Tuesday, October 15, 2019

បើយើងនៅតែទៅមុខ



យើងគ្មានសិទ្ធិកំណត់ការយល់ឃើញរបស់នរណាម្នាក់ ចំពោះយើងបានទេ ព្រោះចិត្តមនុស្សគឺប្រែប្រួលជានិច្ច ។ យើងគ្មានសិទ្ធិហាមរឿងមិនល្អមិនឲ្យកើតឡើងក្នុងជីវិតបានទេ ព្រោះជីវិតគឺជាការធ្វើដំណើរ ។ គ្មានដំណើរណាដែលមិនមានឧបសគ្គទេ ព្រោះផ្លូវខ្លះមានជង្ហុកមានបន្លា សកម្មភាពជីវិតក៏ដូចគ្នា ។ ដំណើរនៃជីវិត ពិតជាមិនខុសពីវិថីដែលយើងធ្លាប់ដើរទេ ។ យើងមិនអាចទាមទារឲ្យផ្លូវដែលយើងដើរ ត្រូវតែត្រង់ភ្លឹងតាមចិត្តរបស់យើងបានឡើយ ហើយរឹតតែមិនអាចទាមទារឲ្យគ្រប់ផ្លូវត្រូវតែគ្មានជង្ហុក គ្មានបន្លា គ្មានឧបសគ្គបាននោះដែរ ។

ជីវិតមានរឿងតែមួយទេ ដែលយើងត្រូវដឹង នោះគឺដឹងថា " មានរឿងខ្លះ យើងមិនអាចគ្រប់គ្រងបានទេ " ។ ផ្លូវដើរមានកន្លែងខ្លះមានទេសភាពស្អាតៗ ហើយកន្លែងខ្លះមានទិដ្ឋភាពមិនល្អ ប៉ុន្ដែបើយើងនៅតែដើរ នោះយើងនឹងទៅមុខជានិច្ច ។ ពេលខ្លះដោយសារតែយើងភ្លេចទេសភាពស្អាតៗដែលយើងធ្លាប់ចួប ទើបធ្វើឲ្យពេលដែលចួបទិដ្ឋភាពមិនស្អាត ប្រែក្លាយជាស្អប់ខ្ពើមដំណើរជីវិតខ្លួនឯង ។ ផ្លូវជីវិត បើយើងនៅតែដើរ យើងនៅតែជួបទិដ្ឋភាពថ្មីៗជានិច្ច ហើយទន្ទឹមនឹងបញ្ហាថ្មីៗ យើងក៏នឹងអាចចួបរឿងល្អៗថ្មីៗបន្ដទៀតផងដែរ គ្រាន់តែពេលខ្លះយើងទៅមិនទាន់ដល់ ។ គ្រាន់តែពេលខ្លះតម្រូវឲ្យយើងលះបង់សេចក្ដីសុខបច្ចុប្បន្ននេះខ្លះ ។ មនុស្សខ្លាំង ទោះបីគ្មានកម្លាំងក៏នៅតែវារទៅមុខ ។ មនុស្សខ្លាំងសុខចិត្តហូរញឹស ក៏មិនហូរទឹកភ្នែក ។ មនុស្សខ្លាំង ទោះគ្មានគ្រប់យ៉ាងក៏មិនបោះបង់ខ្លួនឯងចោល ។

ញញឹមដាក់ខ្លួនឯង បើគ្មាននរណាញញឹមដាក់អ្នក ។ លើកទឹកចិត្តខ្លួនឯង បើគ្មាននរណាគាំទ្រអ្នក ។ ជឿជាក់លើខ្លួនឯង ទោះបីគ្មាននរណាជឿលើសមត្ថភាពរបស់អ្នក ។ អ្នកអាចភ្លេចគ្រប់យ៉ាង មានតែរឿងមួយទេដែលអ្នកត្រូវចាំ នោះគឺ ចាំថា" អ្នកជាវិស្វករជីវិតខ្លួនឯង " ជីវិតអ្នកមានសោភ័ណភាពបែបណា មានគុណភាពបែបណា គឺឋិតលើខ្លួនអ្នកជាអ្នករចនាម៉ូត និងសាងសង់ដោយខ្លួនឯង មិនមែនព្រហ្មលិខិត ក៏គ្មានទេវតាណាមកកំណត់ជំនួសអ្នកដែរ ។

ទេវតាមិនជួយមនុស្សទន់ខ្សោយទេ ប៉ុន្ដែទេវតានឹងជួយមនុស្សណាដែលចេះប្រឹង ។ បង្កើតរឿងល្អឲ្យបានច្រើន នោះអ្នកនឹងរកឃើញសួនផ្កាដ៏ស្រស់ស្អាតលើវិថីជីវិតរបស់អ្នក ព្រោះរឿងល្អគឺជាការចងចាំដ៏ល្អ ការចងចាំល្អនឹងធ្វើឲ្យអ្នកចេះញញឹម ស្នាមញញឹមនោះហើយ គឺជាសួនផ្កាលើវិថីជីវិតរបស់អ្នក ។ ទោះបីពេលវេលាដឹកដៃអ្នកទៅកាន់តែឆ្ងាយ ក៏ស្នាមញញឹមដែលអ្នកធ្លាប់សាង នៅតែធ្វើដំណើរទៅអនាគតជាមួយអ្នក ដើម្បីជាអតីតកាលដ៏ល្អមួយនៃជីវិតរបស់អ្នក ៕

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment