Wednesday, October 9, 2019

នៅពេលដែលយើងឈប់ខ្វល់ពីការគិតរបស់អ្នកដទៃ



អារីស្តូត (ទស្សនវិទូ និងអ្នកវិទ្យាសាស្រ្តជនជាតិក្រិច)ធ្លាប់អះអាងថា " មានវិធីតែម្យ៉ាងគត់ដើម្បីជៀសវាងពីការរិះគន់ គឺកុំធ្វើអ្វីទាំងអស់ កុំនិយាយអ្វីទាំងអស់ ហើយក៏កុំចាប់ផ្តើមធ្វើអ្វីទាំងអស់ " តើហេតុអ្វីបានជាគាត់និយាយបែបនេះ ? នោះក៏ព្រោះតែគាត់ដឹងថា ដរាបណាមនុស្សនៅតែមានសកម្មភាពលើអ្វីមួយដែលគេធ្វើ ការរិះគន់នឹងធ្វើដំណើរជាមួយសកម្មភាពនោះជានិច្ច ។ ពេលអ្នកចង់ធ្វើអ្វីដែលប្លែកពីអ្វីដែលមនុស្សជុំវិញខ្លួនអ្នកកំពុងយល់ឃើញ គេនឹងថាអ្នកជាមនុស្សស្រមើស្រមៃផ្ដេសផ្ដាស ។ ពេលការងារអ្នកមិនទាន់មានផ្លែផ្កា គេនឹងថាអ្នកជាមនុស្សឥតប្រយោជន៍ ។ ពេលការរងារអ្នកបរាជ័យ គេនឹងថាអ្នកជាមនុស្សឥតប្រយោជន៍ពិតមែន ។ ពេលដែលអ្នកជួបបញ្ហាម្ដងហើយម្ដងទៀត ហើយអ្នកនៅតែប្រឹងហើយប្រឹងទៀត គេនឹងថាអ្នកជាមនុស្សល្ងង់កែមិនឡើង ប៉ុន្ដែនៅថ្ងៃណាមួយដែលអ្នកដើរដល់គោលដៅ អ្នកជោគជ័យ គេនឹងទុកអ្នកជាវិរៈបុរស ហើយដណ្ដើមគ្នាឱបដៃឱបជើងរបស់អ្នក ។

កុំរវល់តែខ្វល់ពីអ្នកដទៃរហូតភ្លេចខ្វល់ពីខ្លួនឯងកុំរវល់តែខ្វល់ពីការគិតរបស់គេ រហូតបាត់បង់សេរីភាពនៃគំនិតខ្លួនឯង ។ កុំរវល់តែដើម្បីមាត់អ្នកដទៃ ហើយប្រើជីវិតបញ្ច្រាស់ចំណូលចិត្តខ្លួនឯង ។ យើងគឺជាគ្រប់យ៉ាងនៃខ្លួនឯង បើមិនស្រឡាញ់ខ្លួនឯង តើរស់នៅដើម្បីអ្វី? បើមិនអាចធ្វើអ្វីដើម្បីខ្លួនឯង តើជីវិតមានតម្លៃត្រង់ណា? ហេតុអ្វីត្រូវខ្វល់ពីការយល់ឃើញរបស់អ្នកដទៃច្រើនម៉្លេះ ?

យើងមិនបាច់អាត្មានិយមទេ យើងគ្រាន់តែស្វែងរកក្ដីសុខខ្លះសម្រាប់ខ្លួនឯង គឺគ្មានទោសឡើយ ។ យើងមិនចាំបាច់រឹងទទឹងទេ យើងគ្រាន់តែថ្លឹងការយល់ឃើញរបស់អ្នកដទៃមកលើយើង ជាមួយសច្ចភាព គឺគ្មានទោសទេ ។ ប៉ុន្ដែយើងនឹងក្លាយជាអ្នកទោសនៃជីវិតខ្លួនឯង នៅពេលដែលយើងដាក់ទោសខ្លួនឯងឲ្យធ្វើអ្វីតម្រូវមាត់អ្នកដទៃគ្រប់ពេល ។ សុភមង្គល និងសេចក្ដីសុខជាកម្មសិទ្ធិរបស់យើង ហើយវាតែងកើតឡើងនៅពេលដែលយើងចេះរក្សាភាពជាខ្លួនឯង រស់ជាយើងពិតប្រាកដ ។ ធ្វើអ្វីក៏ធ្វើចុះ ឲ្យតែចិត្តយល់ថារីករាយ ។ ធ្វើអ្វីក៏ធ្វើចុះឱ្យតែស្របនឹងគុណតម្លៃនៃភាពជាមនុស្ស ។ កុំឲ្យតែប៉ះពាល់គេ វាជាគុណសម្បត្តិដ៏ធំបំផុតហើយ ៕

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment