស្សខ្សោយប្រាជ្ញា ។ មនុស្សប្រុសដែលស្រឡាញ់ស្រីរកអ្នកមាន ភាគច្រើនជាមនុស្សប្រុសទន់ជ្រាយ ។ មនុស្សប្រុសដែលស្រឡាញ់រកនារីល្អ ទើបជាមនុស្សប្រុសពេញលក្ខណៈ ។

ដ្បិតក្ដីស្រឡាញ់គឺមិនអាចកំណត់ថាស្រឡាញ់អ្នកណាក៏បាន ប៉ុន្ដែក្ដីស្រឡាញ់ដែលពុំបំពាក់នូវការពិចារណា គឺជាក្ដីស្រឡាញ់ដ៏ល្ងិតល្ងង់។ មិនថាខ្ញុំ មិនថាគេ សម្រាប់ភាពជាមនុស្សប្រុស គឺសុទ្ធតែចង់បានប្រពន្ធស្អាត ។ ប៉ុន្ដែប្រសិនបើគ្រាន់ចង់បានស្រីស្អាតមកធ្វើជាប្រពន្ធនោះ វាពុំមែនជារឿងពិបាកទេ អ្វីដែលពិបាកនោះគឺរកប្រពន្ធល្អម្នាក់ ដែលព្រមហែលឆ្លងព្យុះភ្លៀងជីវិត ឆ្លងកាត់លំបាកស្រណុកជាមួយគ្នា កម្សត់កម្រជាមួយគ្នា ទើបពិបាករក ។ ដ្បិតស្រីស្អាតមានច្រើន ហើយមនុស្សស្រីខ្លះយើងមិនអាចវាយតម្លៃត្រឹមសម្បកក្រៅបាន ។

ប្រពន្ធស្អាតគ្រាន់តែល្អមើល ប្រពន្ធល្អទើបអាចជួយដល់ប្ដីបាន ។ គេតែងតែនិយាយថា " នៅពីក្រោយភាពជោគជ័យរបស់មនុស្សប្រុស គឺមិនអាចខ្វះមនុស្សស្រីល្អម្នាក់បានទេ " ។ មនុស្សប្រុសមានសំណាង មិនមែនបានប្រពន្ធស្អាត ឬបានប្រពន្ធជាអ្នកមាននោះទេ តែគឺមនុស្សប្រុសដែលមានក្រសែភ្នែកសំណាង សម្លឹងចំនារីល្អ ។ នារីល្អ គង់នឹងក្លាយជាទីប្រឹក្សាផង ជាម្ដាយដ៏ល្អផង ជាអ្នកកិត្តិយសគ្រួសារផង ជាអត្ថន័យជីវិតរបស់ស្វាមីផង ។

អតីតប្រធានាធិបតីអាមេរិក " អាប្រាហាម លីន ខូន " ពោលថា " ជីវិតប្ដីប្រពន្ធ គឺប្រៀបដូចគោរពីរក្បាល អូសរទេះតែមួយ " ។ ប្ដីប្រពន្ធ បើមួយខ្សោយ មួយទៀតត្រូវចេះយោង ។ មួយអន់ មួយភ្លឺ ។ គឺមានន័យថា គោរពីក្បាលដែលអូសរទេសជាមួយគ្នា ត្រូវតែសាមគ្គីគ្នា ។ វាពុំមានរឿងចាញ់ឈ្នះឡើយ សម្រាប់គោរពីរក្បាលដែលកំពុងអូសរទេះតែមួយ ព្រោះបើបែកបាក់សាមគ្គី នឹងធ្វើឲ្យរទេះគ្រួសារមិនអាចធ្វើដំណើរទៅមុខប្រកបដោយសេចក្ដីសុខបានឡើយ ។ មនុស្សស្រី គឺជាចំណុចសំខាន់នៃការផ្លាស់ប្ដូររបស់មនុស្សប្រុស ។ ប៉ុន្ដែក៏មានកាលៈទេសៈខ្លះ មនុស្សប្រុសត្រូវចេះយោងភរិយាខ្លួនដែរ ។

ពាក្យបុរាណខ្មែរតែងប្រដៅថា " ធ្វើស្រែឱ្យមើលស្មៅ ទុកដាក់កូនចៅ ឱ្យមើលផៅសន្ដាន " ។ ន័យនេះចង់បង្ហាញថា ត្រូវប្រើក្រសែភ្នែកឱ្យបានត្រឹមត្រូវ សម្លឹងឱ្យចំមនុស្សល្អ ។ ប្ដីល្អខំប្រឹងធ្វើការ ឯភរិយាល្អត្រូវចេះទុកដាក់ ។ មានប្រពន្ធពូកែទុកដាក់ទោះបីជាក្រ ក៏គ្មានអ្វីត្រូវព្រួយ អាចមានសំណាងទទួលបានមនុស្សស្រីល្អម្នាក់ ទោះបីជាក្រក៏គង់តែចេះប្រឹង ។ ប៉ុន្ដែបើបានប្រពន្ធ កញ្ជើធ្លុះ នោះទើបជារឿងឈឺចាប់ខ្លោចផ្សាមួយរបស់មនុស្សប្រុស ។

សុភាសិតចិន មួយឃ្លាបានបង្រៀនថា " របស់ទិព្វក្នុងលោក វាមិនឋិតលើសំបកទេ " មនុស្សស្រីល្អ អាចមិនមែនជាស្រីស្អាត ប៉ុន្ដែបើនាងស្អាតចរិយា នាងនឹងស្អាតពេញមួយជីវិតរបស់នាង ។ បានប្រពន្ធស្អាត ញាតិសរសើរតែមួយពេល តែបើបានប្រពន្ធល្អ អ្នកនឹងមានសំណាងមួយជីវិត ។ ប្រពន្ធស្អាតគ្រាន់តែល្អមើល ប្រពន្ធល្អទើបជាកំណប់ទ្រព្យដ៏មានតម្លៃ

Cr. Sun Veasna

No comments:

Post a Comment