ពុំមានការចួបជុំណា
ដែលមិនបែកនោះទេ ។ ទោះបីយើងជាគ្រួសារបងប្អូនដំបូលតែមួយ
ចុងក្រោយយើងនៅតែបែកមានគ្រួសាររៀងខ្លួន ។ ទោះបីយើងជាមិត្តភក្ដិជិតស្និទ្ធ
រៀនជាមួយគ្នា ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ចុងក្រោយក៏នៅតែត្រូវព្រាត់បែក
ស្វែងរកគោលដៅជីវិតរៀងៗខ្លួន ។ ចុងបញ្ចប់នៃការចួបជុំ គឺសល់តែភាពអាលោះអាល័យ
អារម្មណ៍នឹងរឭក ហើយពេលវេលាដ៏រីករាយកាលពីមុន ក៏ចាប់ផ្ដើមរសាត់ទៅកាន់តែឆ្ងាយទៅៗ ឆ្ងាយរហូតដល់ដោយគ្មានថ្ងៃវិលវិញ
។
ដើមឈើដែលអាចជ្រក់ម្លប់បាននៅថ្ងៃនេះ
គឺវាត្រូវបានដាំដោយមនុស្សជំនាន់មុន ។ ពេលខ្លះយើងតែងតែមានអារម្មណ៍អរគុណដល់ពួកគេ
ដែលបានដាំដើមឈើដ៏ធំ និងផ្ដល់ម្លប់ត្រជាក់បែបនេះ ។ ដើមឈើនោះ គឺប្រៀបដូចជាការដូអនុស្សាវរីយមួយដែលមនុស្សជំនាន់មុនបន្សល់ទុកឲ្យដែរ។
អនុស្សាវរីយល្អៗដែលអាចចងចាំមកដល់ថ្ងៃនេះ
គឺវាត្រូវបានបង្កើតដោយដំណើរជីវិតរបស់យើងកាលពីមុន ។ ពេលខ្លះ
យើងតែងតែនិយាយក្នុងចិត្តថា អរគុណមនុស្សល្អៗកាលពីមុន
ដែលធ្លាប់ចូលមកក្នុងជីវិតយើង បង្កើតអនុស្សាវរីយល្អៗឡើងមក ។ ពេលខ្លះ
ផ្ទៃមុខដ៏ក្រៀមក្រំរបស់យើង ក៏អាចញញឹមបានដោយមិនដឹងខ្លួន ឬស្រក់ទឹកភ្នែក
ពេលនឹកឃើញរឿងកាលពីមុន ។
អតីតមិនអាចវិលវិញបាន
ប៉ុន្ដែពេលខ្លះអតីតកាលក៏ជាកម្លាំងចិត្តជំរុញយើងឲ្យទៅមុខទៀតដែរ ។
ខួរក្បាលគ្មានប៊ូតុងលុបទេ មិនថាល្អអាក្រក់ វាជាការចងចាំ ។
រឿងល្អៗដែលយើងឧស្សាហ៍រម្លឹក គឺប្រៀបដូចសួនផ្កាដែលយើងបានដាំក្នុងចិត្ត ។ មិនថារឿងកន្លងទៅល្អឬអាក្រក់ប៉ុនណា
ចុងក្រោយវានឹងកប់ទៅជាមួយយើងនៅថ្ងៃណាមួយ ។ អតីតជារឿងកន្លងហួស រម្លឹកម្ដងៗបានហើយ
ព្រោះយើងមិនអាចវិលទៅរស់នៅទីនោះម្ដងទៀតទេ ។ ទុកកំហុសជាមេរៀន ទុករឿងល្អជាអនុស្សាវរីយ
។ ម្សិលមិញជាថ្ងៃនេះ ស្អែកក៏ជាថ្ងៃនេះ ចំណែកថ្ងៃនេះគឺជាពេលនេះ ត្រូវរស់ថ្ងៃនេះឲ្យបានល្អ៕
Cr. ប្រាជ្ញាជីវិត
No comments:
Post a Comment