Wednesday, October 9, 2019

អង្គុយសួរ​



ពេល​អង្គុយ​មើល​ពពក​នៅ​លើកំពូល​ភ្នំ​ខ្ពស់​ គឺ​ចិត្ត​ខ្ញុំ​ចេះតែ​សួរ​ខ្លួនឯង​ថា​ អ្នក​ដែល​កំពុង​រងទុក្ខ​ ជា​ពិ​សេស​ទុក្ខ​ផ្លូវចិត្ត​ តើ​អាច​រស់​ផុត​ពី​រឿង​នេះ​បាន​ដែរ​ឬទេ​?” ខ្ញុំ​អង្គុយ​បណ្តើរ​ បណ្តែត​គំនិត​បណ្តើរ​ រហូតដល់​ចេញ​ជា​សំណួរ​បន្ត​ទៀត​ថា​ ទឹកដី​ព្រៃ​ព្រឹក្សា​ទាំងនេះ​ តើ​អ្នកណា​មាន​តួនាទី​ជា​អ្នកថែរក្សា​?” ទើប​ភ្ញាក់​ពី​ដំណេក​ក្បែរ​ព្រៃ​ ទាំង​ព្រឹក​ព្រហាម​ស្រាង​ៗ ពពក​ខាប់​ចុះអ័ព្ទ​មើល​អ្វី​មិនឃើញ​ តែ​ខួរក្បាល​ខ្ញុំ​នឹកឃើញ​រឿងរ៉ាវ​នា​ម៉ោង២យប់​កណ្តាល​អធ្រាត្រ​ទៅវិញ។

កណ្តាល​អធ្រាត្រ​ ខ្យល់​ត្រជាក់​បក់​មក​ល្វើយ​ៗ ស្លឹកឈើ​លាន់ឮ​សូរ​ដូ​ចម្រៀង​ ស្រប​ពេល​ដំណក់ទឹក​សន្សើម​ស្រដៀង​ភ្លៀង​ធ្លាក់​តក់ៗ​ពី​ខាងលើ​។ ខ្ញុំ​កំពុងតែ​លង់លក់​នឹង​ដំណេក​ដូច​មនុស្ស​ស្លាប់​ ក៏​ស្រាប់តែ​មាន​អ្វី​ម្យ៉ាង​សុំកន្លែង​ជ្រក​ បើកទ្វារ​ចូល​មក​កន្លែង​ដំណេក​ខ្ញុំ​ ដូច​លំនៅ​ខ្លួនឯង​ទាំង​អធ្រាត្រ​យប់​ស្ងាត់​។ ខ្ញុំ​ដេកមិន​ចង់លក់ នៅរហូត​ដល់ម៉ោង​ជិត៤ទាប​ភ្លឺ​។ ព្រៃភ្នំ​ព្រឹក្សា​មាន​អ្នក​ថែ​ តែ​ខ្លះ​បែរ​ជា​ពាល់​មិន​ត្រូវ​ ទោះ​ដើរតាម​ផ្លូវជួប​គ្នា​ មើល​មិនឃើញ​។ រី​ចំពោះ​សង្គម​ ក៏​មាន​អ្នកថែរក្សា​ដែរ​។ តើ​អ្នកណា​ជា​អ្នក​ថែ​សង្គម​?

ខ្ញុំ​ក៏​បន្ត​សួរ​ខ្លួនឯង​ថា​ តើ​ពេលណា​យុវជន​ដើរ​ផុត​ពី​រឿង​ទុក្ខសោក​ខ្លួនឯង​ ត្រឡប់​មក​គិត​ប្រឹងប្រែង​ថែរក្សា​សង្គម​វិញ​? តើ​ពេលណា​យើង​ស្គាល់​ខ្លួនឯង​ មិន​វង្វេង​ឱ្យ​គេ​ពង្វក់​? តើ​ពេលណា​ចិត្ត​លែង​ក្លាយទៅជា​មនុស្ស​រវល់​ចង​រវល់​ស្រាយ​? តើ​ពេលណា​យើង​ចេះ​ស្តាយ​នូវ​អ្វី​ៗដែល​ដូនតា​បាន​ប្រឹងប្រែង​បន្សល់ទុក​ឱ្យ​?” កូន​ដែល​កើត​ចេញពី​ផ្ទៃ​ម្តាយ​ តែ​មិនដឹង​គុណ​ម្តាយ​។ រស់នៅ​ក្បែរ​ម្តាយ​ តែរ​សាត់​ឆ្ងាយ​ពី​ភាព​កតញ្ញុតា​ ប្រៀប​ដូចជា​មនុស្ស​ដែល​កើត​ចេញពី​សង្គម​ តែ​មិនដឹង​ថា​សង្គម​មានគុណ​ចំពោះខ្លួន​។ ដល់ពេល​វេលា​លាគ្នា​ ខ្ញុំ​ដើរទៅ​ព្រៃ​ម្ខាង​ បិទ​ភ្នែក​ផ្ចង់​ចិត្ត​ ប្រាប់​ទៅ​មិត្ត​យប់មិញ​ថា​ លាហើយ​ ហើយ​ជួបគ្នា​ពេលក្រោយ​ទៀត​។ ថ្ងៃក្រោយ​ទៅ​ បើ​ខ្ញុំ​នៅតែ​ជា​ខ្ញុំ​ ហើយ​ខ្ញុំ​បាន​ឱកាស​មក​ទីនេះ​ម្តង​ទៀត​ យើង​នឹងអាច​ជួបគ្នា​នា​រាត្រី​ស្ងាត់​ម្តង​ទៀត​។ ប៉ុន្តែ​ បើ​ខ្ញុំ​វង្វេង​ ឃ្លាត​សច្ចៈ​ មានចិត្ត​វក់វី​លែង​បរិសុទ្ធ​ គឺ​គ្មាន​ថ្ងៃ​ឡើយ​ដែល​យើង​ជួបគ្នា​ម្តង​ទៀត​

Cr. Lam Lim


No comments:

Post a Comment